វិធី​បំបាត់​មុន​អង្កាម

ផ្ទៃមុខ​ជាចំណុច​ដំបូង​បំផុត​ដែល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​លោកអ្នក​មើល​មុនគេ​បង្អស់ ក្រៅពី​សរីរាង្គ​ផ្សេង​ទៀត។ ដូច្នេះ​បញ្ហា មុខ​កើតមុន​ជារឿង​មួយ​សំខាន់​បំផុត​សម្រាប់​មិត្ដ​បុរស​នារី​នាពេល​បច្ចុប្បន្ន​នេះ ដែល​ធ្វើឱ្យ​ពួកគាត់​ខិតខំ​ព្យាយាម​ធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ ផ្ទៃមុខ​របស់​គាត់​ស្រស់ស្អាត និង​ជាទី​គយគន់​របស់​មនុស្ស​ផង​ទាំងពួង។ ស្ទើរតែ​គ្រប់​មនុស្ស​ទាំងអស់​ទៅហើយ​ដែលមាន​កើតនូវ​មុន អង្កាម​លើមុខ។ ពេលនេះ​លោកអ្នក​នាង​កញ្ញា​ទាំងអស់​ពិតជា​ចង់ដឹង​ថា តើធ្វើ​យ៉ាងណា​ទើប​កម្ចាត់​បញ្ហា​មុនអង្កាម​នេះបាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលេខ​នេះ លោកអ្នក​ពិតជា​បានជ្រាប​ជាក់ជា​មិនខាន​ឡើយ អំពី​វិធី​បំបាត់​មុន​អង្កាម​នេះ តាម​រយៈការ​ធ្វើបទ​សម្ភាសន៍ជាមួយ​អ្នកនាង សោភា ម្ចាស់ហាង​ម៉ាលីនណា បកស្រាយ​នូវ​ប្រធាន​បទ​ខាងលើ​នេះ ដើម្បី​ចែកជូន​ដល់​ប្រិយមិត្ដ​អ្នកអាន​យកទៅ អនុវត្ដ​ដើម្បី​ផ្ទៃមុខ​ស្រស់ស្អាត។

វិធី​បំបាត់​មុន​អង្កាម

មុនអង្កាម​ជា​ប្រភេទ​មុនតូចៗ​ដែលកើត​នៅលើ​មុខ ដែល​ភាគច្រើន​វាកើត​នៅ​ច្រមុះ និង​ចង្កា​របស់​មនុស្ស​យើង ដែល​ធ្វើឱ្យ​លោកអ្នក​ពិបាក​ក្នុងការ​តុបតែង​មុខ ពេលដែល​ចេញទៅ​ណាមក​ណាម្ដងៗ។ ចំណែក​ឯវិធី​បំបាត់​មុនអង្កាម​វិញនោះ វា​មិនមែន​ជាការ​លំបាក​អ្វីទេ គឺ​គ្រាន់តែ​លោកអ្នក​ធ្វើការ​បកដោយ​ថ្នាំបក​មុន​យកវា​ចេញ ហើយ​ធ្វើការ​ម៉ាស្សា​មុខ​រាល់ពេល​ដែល​បកមុន។ លោកអ្នក​អាចប្រើ​ជាឡេ​ការពារ​ផ្ទៃមុខ នៅពេល​ដែល​លោកអ្នក​ចេញទៅ​ខាងក្រៅ កុំ​បណ្ដោយ​ឱ្យផ្ទៃ​មុខ​ត្រូវ​កម្ដៅថ្ងៃ​ដោយគ្មាន​អ្វីមកជួយ​ការពារ​នោះ។ កម្ដៅថ្ងៃ​អាចធ្វើ​ឱ្យ​លោកអ្នក​កើតមុន និង​ជាំមុខ​បានដោយ​ងាយ។

ជា​ធម្មតា​នៅពេល​ដែល​ត្រឡប់​មកពី​ខាងក្រៅ ផ្ទៃមុខ​តែងតែ​មាន​ធូលី​ដីហុយ​ជាប់នឹង​មុខជាក់​ជា​មិនខាន​ឡើយ ដូច្នេះ លោកអ្នក​គួរ​ជ្រើសរើស​ផលិតផល​មួយ​ចំនួន​មក​លុបលាង​មុខ​ដើម្បី​កុំឱ្យ​កើតមុន។ ម្យ៉ាងវិញ​ទៀត​លោកអ្នក​អាច​ប្រើទឹក​ក្ដៅឧណ្ហ លាងមុខ​ក៏បាន។ ចំណែក​ឯវិធី​មួយទៀត​ដែលអាច​ឱ្យមុន​អង្កាម​របស់​លោកអ្នក​ថយចុះ​បន្ដិចម្ដង​បាន ដោយ​ប្រើ​ក្រូចឆ្មារ​ចិតជា​បន្ទះ ស្ដើងៗ ហើយ​យកញី​សព្វ​ផ្ទៃមុខ វាក៏​ធ្វើឱ្យ​មុនអង្កាម​នោះជ្រុះ​បានដែរ។

វិធី​ទប់ស្កាត់​មុនអង្កាម

លោកអ្នក​ដែលកើត​មុនអង្កាម​នៅលើ​ផ្ទៃមុខ ជាពិសេស​គឺនៅ​លើច្រមុះ លោកអ្នក​គួរតែ​ឧស្សាហ៍​បកមុន​នោះចេញ ដោយ ថ្នាំ​បកមុន និងធ្វើ​ការ​ម៉ាស្សា​មុខជា​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង ឬអាច​រយៈ​១០ថ្ងៃ​ម្ដង។ ការ​ប្រើប្រាស់​ឡេការពារ​ផ្ទៃមុខ​នៅពេល​ដែលចេញ​ទៅខាង​ក្រៅ និងការ​ជ្រើសរើស​ប្រើ​ផលិតផល​សម្អាត​មុខ​ក្រោយ​ពេលមក​ពីខាង​ក្រៅ នេះជា​រឿង​សំខាន់​មួយ​សម្រាប់​អស់លោក អ្នក​ទាំងអស់​គ្នា។

ដំបូន្មាន​អ្នក​ជំនាញ

បើចង់​បាន​ផ្ទៃមុខ​ស្រស់ស្អាតគ្មាន​មុន លោកអ្នក​ត្រូវចេះ​ថែរក្សា​ផ្ទៃមុខ​របស់​លោកអ្នក ត្រូវ​ម៉ាស្សា​មុខ ដើម្បី​សម្អាត​មុខ ដើម្បី​ធ្វើឱ្យ​ទន់​រលោង និង​គ្មានមុន។ លោកអ្នក​មិនត្រូវ​ប្រើប្រាស់​ផលិតផល​តាមគ្នា​នោះទេ ដោយសារ​តែ​ផ្ទៃមុខ​របស់​មនុស្ស​យើង មិនមែន​ដូចគ្នា​ទាំងអស់​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative