ឱសថ​ក្លែង​ក្លាយ និង​ក្រម​សីល​ធម៌​របស់​គ្រូ​ពេទ្យ​នៅ​កម្ពុជា​

បច្ចុប្បន្ន​ ឱសថ​ក្លែង​ក្លាយ និង​ឱសថ​ខូចគុណ​ភាព​ជា​ច្រើន កំពុង​ចោទ​ជា​បញ្ហា​យ៉ាង​ស្មុគ​ស្មាញ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ពិសេស​ប្រទេស​កម្ពុជា។ ជា​រៀង​រាល់​ឆ្នាំ ថវិកា​និង​ជីវិត​មនុស្ស​ជា​ច្រើន ត្រូវ​បាន​បាត់​បង់​ដោយ​សារ​ឱសថ​ក្លែង​ក្លាយ អន់​គុណ​ភាព​ និង​សេវា​សុខា​ភិបាល​ខុស​ច្បាប់។​

រូបភាពគេហទំព័រសុខភាពយើង

កាល​ពី​ពេល​ន្លង​ទៅ​ថ្មីៗ​នេះ លោក​ស្រី ទូច សារ៉ុម អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​លុប​បំបាត់​ឱស​ថក្លែង​ក្លាយ​ថ្នាក់​រាជ​ធានី​នៅ​សាលា​រាជធានី​ភ្នំពេញ​ថា​ ក្នុ​ង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ឱសថ​ក្លែង​ក្លាយ សេវា​ឯក​ជន និង​ការ​ពង្រឹង​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ជា​គ្រូ​ពេទ្យ​ ឲ្យ​មាន​តម្លា​ភាព​និង​ប្រសិទ្ធិ​ភាព ទាម​ទារ​ឲ្យ​បុគ្គល​ទាំង​នោះ មាន​មន​សិកា​ស្វែង​យល់​ពី​ច្បាប់ និង​តួនាទី​របស់​ខ្លួន​ជា​មុន​សិន។​ ហើយ​ការ​អនុវត្ត​និតី​វិធី​ច្បាប់​គ្រប់​គ្រង ការ​ពិន័យ និង​ការ​ដាក់​បន្ថែម​ទម្ងន់​ទោស ដល់​ជន​ប្រព្រឹត្ត​បទ​ល្មើស​ ប្រព្រឹត្ត​ខុស​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ក៏​ជា​គន្លឹះ​នៃ​ការ​លុប​បំបាត់​ភាព​អសកម្ម​នានា​ផង​ដែរ។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័​រសារព័ត៌​មាន​សាលា​រាជ​ធានី​ភ្នំពេញ។​

លោក​ស្រី ទូច សារ៉ុម ក៏​បាន​ស្នើ​ឱ្យ​មន្ត្រី​មន្ទីរ​ជំនាញ សហ​ការ​ជាមួយ​អាជ្ញា​ធរ អង្គ​ភាព​ពាក់​ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ខិត​បន្ថែម​ទៀត​តាម​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ លើ​ភារ​កិច្ច​ដែល​បាន​បែង​ចែក ដើម្បី​ធានា​ឱ្យ​បាន​ការ​លុប​បំបាត់​ទាំង​ស្រុង​ នូវ​ការ​ចរាចរ​ឱសថ​ក្លែង​ក្លាយ​ខូច​គុណ​ភាព ក៏​ដូច​ជា​ផលិត​ផល​គ្រឿង​សំអាង​ក្លែង​ក្លាយ​ដែល​កំពុង ប៉ះ​ ពាល់​ដល់​សុខុមាល​ភាព​ប្រជាពល​រដ្ឋ​យើង។ លោក​ស្រី​បាន​លើក​ឡើង​ថា៖ “វិស័យ​សុខា​ភិបាល​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ជាតិ​ដោយ ផ្សារ​ភ្ជាប់ នឹង​ជីវិត​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​គ្រប់​រូប​ ដោយ​ពុំ​អាច​ខ្វះបា​នដូ​ច្នេះគ្រូ​ពេទ្យ​មិន​ត្រូវ​គិត​តែ​ពី​ចំណូល នឹង​ផល​ចំណេញ​ពេក​នោះ​ទេ គឺ​ត្រូវ​គិត​ពី​ភារកិច្ច​របស់​ខ្លួន​ជាអ្ន​កសង្គ្រោះ​ផង​ ហើយ​រាល់​ព័ត៌មាន​រិះ​គន់ វា​ជា​សញ្ញាណមួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឱ្យ​ស្រប​នឹង​ទំនុក​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ ក៏​ដូច​ជា​ថ្នាក់​ក្រសួង​ និង​ប្រមុខ​ដឹក​នាំ​ផ្តល់​ភារ​កិច្ច​ជូន”។​

លោក ចាន់ អាន អនុ​ប្រធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នៅ​រាជ​ធានី​ភ្នំពេញ មាន​ឱសថ​ស្ថាន​ ចំនួន​៤៥៦​កន្លែង ឱសថ​ស្ថាន​រង “ក” ៥៨​កន្លែង ឱសថ​ស្ថាន​រង “ខ” ១០០​កន្លែង សរុប​ទាំង​អស់​៦១៤ កន្លែង​ ហើយ​ពុំ​មាន​ឱសថ​ស្ថាន​ណា​មួយ ដែល​គ្មាន​ច្បាប់ អនុញ្ញ​តឡើយ។ នៅ​ក្នុង​នោះ​មន្ទីរ​បាន​អនុវត្ត​ការ​ងារ​ចុះណែ​នាំ​ និង​លុប​បំបាត់​ឱសថ​ស្ថាន គ្មាន​ច្បាប់​អនុញ្ញាត និង​មាន​ការ​បញ្ឍប់​ទីតាំង​​មួយ​ចំនួន​មក​ហើយ។​

គួរ​បញ្ជាក់​ថា បញ្ហា​ឱសថ​ក្លែង​ក្លាយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់ រាជ​រដ្ឋា​ភិបាល​និង​ស្ថាប័ន​ដែល​ជាប់​ពាក់​ព័ន្ធ​មួយ​ចំនួន​ ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​លុប​បំបាត់​បន្ថែម ទៅ​តាម​វិធាន​ការ​ជា​ច្រើន​ក្នុងការ​ទប់​ស្កាត់​នូវ​ការ​នាំចូល​ឱសថ​ក្លែង​ក្លាយ​ និង​ខូច​គុណ​ភាព​ទាំង​អស់​ដែល​មាន​នៅក្នុ​ងប្រទេស​កម្ពុជា៕

អត្ថបទដោយ‍‍ ៖​ សៀង វិរៈ
ចេញផ្សាយ​ ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២​

Google Analytics Alternative