ជម្ងឺ​ភ្នែក​ស្ងួត

កែវភ្នែក​ប្រៀប​ដូចជា​ពេជ្រ​មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា ដែលត្រូវ​យកចិត្ដ​ទុកដាក់​ថែរក្សា​ឱ្យបាន​ល្អ។ មាន​បញ្ហា​ជា ច្រើន​ដែល​ស្ថិតនៅ​ជុំវិញ​ខ្លួនយើង ងាយនឹង​បង្កឱ្យ​មាន​បញ្ហា​ដល់ភ្នែក ដូចជា​ខ្យល់ កម្ដៅ​ថ្ងៃ ផ្សែង ធូលីដី​ជាដើម។ ភ្នែក​ស្ងួតជា បញ្ហា​មួយ​ដែល​បង្កឡើង​ដោយ​មូលហេតុ​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​បរិយាកាស និង​សុខភាព។ មនុស្ស​មួយ​ចំនួន​ផលិត​ទឹកភ្នែក​មិន បាន​គ្រប់គ្រាន់​សម្រាប់​កែវភ្នែក នាំឱ្យ​ភ្នែកស្ងួត​ដែល​បណ្ដាល​ឱ្យកើត​ជម្ងឺ​ភ្នែកស្ងួត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ពីជម្ងឺ​ភ្នែកស្ងួត​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស ជាមួយ​លោក​វេជ្ជបណ្ឌិត ដោ សីហា ឯកទេស​ផ្នែក​ជម្ងឺ​ភ្នែក​នៃមន្ទីរ​ពេទ្យ​ព្រះអង្គឌួង។

ជម្ងឺភ្នែក​ស្ងួត​ជាអ្វី?

ជម្ងឺ​ភ្នែកស្ងួត​តែងតែ​កើតមាន​ចំពោះ​មនុស្ស​គ្រប់វ័យ​ទាំង​ក្មេងចាស់​ប្រុសស្រី ប៉ុន្ដែ​ភាគច្រើន​យើង​សង្កេត​ឃើញមាន​កើតចំពោះ​មនុស្ស​ស្រី​វ័យ​ចំណាស់​ដែល​បន្ទាប់ពី​អស់រដូវ ជាង​មនុស្ស​វ័យ​ដទៃ​ទៀត។ ជម្ងឺនេះ​ចែកចេញ​ជា​ដំណាក់​កាលស្រាល និង​ដំណាក់ កាលធ្ងន់ ដែល​បណ្ដាល​មកពី​មូលហេតុ​មួយចំនួន។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​ភ្នែកស្ងួត

ទឹកភ្នែក​បាន​ផលិត​ដោយ​ក្រពេញ​ទឹកភ្នែក​សំខាន់​ពីរ គឺមួយ​ជារន្ធ​ដែល​បញ្ចេញ​ទឹកភ្នែក​ដោយ​សន្សឹមៗ និងរន្ធ​មួយទៀត បញ្ចេញ​មកក្នុង​បរិមាណ​ច្រើន​នៅពេល​មាន​អារម្មណ៍​ខឹង ឬ​រំជួលចិត្ដ។ ជម្ងឺ​ភ្នែកស្ងួត​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន។

1 . កត្ដា​បរិស្ថាន ៖ លោកអ្នក​ដែល​ធ្វើការ​នៅក្នុង​កន្លែង​ដែលមាន​សំណើម​ទាប ដូចជា​ក្នុង​បន្ទប់​ដែលមាន​ម៉ាស៊ីន​ត្រជាក់ បើក​រហូត គឺងាយ​ធ្វើឱ្យ​រំហួត​កើនឡើង​ដែល​បណ្ដាល​ឱ្យ​ស្ងួតភ្នែក។ កម្ដៅ​ថ្ងៃ ខ្យល់ ផ្សែង ធូលីដី ក៏ជា​បញ្ហា​ដែល​ធ្វើឱ្យ​ភ្នែក​ស្ងួតផងដែរ។

2 . ថ្នាំមួយ​ចំនួន ៖ ជម្ងឺ​ភ្នែកស្ងួត​ក៏អាច​បណ្ដាល​មកពី​ការ​ប្រើប្រាស់​ថ្នាំមួយ​ចំនួន ដូចជា​ថ្នាំ​ផ្ដាសាយ ថ្នាំជម្ងឺ​បេះដូង លើសឈាម ថ្នាំ​បន្ថយ​ការ​ឈឺចាប់ និងថ្នាំ​ងុយគេង​ជាដើម។ ការ​ទទួលទាន​ដំណេក​មិន​គ្រប់គ្រាន់​ក៏អាច​បណ្ដាល​ឱ្យមាន​ជម្ងឺ​ស្ងួតភ្នែក​ទៀតផង។

3 . បញ្ហា​ជម្ងឺ​ទូទៅ ៖ អ្នកជម្ងឺ​ដែលមាន​ជម្ងឺឈឺ​សន្លាក់​ដៃជើង គឺក្រៅ​ពីការ​ឈឺសន្លាក់​ហើយ​ក៏​បណ្ដាល​ឱ្យមាន​ការស្ងួត​មាត់ផង និង​ភ្នែក​ផង។

រោគ​សញ្ញា និងការ​ធ្វើរោគ​វិនិច្ឆ័យ

អ្នកដែល​មាន​ជម្ងឺ​ស្ងួតភ្នែក​មាន​អាការ​ដូចជា​ក្ដៅ​គ្រាប់ភ្នែក មាន​អារម្មណ៍​មាន​កម្ទេច​ដីក្នុង​ភ្នែក មាន​អារម្មណ៍​ចាញ់​ពន្លឺ ហៀរ​ទឹកភ្នែក​ញឹកញាប់ រោយភ្នែក ស្រវាំង​ភ្នែក ចុកក្នុង​ភ្នែក និង​ក្រហម​ភ្នែក។ ទាំំងអស់​នេះគឺ​ជារោគ​សញ្ញា​ដែល​បញ្ជាក់​ពីជម្ងឺ​ភ្នែកស្ងួត។ ចំពោះ​ការធ្វើ​រោគ​វិនិច្ឆ័យ​ជម្ងឺនេះ​គ្រូពេទ្យ​ព្យាបាល​អាចដឹង​ថា ជម្ងឺ​ភ្នែកស្ងួត​ស្ថិតនៅ​កម្រិត​ណា គឺដោយ​សារការ​ពិនិត្យ​នឹង ឧបករណ៍​វាស់​ទឹកភ្នែក​ឱ្យដឹង​ពីចំនួន​ដែល​ទឹកភ្នែក​ហូរ និងមាន​ការ​ពិនិត្យ​មើល​កញ្ចក់​ភ្នែក​ដោយ​វិធី​ផ្សេងៗ​ទៀត។

ផល​ប៉ះពាល់​របស់​ជម្ងឺ​ភ្នែកស្ងួត

ការ​ប៉ះពាល់​នៃជម្ងឺ​ភ្នែកស្ងួត​គឺ​ចែកចេញ​ជាបួន​ដំណាក់​កាល។ នៅ​ដំណាក់​កាលទី១​បណ្ដាល​ឱ្យ​ភ្នែកស្ងួត​ធម្មតា​ដែល​ធ្វើឱ្យ ហៀរ​ទឹកភ្នែក និង​ចុករោយ​ភ្នែក។ នៅ​ដំណាក់​កាលទី២​ក៏ដូចនៅ​ដំណាក់​កាល​ដំបូង​ដែរ តែ​ដំណាក់​កាលទី៣ និង​ទី៤​គឺមានកា​រប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​អ្នកជម្ងឺ គឺធ្វើ​ឱ្យភ្នែក​ស្ងួតខ្លាំង​ពិបាក​ក្នុងការ​ធ្វើ​ការងារ ឆាប់​ចុករោយ​ភ្នែក​និងមិន​អាច​ទ្រាំទ្រ​និង​ចំហាយ ខ្យល់ខ្លាំង។ ហើយ​អ្នកជម្ងឺ​ភ្នែកស្ងួត​ងាយ​ប្រឈមមុខ​នឹងជម្ងឺ​ភ្នែក​ក្រហម ប្រតិកម្ម​រមាស់ភ្នែក រោយ​គ្រាប់ភ្នែក និង​ពិបាក​ក្នុងការមើល​ឆ្ងាយ។ កាលណា​ភ្នែកស្ងួត​ខ្លាំង​មេរោគ​ងាយនឹង​ធ្វើឱ្យ​រលាក​ហើយឈឺ និង​បង្កឱ្យ​ដំបៅ ដូចនេះ​បើមិន​ធ្វើការ​ព្យាបាល​ទាន់ពេល វេលានោះ​ទេ គឺអាច​បណ្ដាល​ឱ្យ​ពិការ​ភ្នែក​តែម្ដង។

ការ​ព្យាបាល​ជម្ងឺ​ភ្នែកស្ងួត

ចំពោះ​ការ​ព្យាបាល​ស្ថិតក្នុង​ដំណាក់​ធម្មតា អ្នកជម្ងឺ​ត្រូវ​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ ឧស្សាហ៍​លុបមុខ។ ហើយ​បើ ឈាន​ដល់​ដំណាក់កាល​ទី២​ត្រូវប្រើ​ថ្នាំជាតិ​ទឹកភ្នែក​សិប្បនិម្មិត វាជា​ប្រភេទ​ថ្នាំជួយ​ឱ្យភ្នែក​យើងមាន​សំណើម​ដែលអាច​ប្រើប្រាស់​ទៅ តាម​កម្រិតនៃ​ជម្ងឺ​ភ្នែកស្ងួត។ ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​វិញ ត្រូវប្រើ​ជែល​ដែលជា​ប្រភេទថ្នាំ​ម្យ៉ាង​ខាប់ដើម្បី​ជាការ​ព្យាបាល នៅពេល ភ្នែក​ស្ងួតខ្លាំង។ យើងអាច​ជ្រើសរើស​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ម្យ៉ាង​ដែលជួយ​ឱ្យការ​ផលិត​ទឹកភ្នែក​កើនឡើង។ ការ​ព្យាបាល​មួយវិញទៀត​គ្រូពេទ្យ​ព្យាបាល​ត្រូវញ៉ុក​រន្ធ​ទឹកភ្នែក​ដើម្បី​កុំឱ្យ​ហូរទៅ​ក្នុងច្រមុះ ព្រោះ​ដើម្បី​ជំនួយ​ឱ្យមាន​ភាពសើម​នៅក្នុង​ភ្នែក។ គ្រូពេទ្យ ព្យាបាល​ធ្វើការ​ព្យាបាល​ទៅតាម​កម្រិត​ធ្ងន់ធ្ងរ​នៃជម្ងឺ​ភ្នែកស្ងួត​ទៅតាម​មូលហេតុ​ផ្សេងៗ​នៃជម្ងឺ​នេះ។ អ្នកដែល​មាន​អាការ​ស្ងួតភ្នែក កម្រិត​ធ្ងន់ធ្ងរ​ត្រូវមក​ពិនិត្យ​តាមដាន​តាមការ​ណាត់ជួប​របស់​ក្រុម​វេជ្ជបណ្ឌិត​ឱ្យ​ទៀងទាត់​ពេលវេលា ដើម្បី​ចៀសវាង​ឈានទៅ​ដល់ការ ពិការ​ភ្នែក។

វិធី​ការពារ​ជម្ងឺ​ភ្នែកស្ងួត

លោកអ្នក​គប្បី​ត្រូវ​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ ឧស្សាហ៍​លុបលាង​មុខ​រាល់ពេល​មាន​អារម្មណ៍​ថា​ស្ងួតភ្នែក ចៀសវាង ភ្នែក​ត្រូវ​ខ្យល់ និងកម្ដៅ​ថ្ងៃខ្លាំង​ពេកដែល​បណ្ដាល​ភ្នែកឆាប់​ស្ងួត។ រៀងរាល់​ពេលធ្វើ​ដំណើរ គប្បី​ពាក់មួក​ការពារ​ដែលមាន​របាំំងការពារ​ភ្នែក ឬ​វ៉ែនតា​ដើម្បី​ការពារ​កុំឱ្យ​ខ្យល់​​​​​​​​ប៉ះភ្នែក​ខ្លាំង។ ត្រូវ​ទទួលទាន​ទឹកដែល​មាន​សារជាតិ​រ៉ែឱ្យ​បាន​គ្រប់គ្រាន់ ហើយ​ទទួលទាន បន្លែ​បៃតង ដូចជា​ស្លឹកម្រុំ ស្លឹកបាស និងត្រួយ​ល្ពៅ​ជាដើម​ហើយនឹង​សាច់ផង​ដែរ បើផ្លែ​ឈើគឺ​ត្រូវ​បរិភោគ​ដូចជា​ស្វាយ ល្ហុង​ទុំ ឬខ្នុរជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

យើង​ម្នាក់ៗ​គប្បី​ថែរក្សា​សុខភាព​ឱ្យបាន​ល្អបំផុត ជាពិសេស​គឺសុខភាព​ភ្នែក។ នៅពេល​ដែលយើង​មាន​ជម្ងឺភ្នែក​ស្ងួត​នេះមិន ត្រឹមតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះទេ គឺធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ផងដែរ។ ដូចនេះ ត្រូវធ្វើ​យ៉ាងណា​ការពារ​កុំឱ្យ​វាឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ឱ្យសោះ នៅពេល​ដែលមាន​បញ្ហា​ភ្នែកស្ងួត​នៅ​កម្រិត​មិនទាន់​ធ្ងន់ធ្ងរ គប្បី មក​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative