វិធី​ធ្វើ​ច្រមុះ​ដោយ​ចាក់ថ្នាំ

ការ​កែច្នៃ​ធ្វើ​ច្រមុះ​ជាទី​ពេញ​និយម​សម្រាប់​លោកអ្នក​ដែលមាន​ច្រមុះ​មិនសម​នឹង​ទម្រង់​មុខ ឬមិន​ពេញចិត្ដ​ចំពោះ​អ្វីដែលខ្លួនមាន។ ការ​កែច្នៃ​មាន​ច្រើន​របៀប​ខុសៗគ្នា ដែល​ធ្វើឱ្យ​លោកអ្នក​ជា​ពិសេស​សុភាព​នារី​ដែលមាន​បំណង​ចង់កែ​ទម្រង់​ច្រមុះ​នោះ មាន​ការពិបាក​ក្នុងការ​ពិចារណា​ជ្រើសរើស។ ព្រោះថា​បើការ​ជ្រើស​រើស​មិនបាន​ត្រឹមត្រូវ ធ្វើឱ្យ​លោកអ្នក​ខាតបង់​ទាំងពេល​វេលា និង ថវិកា​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជាជំនួយ​ដល់​លោកអ្នក​នោះ ទស្សនាវដ្ដី សុខភាពយើង បង្ហាញ​ជូន​លោកអ្នក​អំពី​វិធី​ធ្វើ​ច្រមុះ​ដោយ​ការចាក់​ថ្នាំ ដោយ​បានការ​ប្រឹក្សា​ពីលោក​វេជ្ជបណ្ឌិត ធឿន ច័ន្ទសីហា អ្នក​ឯកទេស​ខាង​វះកាត់​កែសម្ផស្ស​នៅមន្ទីរ​សម្រាក​ព្យាបាល​សុខ ហុក។

ការចាក់​ថ្នាំ​កែច្រមុះ

ជា​ទូទៅ​ការកែ​ច្រមុះ​ច្រើនធ្វើ​ឡើងទៅ​លើអ្នក​ជម្ងឺ​ដែលមាន​បញ្ហា​ខ្វះខាត​ខ្ទង់ច្រមុះ ពោលគឺ​ច្រមុះ​ក្រពឹត មិនមាន​ខ្ទង់ ឬក៏ មានដែរ​តែមាន​មិនស្អាត ឬសម​ចិត្ដ​ជាដើម។ ការចាក់​ថ្នាំ​ដើម្បី​ឱ្យ​ច្រមុះ​ស្រស់ស្អាត​ត្រូវ​ធ្វើឡើង​ទៅតាម​ប្រភេទ​ច្រមុះ​ដែលមាន​បញ្ហា ដូចជា ៖

  • ច្រមុះ​មិនមាន​ខ្ទង់​អាចចាក់​ថ្នាំ​ដើម្បី​ឱ្យ​ច្រមុះ​មានខ្ទង់​ក្នុង​កម្រិត​មួយ​សមនឹង​ទម្រង់​មុខ​របស់​អ្នកកែ
  • លោកអ្នក​មួយ​ចំនួន​មាន​ច្រមុះ​ខុបដូច​ច្រមុះ​សេកដោយ​សាច់ដុំ​ទាញ ហេតុនេះ​គ្រូពេទ្យ​ត្រូវចាក់​ថ្នាំម្យ៉ាង​ដើម្បី​ឱ្យសាច់​ដុំ នោះរលា ដែលអាច​ធ្វើឱ្យ​ច្រមុះ​ស្អាតបាន។

សូម​លោកអ្នក​ចងចាំ​ថា ការចាក់​ថ្នាំមិន​អាចធ្វើ​ឱ្យ​ច្រមុះស្រួច ឬកែ​ស្លាប​ច្រមុះ​ឱ្យរួម​តូចនោះ​ទេ គ្រាន់តែ​អាចធ្វើ​ឱ្យ ច្រមុះមាន​ខ្ទង់ និងធ្វើ​ឱ្យសាច់​ដុំច្រមុះ​រលាតែ​ប៉ុណ្ណោះ។ ជា​ទូទៅ​ថ្នាំដែល​យកមក​ប្រើជា​ប្រភេទ​ថ្នាំដែល​នាំចូល​មកពី​សហរដ្ឋអាមេរិក។ ចំពោះ​ការចាក់​ថ្នាំនេះ លោកអ្នក​អាច​ជ្រើសរើស​ទៅតាម​ប្រភេទ​ថ្នាំ ដូចជា​មានថ្នាំ​សម្រាប់​ប្រើបាន​រយៈពេល​២ឆ្នាំ ៣ឆ្នាំ ឬក៏ថ្នាំ​ខ្លះមាន ប្រសិទ្ធភាព​បានមួយ​ជីវិត។

ប្រការ​គួរ​​ប្រតិបត្ដិ​ពេលធ្វើ​ច្រមុះ

លោកអ្នក​ដែលមាន​បំណង​ចង់កែ​​ច្រមុះ លោកអ្នក​ត្រូវមាន​ភាព​ប្រាកដ​ក្នុងចិត្ដ​ថា លោកអ្នក​ពិតជា​ចង់កែ ហើយ​ព្រម​ទទួលយក​អ្វីដែល​កើតមាន​ក្រោយ​ពេលកែ។ ម្យ៉ាងទៀត​លោកអ្នក​ក្រោយ​ពេលកែ​រួចលោកអ្នក​ត្រូវ​ការពារ​ច្រមុះ​របស់អ្នក​មិនឱ្យ​មានការ​ប៉ះទង្គិច​រយៈពេល​៤៨​ម៉ោង​យ៉ាងតិច។ បើមាន​ការប៉ះ​ទង្គិច​នោះ នាំឱ្យ​ច្រមុះ​របស់​លោកអ្នក​ខូច​ទម្រង់ នាំឱ្យ​ការ​ច្នៃមិន​ទទួល​បានលទ្ធផល​ល្អ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​ជាពិសេស​ដូចជា​សុភាព​នារី​ទាំងអស់​មាន​បំណង​ចង់កែ​ប្រែ​ច្រមុះ​ដើម្បី​បង្កើន​ភាព​ស្រស់ស្អាត​នោះ សូម មាន​ការ​ប្រុងប្រយ័ត្ន​ទៅលើ​ការ​ជ្រើសរើស​សេវាកម្ម​នោះ។ ជាការ​ប្រសើរ​បំផុត​សូម​លោកអ្នក​ទៅរក​អ្នក​ជំនាញ​ពិតប្រាកដ ព្រោះ​ថា បើមាន​ករណី​ណាមួយ​កើតឡើង លោកអ្នក​មិន​ត្រឹមតែ​មិនបាន​ដូច​បំណង​ទេ ថែមទាំង​ត្រូវ​ប្រឈម​មុខនឹង​បញ្ហា​សុខភាព និង​សម្រស់ ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative