សុខភាព​កុមារ ៖ ពី៦​ខែដល់​៥ឆ្នាំ (តចប់)

ការ​ថែទាំ និងការ​ស្រឡាញ់​ថ្នាក់ថ្នម​នៅ១២​ខែ ខុសប្លែក​កាលពី​កុមារ​នៅមាន​អាយុ​តិចជាង​នេះ។ លោកអ្នក​បានអាន​កាល ពីលេខ​មុន​រួចមក​ហើយ​អំពី​សុខភាព​កុមារ​ពីពេល​ទើបកើត​រហូត​ដល់៦ខែ។ នៅពេល​នេះ សូមស្វែង​យល់ជា​បន្ដទៀត​នូវ​ការរីក ចម្រើន​របស់​ពួកគេ តើនៅ​វ័យនេះ​អាចចេះ​ធ្វើអ្វីខ្លះ និង​ហើយ​លោកអ្នក​គួរជួយ​គេបាន​អ្វីខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​លោកអ្នក​ជា​ឪពុកម្ដាយ​ក៏​ដូចជា​អ្នក​ថែរក្សា​ទារក​ទទួល​ជ្រាប​អំពី​របៀប​នៃការ​អភិវឌ្ឍន៍​របស់គេ។ សូម​លោកអ្នក តាមដាន​ការ​បង្ហាញ​របស់​ទស្សនាវដ្ដី សុខភាពយើង។

1 . កុមារ​អាយុពី​៦ខែដល់​១ឆ្នាំ

នៅ​ក្រោយ​អាយុ៦ខែ កុមារ​ត្រូវការ​ជា​ចាំបាច់​នូវ​អាហារ​បំប៉ន​បន្ថែម​ពីលើ​តម្រូវ​ការនៃ​ទឹកដោះ​ម្ដាយ។ សេចក្ដី​ត្រូវការ នូវ​អាហារ​បន្ថែមនេះ​ហើយ​ទើបធ្វើ​ឱ្យកុមារ​មានការ​លូតលាស់​បានល្អ។ នៅពេល​មានអាយុ​១ឆ្នាំ​កូនតូច​របស់​លោកអ្នក​គួរតែ​អាច អង្គុយ​ដោយ​មិនបាច់​ជួយទប់ វារដោយ​ដៃ និង​ជង្គង់ និង​តោង​ងើបឈរ ឈានដើរ​ដោយ​មានអ្នក​ជួយទប់ ព្យាយាម​ត្រាប់តាម​ពាក្យ និយាយ និង​សម្លេង ហើយ​ឆ្លើយឆ្លង​ទៅនឹង​សំណួរ​ងាយៗ​សប្បាយ​នឹងការ​លេង និងការ​ទះដៃ ធ្វើ​ត្រាប់តាម​សម្លេង និង​កាយវិការ ដោយ​ការយក​ចិត្ដទុក​ដាក់ ចាប់ច្បិច​វត្ថុដោយ​ប្រើមេដៃ និង​ម្រាមដៃ​មួយ​ទៀតចាប់​ផ្ដើមកាន់​វត្ថុ ដូចជា​ស្លាបព្រា និងពែង និងចង់ញ៉ាំ អាហារ​ដោយ​ខ្លួនឯង។

ដូចគ្នា​នឹងការ​លូតលាស់​នេះ លោកអ្នក​ជា​ឪពុកម្ដាយ និងជា​អ្នក​ថែទាំ​កុមារ​គួរតែ​អាចជួយ​គេបាន​ដោយ ៖

  • ចង្អុល​ទៅវត្ថុ និង​ប្រាប់​ឈ្មោះ​វត្ថុផ្សេងៗ និយាយ​ឆ្លើយឆ្លង និងលេង​ជាមួយ​កុមារ​ឱ្យបាន​ញឹកញាប់
  • ក្នុង​ពេល​ញ៉ាំអាហារ ឆ្លៀតលើក​ទឹកចិត្ដ​កុមារ​ឱ្យមាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សមាជិក​ក្នុង​គ្រួសារ
  • ប្រសិន​បើ​កុមារ​មានការ​អភិវឌ្ឍន៍​យឺត ឬក៏​រាងកាយ​មាន​ពិការ​ភាព ត្រូវ​ផ្ដោតការ​យកចិត្ដ​ទុកដាក់​លើ​សមត្ថភាព​កុមារ និង បន្ថែម​នូវការ​លើក​ទឹកចិត្ដ និងការ​ទំនាក់​ទំនង​ទៅវិញ​ទៅមក
  • កុំទុក​ឱ្យកុមារ​ស្ថិត​នៅក្នុង​ស្ថានភាព​ដដែលៗ ច្រើន​ម៉ោងពេក
  • កន្លែង​កុមារ​លេងត្រូវ​ធ្វើឱ្យ​មាន​សុវត្ថិភាព តាមដែល​អាចធ្វើ​បាន ដើម្បី​បង្ការ​គ្រោះថ្នាក់​ទាំងឡាយ
  • បន្ដការ​បំបៅ​ទឹកដោះ​ម្ដាយ និង​ធានាថា​កុមារ​បាន​ទទួលទាន​អាហារ​គ្រប់គ្រាន់ និង​គ្រប់​ប្រភេទ​អាហារ​ដែលមាន​ក្នុង​គ្រួសារ
  • ជួយ​បង្រៀន​កុមារ​ឱ្យកាន់​ស្លាបព្រា ឬពែង
  • ច្បាស់ក្នុង​ចិត្ដថា កុមារ​ទទួល​បាននូវ​ថ្នាំបង្ការ​គ្រប់គ្រាន់ និង​ទទួល​បាននូវ​រាល់​មីក្រូសារ​ជាតិ​បន្ថែម​ទាំងអស់។

នៅពេល​ជាមួយ​គ្នានេះ សញ្ញា​គ្រោះថ្នាក់​ដែល​លោកអ្នក​ត្រូវឃ្លាំ​មើល មាន​ដូចជា

  • កុមារ​មិន​បញ្ចេញ​សម្លេង​ឆ្លើយតប​នឹងអ្នក​នៅជុំវិញ​ខ្លួន
  • កុមារ​មិនងាក​មើលរក​វត្ថុដែល​មានចលនា
  • កុមារ​ព្រងើយ​កន្ដើយ និងមិន​ឆ្លើយតប​ទៅនឹង​អ្នកដែល​ថែទាំគេ
  • កុមារ​មិនឃ្លាន និងមិន​ព្រម​បរិភោគ​អាហារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . កុមារ​អាយុ​ពីរឆ្នាំ

ទារក​គួរតែ​អាចដើរ តោង​ឡើង និងរត់​ចង្អុល​វត្ថុ និង​រូបភាព នៅពេល​ដែល​គេហៅ​ឈ្មោះវត្ថុ ឬ​រូបភាព​ទាំងនោះ​(ឧទាហរណ៍ ច្រមុះ ឬភ្នែក) និយាយ​បាន​ច្រើនពាក្យ(ចាប់ពី​អាយុ​ប្រហែល​១៥ខែ) ធ្វើតាម​ការណែនាំ​ស្រួលៗ គូសវាស​បើសិន​ជាគេ​ឱ្យខ្មៅដៃ ឬស្លាប​ប៉ាកកា សប្បាយ​នឹងរឿង​និទាន​ខ្លីៗ និង​ចម្រៀង ធ្វើ​ត្រាប់តាម​ការ​ប្រព្រឹត្ដិ​របស់​អ្នកដទៃ ចាប់ផ្ដើម​បរិភោគ​អាហារ​ដោយ ខ្លួនឯង។ ឪពុកម្ដាយ និងអ្នក​ថែទាំ​កុមារ​គួរតែ​យកចិត្ដ​ទុកដាក់​ដល់កូន​តូចនូវ​ប្រការ​មួយចំនួន ៖

  • អាន ច្រៀង និង​លេងល្បែង​ជាមួយ​កុមារ
  • បង្រៀន​កុមារ​ឱ្យ​ចេះចៀស​វាងពី​វត្ថុដែល​នាំឱ្យ​គ្រោះថ្នាក់
  • និយាយ​ទៅកាន់​កុមារ​តាមធម្មតា មិនប្រើ​ភាសា​ទារក
  • បន្ដការ​បំបៅ​ដោះ និងម្ដាយ​ធានា​ថាកុមារ​បាន​ទទួលទាន​អាហារ​គ្រប់គ្រាន់ និង​អាហារ​ដទៃទៀត ដែលមាន​នៅក្នុង​គ្រួសារ
  • លើក​​ទឹកចិត្ដ តែមិន​បង្ខំទេ
  • ផ្ដល់ឱ្យ​នូវវិន័យ​ស្រួលៗ និងអ្វី​ដែលយើង​រំពឹង​ចង់បាន​ដែល​សម​ហេតុផល
  • លើក​សរសើរ​ការ​សម្រេច​ជោគជ័យ​របស់​កុមារ។

ប្រសិន​បើមាន​ករណី​មួយ​ចំនួន​ដូចខាង​ក្រោមនេះ កុមារ​អាចនឹង​មាន​គ្រោះថ្នាក់

  • ខ្វះការ​ឆ្លើយតប​ទៅអ្នក​ដែលនៅ​ជុំវិញ​ខ្លួន
  • ដំណើរ​មានភាព​ទ្រេតទ្រោត​(ក្រោយពី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែលបាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ហើយ)
  • មាន​របួស និងការ​ផ្លាស់ប្ដូរ​ការ​ប្រព្រឹត្ដិ​ដែល​មិនអាច​ពន្យល់បាន​(ជាពិសេស​បើសិន​កុមារ​ត្រូវឱ្យ​អ្នកដទៃ​ថែទាំ)
  • បាត់បង់​ចំណង់​ក្នុងការ​ហូបចុក។

3 . កុមារ​អាយុ​បីឆ្នាំ ៖

ទារក​គួរតែ​អាចដើរ រត់ តោង​ឡើង ធាក់ទាត់ និងលោត​យ៉ាងងាយ ស្គាល់ និង​កំណត់​វត្ថុ និង​រូបភាព​ធម្មតា​ដោយចង្អុល​ប្រាប់ ធ្វើឃ្លា​ផ្សេងៗ​ដែលមាន​ពីរ ឬបី​ពាក្យ ប្រាប់​ឈ្មោះ និង​អាយុ​ខ្លួនឯង ស្គាល់​ឈ្មោះស្គាល់​ពណ៌ ចេះរាប់​ចំនួន ប្រាថ្នា​ចង់បាន​ប្រដាប់​ប្រដា សម្រាប់​លេង បរិភោគ​អាហារ​ដោយ​​ខ្លួនឯង សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់។

ឪពុកម្ដាយ និងអ្នក​ថែទាំ​កុមារ​ត្រូវផ្ដោត​ការយក​ចិត្ដទុក​ដាក់ឱ្យ​បានច្រីន​លើកុមារ ចំណាយ​ពេល​វេលា​ទៅលើ​គេឱ្យ​បានច្រើន ដោយ​អាន និងមើល​សៀវភៅ​ជាមួយ​កុមារ និង​ជជែក​អំពី​រូបភាព​ទាំងឡាយ និយាយ​រឿង​និទាន​អំពី​កុមារ បង្រៀន​កំណាព្យ និង ចម្រៀង រៀបចំ​ចានគោម ឬ​ចានទាប​ដាក់​អាហារ​ផ្ទាល់ខ្លួន​សម្រាប់​ឱ្យកុមារ បន្ដការ​លើកទឹក​ចិត្ដ​កុមារ​ក្នុង​ការបរិភោគ ផ្ដល់ឱ្យ​បាន ច្រើន​ដងទៅ​តាម​សេចក្ដី​ត្រូវការ​របស់​ពួកគេ ជួយ​កុមារឱ្យ​រៀន​ស្លៀកពាក់ លាងដៃ​ពួកគេ និង​ប្រើប្រាស់​បង្គន់។
វេលានៃការលូតលាស់នេះ​កុមារ​អាចមាន​គ្រោះថ្នាក់ សូម​ផ្ដោត​អារម្មណ៍​លើ​សញ្ញា​ទាំងឡាយ​ដូចជា បាត់បង់​ចំណាប់​អារម្មណ៍ ក្នុងការ​លេង ឧស្សាហ៍​ដួល​ញឹកញាប់ មានការ​ពិបាក​ប្រើប្រាស់​វត្ថុ​តូចតាច មិនអាច​យល់បាន​នូវ​សារងាយៗ គ្មាន​សមត្ថភាព​និយាយ ដោយ​ប្រើ​ច្រើនពាក្យ បរិភោគ​តិចតួច ឬ​មិនឃ្លាន​ចំណី​អាហារ។

4 . កុមារ​អាយុ​ប្រាំឆ្នាំ ៖ ទារក​គួរតែ​អាចធ្វើ​ចលនា​ដោយ​រលូន និយាយ​ឃ្លាជា​ច្រើន និង​ប្រើពាក្យ​ប្លែកៗ​គ្នាជា​ច្រើន យល់ដឹង ពីពាក្យ​ផ្ទុយ(ឧទាហរណ៍ ធាត់ និងស្គម ខ្ពស់ និងទាប) លេង​ជាមួយ​កុមារ​ដទៃទៀត ស្លៀកពាក់​ដោយមិន​ចាំបាច់​ជួយ​ឆ្លើយបាន​ទៅ នឹង​សំណួរ​ស្រួលៗ រាប់ឈ្មោះ​វត្ថុពី​៥ទៅ១០ ចេះលាង​ដៃជាដើម។

នៅពេល​នោះ ឪពុកម្ដាយ និងអ្នក​ថែទាំ​កុមារ​ត្រូវតែ​ស្ដាប់​កុមារ​និយាយ ធ្វើការ​ទំនាក់​ទំនង​ជា​ញឹកញាប់​ជាមួយ​កុមារ បើសិន កុមារ​និយាយ​ត្រដិត សំណូម​ពរកុមារ​ឱ្យ​និយាយ​យឺតៗ អាន និង​និយាយ​រឿង​ទាំងឡាយ​លើកទឹក​ចិត្ដ​កុមារ​ក្នុងការ​លេង និងនឹក​គិត។ ជាងនេះ​ទៅទៀត លោកអ្នក​ត្រូវតែ​ចេះសង្កេត​មើល​កុមារ​នៅពេល​គេកំពុង​លេង បើសិន​កុមារ​មានការ​ភ័យខ្លាច ខឹង​សម្បារ ឬកាចឃោ​រ​ឃៅ ទាំងនេះ​អាចជា​សញ្ញានៃ​បញ្ហា​ផ្លូវចិត្ដ ឬការ​បំពារបំពាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative