ទឹម រដ្ឋា ៖ សម្រស់ និង​សុខភាព​ជាដើម​ហេតុ

លោកអ្នក​មួយចំនួន​ប្រហែល​ជា​ធ្លាប់បាន​ទស្សនា​កម្មវិធី​សង្គម​សិល្បៈ​របស់​ប៉ុស្ដិ៍​លេខ៥ ហើយ​លោកអ្នក​ក៏ឃើញ​ពិធី​ការិនី ស្រស់ស្អាត​មួយរូប​ដែល​កំពុង​បង្អួត​សម្រស់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ គួបផ្សំ​នឹង​សំនួន​វោហារ​ផងនោះ ទស្សនិកជន​ទាំងឡាយ​ប្រាកដ ជា​អត់ទ្រាំ​មិន​សរសើរ​មិនបាន​ទេ នោះគឺ​កញ្ញា ទឹម រដ្ឋា។ រូប​សម្រស់​របស់នាង​បានធ្វើ​ឱ្យនាង​មានឈ្មោះ​បោះសម្លេង​ជា​លំដាប់​នៅ ក្នុង​ពិភព​សិល្បៈ។ យុវតី​ជាច្រើន​ពិតជា​មានក្ដី​ប្រាថ្នា​ធ្វើ​យ៉ាងណា​ទើប​បានដូច​ស្រីស្រស់​ម្នាក់នេះ។ បើ​ចង់បាន​ដូច​កញ្ញា ទឹម រដ្ឋា ជាជំហាន​ដំបូង​ត្រូវថែ​សម្រស់​ឱ្យ​ស្រស់ស្អាត​ជា​មុនសិន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​តាមដាន​ការ​រៀបរាប់​របស់​កញ្ញា ទឹម រដ្ឋា ពីវិធី​ផ្ទាល់ខ្លួន​របស់នាង​មួយ​ចំនួន​ដែល​ទាក់ទង​នឹងការ​ថែរក្សា​សម្រស់ និង សុខភាព​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ការ​ថែរក្សា​សម្រស់

ទឹម រដ្ឋា បានចាប់​យក​អាជីព​ជា​អ្នកសិល្បៈ ម្ល៉ោះ​ហើយការ​តុបតែង​ខ្លួន និងការ​ថែរក្សា​សម្រស់​ជាការ​ចាំបាច់​ណាស់​សម្រាប់នាង។ លើ​រាងកាយ​ទាំងមូល រដ្ឋាបាន​ផ្ដោត​ទៅលើ​ចំណុច​មួយចំនួន​ដែល​នាង​គិតថា​សំខាន់ ហើយអាច​ធ្វើឱ្យ​នាងមាន​ភាព​ទាក់ទាញ​ក្នុងនោះ​មានដូចជា ៖

  • ការ​ថែរក្សា​សក់ ៖ ចំពោះ​សក់នាង​បាន​បញ្ជាក់​ប្រាប់ថា នាង​មិនមាន​វិធីអ្វី​ដែល​ថែរក្សា​ខ្ជាប់ខ្ជួន​នោះទេ។ រដ្ឋា​តែង កក់​សក់ជា​ប្រចាំ​ជាមួយ​សាប៊ូ​ដែលមាន​ជាតិប្រេង ឬក្រែម​សម្រាប់​ជួយ​បំប៉ន​សរសៃ​សក់ និងឫស​សក់​កុំឱ្យ​ស្ងួត​បែកចុង។ មិន​ជាញឹក​ញាប់ប៉ុន្មាន​ទេ ដែល​រដ្ឋា​ទៅរក​ហាង​សម្រាប់​អប់សក់ ភាគច្រើន​នាង​អប់សក់​នៅផ្ទះ​ដោយ​ខ្លួនឯង ព្រោះនាង​មិនមាន​ពេលវេលាច្រើន​សម្រាប់​ទៅហាង។
  • ការ​ថែរក្សា​ស្បែកមុខ ៖ រដ្ឋា​មិនមាន​ការ​ថែរក្សា​ស្បែកមុខ​ដោយ​គ្រឿង​សម្អាង​អ្វី​ជាពិសេស​ច្រើនទេ ព្រោះនាង​យល់ថា ភាគច្រើន​នៃ​ផលិតផល​សម្អាង​សុទ្ធតែ​មានជាតិ​គីមី ដែលអាច​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក។ ទោះបី​ជាយ៉ាង​ណាជា​តារា សម្ដែង​ចៀស​មិនផុត​ពីការ​តុបតែង​មុខ​ដោយ​គ្រឿង​សម្អាងទេ ហេតុនេះ​រដ្ឋា​ព្យាយាម​ប្រើប្រាស់​ផលិតផល​ការពារ​កម្ដៅ​ថ្ងៃ បើទោះ បីជា​មិនអាច​ជួយស្បែក​ទាំងស្រុង​ក៏អាច​ជួយបាន​ខ្លះ​ដើម្បី​ទប់ទល់​នឹង​កម្ដៅ។ ដោយ​ឡែក​នៅពេល​យប់រដ្ឋា​បាន​ជ្រើសរើស​ក្រែម​ណា ដែល​អាចផ្ដល់​សំណើម​ដល់ស្បែក ហើយ​អាចជួយ​ការពារ​ភាព​ជ្រីវជ្រួញ​នៃស្បែក​ទៀតផង។ ចំណែក​ឯការ​ថែរក្សា​ស្បែកមុខ​តាមវិធី ធម្មជាតិ​នោះ រដ្ឋាអាច​អនុវត្ដ​ខ្លះតែ​ប៉ុណ្ណោះ​នៅពេល​ដែលនាង​ទំនេរ​ពី​ការងារ។
  • ការ​ថែរក្សា​ស្បែកខ្លួន ៖ មិនមាន​អ្វីជា​ពិសេស​នោះទេ គ្រាន់តែ​នៅពេល​ចេញទៅ​សម្ដែង​រដ្ឋា​ប្រើ​ផលិតផល​ការពារ​កម្ដៅ ថ្ងៃ​ដើម្បី​ទប់ទល់​នឹង​កាំរស្មី​​ព្រះអាទិត្យ​ព្រម​ទាំង​ភ្លើងហ្វារ​ទៀតផង។ ពេល​មិនចេញ​សម្ដែង រដ្ឋា​ប្រើក្រែម​ជំនួយ​ឱ្យស្បែក​មាន​សំណើម ការពារ​ភាព​ជ្រីវជ្រួញ ជួយ​ឱ្យស្បែក​ភ្លឺថ្លា។ ដោយ​ឡែក​នៅពេល​យប់ រដ្ឋាក៏​ប្រើឡេ​សម្រាប់​លាប​ជាពិសេស​ផងដែរ។ ចំពោះការ​ម៉ាស្សា​ខ្លួន ឬក៏​ខាត់ស្បែក​នោះនាង​មិនទាន់​ហ៊ាន​សាកល្បង​នៅឡើយ​ទេ ព្រោះខ្លាច​ខូចស្បែក។ ជាងនេះ​ទៅទៀត រដ្ឋា​ក៏មាន​វិធីពិសេស​តាមបែប​ធម្មជាតិ​ដើម្បី​ជួយដល់​សម្រស់​ស្បែក​ផងដែរ ដូចជា​ការឆ្ពុង​ជាដើម។
  • ការ​ថែរក្សា​ក្រចក និង​ប្រអប់​ដៃជើង ៖ រដ្ឋាមិន​ចូលចិត្ដ​លាប​ពណ៌​ក្រចក​ទេ ព្រោះនាង​យល់ថា​ថ្នាំពណ៌​លាប​ក្រចកអាច​ធ្វើឱ្យ​ក្រចក​ខូចបាន។ ប៉ុន្ដែ​បើក្នុង​ករណី​មិនអាច​ចៀសវាង​បាន ដូចជា​ពេល​សម្ដែង​នេះ រដ្ឋាក៏​លាប​ក្រចក​ទៅតាម​នោះដែរ។ ដោយ​ឡែក ចំពោះ​ប្រអប់​ដៃជើង រដ្ឋា​មានឡេ​សម្រាប់​លាប​នៅពេល​ដែល​ងូតទឹក​រួច ឬក៏​នៅពេល​មាន​អារម្មណ៍​ថាដៃ​ស្ងួត។ ហើយបើមាន​ពេល​ទំនេរ រដ្ឋា​តែងតែ​ទៅហាង​ដើម្បី​ឱ្យអ្នក​ជំនាញ​ម៉ាស្សា​ប្រអប់ដៃ​របស់នាង​ឱ្យ​កាន់តែ​ស្រឡូន​ថែមទៀត។
  • ការ​ថែរក្សា​ធ្មេញ ៖ ជា​ទម្លាប់​រដ្ឋាដុស​ធ្មេញ​មួយថ្ងៃ​បីដង​ជា​ប្រចាំ ជាមួយ​ថ្នាំ​ដុសធ្មេញ​ដែល​ត្រូវបាន​ជ្រើសរើស​ជាពិសេស សម្រាប់​ជំនួយ​ដល់​ភាព​រឹងមាំ​នៃ​ធ្មេញ រួម​ជាមួយ​នឹងការ​ប្រើប្រាស់​ទឹកថ្នាំ​សម្រាប់​សម្លាប់​មេរោគ​ក្នុង​ធ្មេញ​ផងដែរ។ រៀងរាល់​៣ទៅ៦​ខែម្ដង​រដ្ឋា​តែងតែ​ទៅរក​ពេទ្យ​ធ្មេញ​ដើម្បី​ពិនិត្យ​សុខភាព​មាត់ធ្មេញ ព្រោះ​អាជីព​ជាតារា​សម្ដែង​ដូចនាង​ត្រូវការ​ជា​ចាំបាច់​នូវក្លិន​មាត់ ប្រហើរ ដើម្បី​មាន​ទំនុក​ចិត្ដក្នុង​ការ​ប្រាស្រ័យ​ទាក់ទង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព

សុខភាព​ជារឿង​សំខាន់​សម្រាប់​រដ្ឋា ជា​រៀងរាល់​ថ្ងៃ​នាង​តែងតែ​ទទួល​ទាន​អាហារ​យ៉ាង​ប្រយ័ត្ន​ប្រយែង ពោលគឺ​បរិភោគ អាហារ​ណាដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូចជា​បន្លែ​ពណ៌​បៃតង ផ្លែឈើ និង​ទឹកដោះ​ជាប្រចាំ។ អាហារ​ត្រូវតែ​ទទួល​ទាន​ឱ្យបាន ទៀងទាត់​ដើម្បី​កុំឱ្យ​ខូច​ក្រពះ បើទោះ​ជា​រវល់​យ៉ាងណា​ក៏ឆ្លៀត​ពេល ឬក៏​ទទួល​ទាន​អាហារ​សម្រន់​ដែរ។ ចំពោះ​ការ​ទទួល​ទាន​ដំណេក រដ្ឋា​ទទួល​ស្គាល់ថា​នាងគេង​មិនបាន​គ្រប់គ្រាន់​ទេ ព្រោះ​ជួនត្រូវ​រវល់​ថតដល់​យប់ជ្រៅ ជាហេតុ​ធ្វើឱ្យ​នាងត្រូវ​អត់​ងងុយ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណា នាងនឹង​គេងសង​វិញភ្លាម​នៅពេល​ដែលមាន​ពេលវេលា។

ចំពោះ​ការហាត់​ប្រាណ រដ្ឋា​ហាត់តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ ព្រោះ​ពុំសូវ​មានពេល​វេលា​គ្រប់គ្រាន់ តែពេល​ភ្ញាក់ពី​ដំណេក រដ្ឋា តែងតែ​បញ្ចេញ​កាយ​វិការ​មួយ​ចំនួន​ដែលអាច​ចាត់ទុក​ជាការ​ហាត់​ប្រាណ​បានដែរ។ ជា​រៀងរាល់​៦ខែ ឬក៏​មួយឆ្នាំ​ម្ដង រដ្ឋា​បានទៅ ពិនិត្យ​សុខភាព​ម្ដង ដើម្បី​ឱ្យដឹង​ពីបញ្ហា​មិន​ប្រក្រតី​ទាំងឡាយ​ដែលអាច​កើតមាន។

បណ្ដាំ​ផ្ញើ​របស់​ទឹម រដ្ឋា

ទាក់ទង​នឹងការ​ថែរក្សា​សុខភាព និង​សម្រស់​នេះ កញ្ញា ទឹម រដ្ឋា សូម​ផ្ដាំផ្ញើ​ដល់​ស្ដ្រីខ្មែរ​ទាំងអស់​សូមយក​ចិត្ដទុក​ដាក់ លើការ​ថែរក្សា​សម្រស់ និង​សុខភាព​តាមបែប​ធម្មជាតិ​វិញ។ វា​ប្រសើរ​ជាងការ​ប្រើប្រាស់​ថ្នាំ និង​គ្រឿង​សម្អាង​ដែល​ពោរពេញ​ទៅ ដោយ​សារធាតុ​គីមី ជាពិសេស​ត្រូវ​កំណត់​របប​ទទួលទាន​ឱ្យបាន​ត្រឹមត្រូវ​ទៀតផង​ដែរ។

ការ​រៀបរាប់​ជូន​ខាងលើ​នេះ ជាការ​យល់​ឃើញ និងការ​អនុវត្ដ​របស់​កញ្ញា ទឹម រដ្ឋា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​សិល្បៈ

ទឹម រដ្ឋា តារា​ជើងថ្មី​បាន​បញ្ជាក់​ថា ជាដំបូង​នាង​មិនដែល​គិតថា​បានចូល​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​នោះទេ ព្រោះនាង​គ្រាន់តែ​ជាអ្នក​ដែល​រកស៊ី​លក់ដូរ​ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្ដែ​ក្រោយ​ពីកញ្ញា​បានជួប​អ្នក​ចម្រៀង​ជើងចាស់​លោក សួស សងវាចា ហើយ​លោក​បាន​ជំរុញ​ និង​ណែនាំ​ឱ្យនាង​បានចូល​ក្នុង​សិល្បៈ ដោយ​ចាប់ផ្ដើម​ពីអ្នក​សម្ដែង​ធម្មតា ក្រោយ​មកក៏​មាន​ឱកាស​ជាបន្ដ​បន្ទាប់ រហូត​ដល់បាន សម្ដែងវីដេអូ​ភាគរឿង​ផ្កាក្នុង​ផ្កាតាម​ទូរទស្សន៍​ស៊ីធីអ៊ិន។ នៅពេល ទឹម រដ្ឋា មាន​សមត្ថភាព​ខាង​សិល្បៈ​បានច្រើន​ផ្នែក ដូចជា​ពិធី​ការិនី តារា​សម្ដែង ហើយក៏​កំពុងតែ​ហាត់​ច្រៀង​ផងដែរ។ ទឹម រដ្ឋា បាន​បញ្ជាក់​ថា បើទោះ​បីជា​ពេលនេះ​ការងារ​សិល្បៈ​របស់នាង​កំពុង ដំណើរ​ការទៅ​ល្អក៏​ពិតមែន តែនាង​ក៏​គួរតែ​មានមុខ​របរ​មួយ​ផ្សេង​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ទឹម រដ្ឋា
  • អាយុ ៖ ២២ឆ្នាំ
  • ទំហំ​ទាំងបី ៖ ៣៤, ២៩, ៣២
  • ទម្ងន់ ៖ ៥២​គីឡូក្រាម
  • កម្ពស់៖ ១៧០​សង់ទី​ម៉ែត្រ
  • ស្ថានភាព​គ្រួសារ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ
  • មានបង​ប្អូន​៣នាក់ (ជាកូនទី២)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative