ស្បែក​ស្ងួត ៖ មូល​ហេតុ និងវិធី​កែខៃ

ស្បែកស្ងួត​ជាការ​ពិបាក​មួយ​សម្រាប់​ស្ដ្រី ព្រោះ​ពួកគេ​ត្រូវ​ប្រឈម​មុខនឹង​បញ្ហា​បាត់​សម្រស់​ស្បែក។ ស្បែកស្ងួត​ពិបាក តុបតែង​កែ​បញ្ហា ព្រោះ​មិនដឹង​ថាត្រូវ​បិទបាំង​ដោយ​វិធី​ណា ព្រោះ​ស្បែក​មិនអាច​គេច​ចេញពី​ក្រសែ​ភ្នែក​របស់អ្នក​ដទៃ​បានទេ។ ស្បែក ស្ងួត​កើតឡើង​ដោយសារ​ហេតុផល​ជាច្រើន។ ហេតុនេះ​សុភាព​នារី​ទាំងអស់​ត្រូវតែ​ស្វែងយល់​ទើបអាច​ការពារ​ក៏​ដូចជា​កម្ចាត់​ស្បែក ស្ងួត​ទាំងនេះ​បាន។ សូម​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពី​មូលហេតុ និង​វិធីកែ​បញ្ហា​ស្បែកស្ងួត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដូចម្ដេច​ដែល​ហៅថា​ស្បែកស្ងួត?

តាម​ប្រសាសន៍​របស់​លោកស្រី លីរ៉ា នីរ៉ាន់ នាយិកា​មជ្ឈមណ្ឌល​កែសម្ផស្ស​សម្រស់​ភ្នំពេញ​បានឱ្យ​ដឹងថា ប្រសិន​បើស្បែក​របស់​លោកអ្នក​មាន​ប្រេះស្រកា​ឬរបក​ ឬពេល​ខ្លះមាន​អាការ​រមាស់​ផងនោះ ស្បែក​របស់​លោកអ្នក​ជា​ប្រភេទ​ស្បែកស្ងួត​ហើយ ។ លោកអ្នក​អាចសាក​ល្បង​សង្កេត​មើល បន្ទាប់ពី​ងូតទឹក​សម្អាត​កាយ​រួច ពេលដែល​ស្បែក​ចាប់ផ្ដើម​ស្ងួត តើ​លោកអ្នក​មាន​អាការ រមាស់ ឬ​ក្រហាយ​ស្បែក​ដែរឬ​ទេ? បើមាន ចាត់ទុក​ថាជា​ប្រភេទ​ស្បែកស្ងួត។ ម្យ៉ាងទៀត បន្ទាប់ពី​លុបលាង​សម្អាត​មុខ​ដោយ​សាប៊ូ ប្រភេទ​ស្រាល និង​ទឹកក្ដៅឧណ្ហៗ​រួចហើយ សូម​ទុកឱ្យ​ស្ងួត​ទឹកដោយ​មិនបាច់​លាប​ក្រែម​ថែស្បែក​អ្វី​រយៈពេល​៣ម៉ោង។ បន្ទាប់​មកសូម យក​ក្រដាស​សម្រាប់​ផ្ដិត​ជាតិខ្លាញ់​មកផ្ដិត​នៅតាម​ថ្ងាស ថ្ពាល់ ច្រមុះ និង​ចង្កា ដើម្បី​ពិនិត្យ​មើលថា ស្បែក​របស់​លោកអ្នក​មាន​លក្ខណៈ យ៉ាង​ដូចម្ដេច។ ប្រសិន​បើ​លោកអ្នក​មាន​ស្បែកខ្លាញ់​ក្រដាស​គ្រប់​សន្លឹក ជោកខ្លាញ់​យ៉ាង​ច្បាស់ ប៉ុន្ដែ​ប្រសិនបើ​ស្បែក​របស់​លោក អ្នកជា​ប្រភេទ​ស្បែក​លាយ​ផ្សំវិញ ក្រដាស​ដែល​ប៉ះច្រមុះ។

មូលហេតុ​ដែល​នាំឱ្យ​ស្បែកស្ងួត

មានច្រើន​កត្ដា​រួមផ្សំ​គ្នា ទាំងការ​ទទួល​ទាន ដំណើរ​ជីវិត​ប្រចាំថ្ងៃ និង​បរិស្ថាន​ខាងក្រៅ ដែល​ចៀសវាង​មិនបាន។ លោកអ្នក គួរ​ស្វែងយល់​ពី​ប្រភព​មូលហេតុ​ដែល​បំផ្លាញ​ស្បែក​ឱ្យបាន​ច្បាស់ ដើម្បី​ចៀសវាង និង​ការពារ​ស្បែក​របស់​លោកអ្នក។

  • ពន្លឺថ្ងៃ​ចាត់ទុក​ជាសត្រូវ​សំខាន់​របស់​ស្បែក ប្រសិន​បើនៅ​កណ្ដាល​ថ្ងៃយូរ ដោយ​មិនលាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃនោះ ស្បែក​នឹង​ចាប់ផ្ដើម​ស្ងួត​បន្ដិច​ម្ដងៗ រហូត​ឃើញស្នាម​ជ្រីវជ្រួញ​កាន់តែ​ច្បាស់។
  • កង្វះ​ជាតិទឹក​ក្នុងស្បែក​ស្រទាប់​ក្រៅ ធ្វើឱ្យ​ស្បែកស្ងួត។ ជា​ធម្មតា យើង​គួរតែ​មាន​កម្រិត​ជាតិទឹក​នៅក្នុង​ស្រទាប់​ក្រោម ស្បែក​១០-២០% ប្រសិន​បើ​កម្រិត​ជាតិទឹក​តិចជាង​ធម្មតា ស្បែកនឹង​ចាប់ផ្ដើម​ស្ងួត​​​​​​​​​​​​​​ជា​មិនខាន។
  • ក្រពេញ​ផលិត​ជាតិខ្លាញ់​អាចធ្វើ​ការ​មិនបាន​ល្អដូច​មុន ទើបធ្វើ​ឱ្យស្បែក​ខ្វះ​សំណើម កើតទៅ​ជាស្នាម​ជ្រីវជ្រួញ​តូចៗ​លើ ស្បែក។
  • បរិស្ថាន​ពុលក្នុង​ទីក្រុង​ក៏ជា​កត្ដា​បំផ្លាញ​ស្បែក ធ្វើឱ្យ​ស្បែក​របស់ស្ដ្រី​បាត់បង់​សំណើម​នឹង​ក្លាយទៅ​ជាស្បែក​ស្ងួត។
  • ការធ្វើ​ដំណើរ​ការតាម​យន្ដហោះ​ជា​ប្រចាំ​ដែលមាន​អាកាស​ធាតុស្ងួត​ជាង​ធម្មតា ក៏អាច​ធ្វើឱ្យ​ស្បែកស្ងួត​បានដែរ។ ដូច្នេះ គួរដាក់​ក្រែម​ថែស្បែក​ជាប់ខ្លួន​ជានិច្ច ដើម្បី​អាចយក​មកប្រើ​ថែស្បែក​ក្នុងពេល​ធ្វើ​ដំណើរ​បាន។
  • ការ​ថែស្បែក​ខុស​របៀប និង​មិនសម​ស្រប​នឹង​សភាព​ស្បែក​របស់​អ្នក នឹង​ធ្វើឱ្យ​ស្បែក​កាន់តែ​ស្ងួត ដូចជា​ប្រើ​សាប៊ូ​ដែល មាន​កម្រិត​ប៉េអាស៍​ខ្ពស់ ប្រើ​ម៉ាសបិទ​មុខ ឬ​ខាត់ស្បែក​មុខ​ញឹកញាប់ ប្រើទឹក​ជូត​សម្អាត​ស្បែក​ដែលមាន​លាយ​ជាតិ​អាល់កុល ជាដើម។
  • អាយុ​កាន់តែ​ច្រើន ធ្វើឱ្យ​អ័រម៉ូន​មានការ​ប្រែប្រួល ការ​ផលិត​ជាតិខ្លាញ់​តាម​ធម្មជាតិ​របស់​ស្បែក​មានការ​ថយចុះ ធ្វើឱ្យ ស្បែក​មានភាព​ស្ងួត ស្រពោន​ទៅតាម​វ័យ។
  • ការ​ជក់បារី ទទួល​ទាន​គ្រឿង​ស្រវឹង ឬកាហ្វេ​ច្រើនពេក ក៏អាច​ធ្វើឱ្យ​ស្បែកស្ងួត​បានដែរ ហើយ​នឹងធ្វើ​ឱ្យមុខ​របស់​លោក អ្នកមើល​ទៅចាស់​ជាង​អាយុ​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​កែខៃ​បញ្ហា​ស្បែកស្ងួត

ប្រសិនបើ​លោកអ្នក​ជាមនុស្ស​ស្បែកស្ងួត ឬចង់​ចៀសវាង​បញ្ហា​ស្បែកស្ងួត​ដោយ​ប្រការ​ផ្សេងៗ លោកអ្នក​គួរ​សាកល្បង អនុវត្ដ​តាមការ​ណែនាំ​ខាងក្រោម ៖

  • លាបក្រែម​ផ្ដល់​សំណើម​ដល់ស្បែក និង​វីតាមីនែ ជា​ប្រចាំ​ដើម្បី​ជួយ​ស្ដុកទឹក និងជួយ​ផ្ដល់​សំណើម​ដល់​ស្បែក
  • ប្រើ​ក្រែម ឬឡេ​ថែស្បែក​ដែលមាន​សមាស​ធាតុនៃ​អាស៊ីដ​ផ្លែឈើ AHA(អេអេដ៍អេ)ខ្លះ ដើម្បី​ឱ្យស្បែក​
    មានភាពទន់​ល្មើយ ថែម​ទាំងជួយ​កម្ចាត់​កោសិកា​ដែល​សឹករេចរឹល​ទៀតផង។
  • លុបលាង​មុខ​ដោយ​ទឹកស្អាត​ធម្មតា​នៅពេល​ព្រឹក​ជាការ​គ្រប់គ្រាន់​ហើយ លុះពេល​ល្ងាច​សឹមលុប​លាងមុខ​ដោយ​សាប៊ូ សម្អាត​មុខ រូបមន្ដ​ស្រាល ដើម្បី​ឱ្យជាតិ​ទឹកក្នុង​រាងកាយ​ងាយនឹង​រំហួត។
  • ផល​ប៉ះពាល់​នៃក្រែម​កែ​អាការ​ប្រតិកម្ម ឬកម​រមាស់ ដែលមាន​លាយ​សារធាតុ​ស្ដេរ៉ូអ៊ីដ​ធ្វើឱ្យ​ស្បែក​កាន់តែ​ស្ងួត ដូច្នេះ លោកអ្នក​គួរ​ប្រើវា​ចំពោះ​តែ​ករណី​ចាំបាច់​ប៉ុណ្ណោះ។
  • មិនគួរ​ខាត់​ស្បែក ឬឆ្ពុង​ចំហុយ​ខ្លួន ព្រោះវា​នឹងធ្វើ​ឱ្យស្បែក​កាន់តែ​ស្ងួត ប៉ុន្ដែ​បើ​គ្រាន់តែ​ចង់​សាកល្បង​ធ្វើនឹង​គេសាក មើល គួរ​ត្រៀម​ក្រែម​ថែស្បែក​ទៅ​ជាមួយ និង​លាបលើ​ស្បែក​ភ្លាមៗ បន្ទាប់ពី​ធ្វើរួច ដើម្បី​ជួយ​ថ្នមស្បែក។
  • ប្រសិន​បើចង់​ខាត់ស្បែក គួរ​សាកល្បង​ខាត់ដោយ​ទឹកដោះ​គោ ព្រោះ​អាស៊ីដ​ឡាក់ទិក ឬ​ឡេកទិក​ក្នុង​ទឹកដោះ​គោនឹង ជួយ​ជម្រុះ​កោសិកា​ស្បែក​ដែល​សឹករេចរឹល ព្រមទាំង​ធ្វើឱ្យ​ស្បែក​រក្សា​សំណើម​បានល្អ។
  • លាបក្រែម​ការពារ​កម្ដៅថ្ងៃ​ជានិច្ច ដើម្បី​ជួយ​ការពារ​ស្បែក​មិនឱ្យ​ស្ងួត និង​ទ្រុឌទ្រោម​មុនវ័យ។
  • ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ក្នុងមួយ​ថ្ងៃ​៨កែវ​យ៉ាងតិច ស្បែក​របស់​លោកអ្នក​នឹង​ទទួល​បាន​សំណើម​ពីខាង​ក្នុង។
  • ប្រសិនបើ​លោកអ្នក​ត្រូវ​នៅក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ គួរដាក់​កែវមាន​ទឹកនៅ​ក្បែរ​ខ្លួន ជាការ​បន្ថយ​ការ​បាត់បង់ សំណើម​ចំពោះ​ស្បែក។
  • សម្រួល​សីតុណ្ហភាព​ក្នុងបន្ទប់ គឺ​នៅក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ គួរតែ​សម្រួល​ឱ្យមាន​សីតុណ្ហភាព​សមរម្យ​ល្មម មិនត្រូវ​ឱ្យ ត្រជាក់​ពេកទេ ព្រោះវា​នឹងធ្វើ​ឱ្យស្បែក​កាន់តែ​ស្ងួត។
  • ទទួលទាន​អាហារ​ប្រភេទ​សណ្ដែក រួមទាំង​ថ្លើម ស៊ុត ប័រស្រស់ ត្របែក ល្ហុង ពោត និងត្រួយ​បន្លែ​ផ្សេងៗ ដែល​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​ស្បែក​របស់​លោកអ្នក។

ដំបូន្នាន​អ្នក​ជំនាញ

សូម​ការពារ​កុំឱ្យ​ស្បែកស្ងួត ដើម្បី​សម្រស់ និង​សុខភាព​របស់​លោកអ្នក។ ប្រសិន​បើ​លោកអ្នក​មាន​បញ្ហា​ស្បែក ឬ​ចង់កែ សម្រស់​ស្បែក សូមរក​គ្រូពេទ្យ​ជំនាញ​ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ដ​ថា ស្បែក​របស់​​លោកអ្នក​មិនខូច។ សូម​កុំជឿ​តាមការ​ឃោសនា​នានា ដែល​គ្មាន​មូលដ្ឋាន​ពិតប្រាកដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative