ល្បុក្កតោ ជាយុទ្ធ​គុនខ្មែរ​(តចប់)

ការរៀន​ក្បាច់គុន​ល្បុក្កតោ ពុំមែន​ជារឿង​ងាយ​ស្រួល​នោះទេ ដែល​ចាំបាច់​ត្រូវ​អំណត់​ក្នុងការ​ហាត់ក្បាច់​នីមួយៗ។ អ្នក​ហាត់​ចាំបាច់​បំផុត​ត្រូវមាន​វិន័យ​ផ្ទាល់ខ្លួន យល់ដឹង​ឱ្យច្បាស់​ពីក្បាច់​នីមួយៗ និងការ​បញ្ចេញ​ស្នៀត​ឱ្យបាន​ត្រឹមត្រូវ ដែល​ទាមទារ ឱ្យមាន​គំនិត​ច្នៃប្រឌិត​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង នឹង​បង្ហាញពី​មរតក​ក្បាច់គុន​ខ្មែរ​ជាបន្ដ​ទៀត​តាមរយៈ​ការផ្ដល់​បទសម្ភាសន៍​របស់​លោកគ្រូ មាស សុខ ដែលជា​អ្នក​ជំនាញ​ក្បាច់គុន និង​រៀបរៀង​ឯកសារ “ក្បាច់​ល្បុក្កតោ​ខ្មែរ”។

ការ​យល់ដឹង​ពីក្បាច់​ល្បុក្កតោ

ល្បុក្កតោ គឺជា​ក្បាច់គុន​ដែលមាន​លក្ខណៈ​ខុសប្លែក​ពីក្បាច់​គុនដទៃ ព្រោះ​ក្បាច់នេះ​ត្រូវបាន​ចងក្រង​ឡើង​ជាមួយ​ការគួប ផ្សំ​ក្នុងការ​ប្រើប្រាស់​អាវុធ​គ្រប់​ប្រភេទ មិនថា​ជាដាវ ដំបង​វែង ដំបង​ខ្លី កន្សែង។ល។ រាល់ការ​វ៉ៃ និងការ​ចូលត្រូវ​មានការ​យល់ដឹង ច្បាស់លាស់ និងយល់​ពីស្នៀត​នីមួយៗ​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ការ​ប្រែប្រួល​ទៅតាម​ស្ថានការណ៍​នៃការ​ប្រយុទ្ធ។ ការចេះ​ប្រើប្រាស់​នូវ យុទ្ធសាស្ដ្រ​ផ្សេងៗ និងការ​ស្វែងយល់​អាចធ្វើ​ឱ្យអ្នក​ហាត់ងាយ​ចាប់ និងយល់​បានឆាប់​រហ័ស។

1 . ការ​ប្រកួត​ក្បាច់​ដៃ ៖ ការ​ប្រកួត​ក្បាច់ដៃ​មាន​ចំនួន​៩ក្បាច់

  • ក្បិន​ក្រហម​ប្រើក្បាច់​ខ្លាក្រាប
  • ក្បិនខៀវ​ប្រើក្បាច់​ខ្លាស​ង្គ្រប់​ទន្សាយ
  • ក្បិនខៀវ​ប្រើក្បាច់​ខ្លាសង្គ្រប់ ប្រើជង្គង់​ខោក​បាក់ភ្នំ វាយ​សម្រុក​លើក្បិន​ក្រហម
  • ក្បិនក្រហម​យកក្បាច់​ស្លាប​សេដាយស យកកែង​បុក ភ្លៅទៅ​ក្បិនខៀវ​វិញ ដោយ​ស្របពេល​តែមួយ។ រួចដាល់​សើយពី ក្រោម​ទៅលើ​ចង្កាត្រង់​របៀប​ហនុមាន​ថ្វាយផ្កា​ព្រះរាម ចំហ​ជាលក្ខណៈ​ខ្លាក្រាប។
  • ក្បិន​ក្រហម ប្រើ​មេឈម​ដោះខ្លួន
  • ក្បិនខៀវ ក្បាច់ខ្លា​សង្គ្រុប​លើគូ​ប្រកួត ជើងស្ដាំ ដៃស្ដាំ​ប្រុងវាយ​រំដោះ
  • ក្បិន​ខៀវ ក្បាច់ខ្លា​សង្គ្រុប​ជើងឆ្វេង ជង្គង់​ឆ្វេង កែងដៃ​ឆ្វេង វាយ​សង្គ្រុប​លើគូ​ប្រកួត ជើង​ស្ដាប់ ដៃស្ដាំ​ប្រុងវាយ​រំដោះ
  • ក្បិន​ខៀវ ប្រើក្បាច់​ខ្លាសង្គ្រុប វាយ​ជង្គង់​ហនុមាន វែកពពក​តម្រង់​លើគល់​ថ្គាមក្បិន​ក្រហម
  • ក្បិន​ក្រហម ប្រើស្លាប​សេដាយស​ដដែល​រងលើក​ឡើងលើ ដៃស្ដាំ ដៃឆ្វេង​ប្រើដៃ​កំរោល ទៅនឹង​ឆ្អឹងជំនីរ ក្បិន​ខៀវ ស្របនិង​ជើងស្ដាំ​ក្បិនក្រហម​កាត់ឥសី​បោសលាន ត្រង់​គន្លាក់ជើង​ក្បិនខៀវ​ឱ្យដួល​ទៅចន្លោះ​ខ្លួន។

2 . មេសេះ​ប្រាយ និងក្បាច់​គោជល់​ក្នុងនឹម ឬ​កុលាប​សក មច្ឆា​គ្រលែង​ខ្លួន ៖ ស្នៀតនេះ​ច្រើនប្រើ​ដៃនៅពេល​ជាប់គ្នា ជា ក្បាច់​ដែល​កៀក គេប្រើ​យក​មេនួន​ទប់ទល់។

  • ក្បិនក្រហម​វាយបក​ក្បាច់​កុលាប​សក
  • ក្បិនខៀវ រងដូរ​ទីមក​ចំពីមុខ​ឡើងលើ វាយបក​ទាំងដៃ​ទាំងជើង​ចំពីមុខ
  • ក្បិនក្រហម​វាយស្នៀត គង់សំរិទ្ធ​ទៅក្បិន​ខៀវ
  • ក្បិនខៀវ​ប្រើក្បាច់​ហនុមាន​តោងមែក​ឈើ រងក្បាច់​ក្បិនក្រហម
  • ក្បិនក្រហម​បត់កែង ប្រើ​របៀប​ដាវ​សេដាយស វាយទៅ​លើគល់​ថ្គាម ក្បិនខៀវ និងប្រើ​កែងជើង​ញីម្រាម ក្បិន​ខៀវ បុរាណខ្មែរ​ឱ្យឈ្មោះ​ថា “កង​ចក្រខ្មៅ”។

ដំបូន្មាន​អ្នក​ឯកទេស

ទោះបីជា​យុគសម័យ​កាលនៃ​ពិភពលោក​បាន​ប្ដូរផ្លាស់​ទៅហើយ ប៉ុន្ដែ​ការហាត់​រៀននូវ​ក្បាច់​យុទ្ធគុន​នៅតែ​មាន​សារៈប្រយោជន៍​​ដដែល។ វា​ប្រៀបធៀប​ដូចជា​ការលេង​ល្បែង​កីឡា​ដើម្បី​ឱ្យមាន​សុខភាព​រឹងមាំ ជាពិសេស​ជាងនេះ​ទៅទៀត​ការហាត់​រៀន​វាក៏​បានចូល​រួម​ចំណែក​យ៉ាងខ្លាំង​ក្នុងការ​ជួយលើក​ស្ទួយ​វប្បធម៌ និង​អត្ដ​សញ្ញាណ​អរូបី​របស់​ប្រទេសជាតិ​យើង ដែល​កំពុង​ទទួល​រងនូវ ការ​បំភាន់​ពីសំណាក់​ប្រទេស​ផ្សេងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative