វិធី​បន្ដឹង​កំភួន​ដៃ

ស្ដ្រីមួយ​ចំនួន​អាចមាន​បញ្ហា​សម្រស់ ដូចជា​បញ្ហា​ស្បែកយារ​ធ្លាក់​ខ្លាំង និងមាន​ខ្លាញ់​ច្រើន​ដូចជា​នៅផ្នែក​កំភួន​ជើង ឬ​កំភួន ដៃ​ជាដើម។ នារី​តែងមាន​ការ​ព្រួយបារម្ភ​​ចំពោះ​បញ្ហា​ស្បែក​យារធ្លាក់​ទាំងនេះ ពិសេស​ចំពោះ​ផ្នែក​កំភួន​ដៃ។ បច្ចុប្បន្ន​នេះគឺ​មានវិធីបន្ដឹង​កំភួន​ដៃដែល​ជា​ប្រភេទ​មួយនៃ​ការ​វះកាត់​កែ​សម្ផស្ស ដែល​ធ្វើឱ្យ​កំភួន​ដៃមាន​សភាព​តឹងស្អាត​ឡើងវិញ។ តើ​វិធី​បន្ដឹងកំភួន​ដៃនេះ​ធ្វើឡើង​ដូចម្ដេច?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ​សម្ភាសន៍​មួយ​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី គ្រូពេទ្យ​ជំនាញ​សើស្បែក នៅ​មជ្ឈមណ្ឌល​ព្យាបាល​អាមេរិកកាំង​អំពី​បញ្ហា​ស្បែក​កំភួនដៃ​យារនេះ។

វិធី​បន្ដឹង​កំភួនដៃ

ចំពោះ​ស្ដ្រី​គ្រប់រូប​ដែលមាន​បញ្ហាស្បែក​យារធ្លាក់​ខ្លាំង និងស្បែក​មានខ្លាញ់​ច្រើន​នៅផ្នែក​កំភួន​ដៃនេះ គឺអាច​ទៅធ្វើ​ការ​បន្ដឹង កំភួន​ដៃនេះ​តាម​វិធី​ពីរ​របៀប​ដូច​ខាងក្រោម ៖

1 . វិធី​ទី១ ចំពោះ​ស្បែក​មានខ្លាញ់ ៖ ចំពោះ​ស្បែក​ប្រភេទ​នេះ​យើង​ត្រូវធ្វើ​ការបូម​ខ្លាញ់​ចេញ ដោយ​ដំបូង​បូម​ខ្លាញ់ទៅលើ ផ្នែក​កំភួន​ដៃ រួចពាក់​ហ្គែន​រឹតវា​ឱ្យតឹង ឬពាក់​សម្លៀក​បំពាក់​ណាដែល​រឹបតឹង​ដើម្បី​ឱ្យឆាប់​ស្រក។ ពេល​ដែល​ធ្វើការ​ព្យាបាល​ដូចនេះ ហើយ យើងនឹង​ឃើញថា​ស្បែក​របស់​យើង​នឹងរួម​តឹងមក​វិញ។

2 . វិធី​ទី២ ចំពោះ​ស្បែក​ដែល​យារធ្លាក់​ខ្លាំង ៖ ក្នុង​ករណី​ស្បែក​ដែលគ្មាន​ខ្លាញ់តែ​វាធ្លាក់​យារខ្លាំង នេះជា​ករណី​មួយ​ដែល ច្រើនតែ​កើតមាន​ចំពោះ​មនុស្ស​វ័យ​ចំណាស់។ យើង​ត្រូវធ្វើ​ការ​វះកាត់​ស្បែក​ដែលធ្លាក់​យារ​នោះ​ចោល​មួយចំនួន ដែល​បន្ទាប់ពី​ការវះ កាត់នឹង​អាចមាន​ស្នាម​មួយចំនួន។ បើសិន​ជាអ្នក​ជម្ងឺ​ធ្លាប់​វះកាត់​ពីមុន​មក ក្រុម​វេជ្ជបណ្ឌិត​នឹងធ្វើ​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ថា ដើម្បី​កុំឱ្យ មាន​បញ្ហា​នៅពេល​វះកាត់។ មុនធ្វើ​ការ​វះកាត់​ក្រុម​គ្រូពេទ្យ​ជំនាញ​នឹងត្រូវ​ដឹង​អំពី​ផ្នែក​សុខភាព​របស់​អ្នកជម្ងឺ​ដែលមក​ធ្វើការ​វះកាត់ នោះថា មាន​ជម្ងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ឬទេ ដូចជា​មាន​បញ្ហា​ឈាម​ក្រកក ឬមាន​លេបថ្នាំ​ធ្វើឱ្យ​ឈាម​រាវឬទេ ហើយ​មាន​ជម្ងឺដូចជា​ពពួក ដែល​ទាក់ទង​ជាមួយ​នឹង​សរសៃ​វ៉ែន​ឬទេ។ បើសិន​ជាគ្មាន​បញ្ហា​ទាំងអស់​នេះទេ យើងអាច​ធ្វើការ​វះកាត់​បានដោយ​ជោគជ័យ។ ប៉ុន្ដែ ភាគច្រើន​អ្នកជម្ងឺ​ដែលមក​ធ្វើការ​វះកាត់​គឺជា​ស្ដ្រី​ដែលមាន​វ័យក្មេង ដូចនេះ​មិនសូវ​ចោទជា​បញ្ហា​ផ្នែក​សុខភាព​ប៉ុន្មាន​ទេ។ បើសិន​ជាការ​វះកាត់​បានល្អ​ត្រឹមត្រូវ គឺ​មិនមាន​ផល​ប៉ះពាល់​អ្វីទេ។

ប្រការ​គួរ​ប្រតិបត្ដិ​បន្ទាប់​ពីការ​វះកាត់

នៅពេល​ដែលធ្វើ​ការ​វះកាត់​រួច​ដោយ​ការបូម​ជាតិខ្លាញ់​ចេញ អ្នកជម្ងឺ​ត្រូវពាក់​ហ្គែន​រឹតឱ្យ​តឹង ឬក៏​សម្លៀក​បំពាក់​ដែល​រឹតតឹង ប្រហែល​ជាបួន​សប្ដាហ៍​ទៅប្រាំ​មួយ​សប្ដាហ៍។ បន្ទាប់​មកអ្នក​ជម្ងឺ​ត្រូវមក​តាមដាន​ពីការ​វិវឌ្ឍន៍​នៃការ​វះកាត់​បន្ដឹង​កំភួនដៃ​នេះ តាមការណាត់​ជួប​របស់​វេជ្ជបណ្ឌិត។ ចំពោះ​អាហារ​គឺមិន​ចាំបាច់​តមនូវ​ចំណី​អ្វីទេ តែយើង​ត្រូវតម​ការធ្វើ​កីឡា​ធ្ងន់ៗ​មួយ​ចំនួន​រយៈពេល​ដែល វះកាត់​នេះសិន។

ដំបូន្មាន​អ្នក​ជំនាញ

បន្ទាប់​ពីធ្វើ​ការ​វះកាត់​បន្ដឹង​កំភួនដៃ​នេះរួច វានឹង​អាចមាន​សភាព​ដើម​មកវិញ បើសិន​ជាអ្នក​ជម្ងឺធ្វើ​ឱ្យខ្លួន​ឯងមាន​ការ ឡើងទម្ងន់។ ដូចនេះ​នៅពេល​ធ្វើការ​ព្យាបាល​រួច សំខាន់​បំផុត​គឺត្រូវ​ចេះ​ថែរក្សា​រាងឱ្យ​បានល្អ ដើម្បី​ការពារ​កុំឱ្យ​មាន​កំភួនដៃ​ដែលយារធ្លាក់ និងមាន​ខ្លាញ់​ច្រើនមក​វិញ ហើយ​ចៀសវាង​មកធ្វើ​ការបន្ដឹង​ម្ដងទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative