មហារីក​លំពែង

លំពែង​មាន​តួនាទី​សំខាន់ ជាយន្ដ​ការមួយ​ដើម្បី​សម្រប​សម្រួល​សំណើការ​ទាំងឡាយ​នៅក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន មនុស្ស​យើង។ បើ​លំពែង​មាន​បញ្ហា​នោះ លោកអ្នក​ក៏មាន​បញ្ហា​សុខភាព​ដូចគ្នា​ដែរ។ ក្នុងនោះ​ជម្ងឺ​មហារីក​លំពែង​អាចធ្វើ​ឱ្យ​លោក អ្នក​បាត់បង់​ជីវិតបាន។ មាន​វិធី​មួយ​ចំនួន​អាចធ្វើ​ឱ្យ​លោកអ្នក​មិន​ប្រឈម​មុខនឹង​ជម្ងឺនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង និង​បកស្រាយ​ជម្រាប​ជូន​លោកអ្នក​យ៉ាង​លម្អិត​អំពី​ជម្ងឺ​មហារីក​លំពែង​នេះតាមរយៈ​ការ​ចូលរួម​សហការណ៍​ពីលោក​វេជ្ជបណ្ឌិត គួយ សំណាង អ្នក​ឯកទេស​ជម្ងឺ​មហារីក និង​វេជ្ជសាស្ដ្រ​ទូទៅ​នៅមន្ទីរ​ពេទ្យ​មិត្ដភាពខ្មែរ​សូវៀត និង សាស្ដ្រាចារ្យ​បង្រៀន​នៅសកល​វិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល។

មហារីក​លំពែង ជាអ្វី?

មុននិង​ឈានទៅ​ដល់ការ​រៀបរាប់​អំពី​មហារីក​លំពែង លោកអ្នក​ចាំបាច់​ត្រូវតែ​ជ្រាប​អំពី​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ដែលទាក់ ទង​នឹងលំពែង។ លំពែង​ជាសរីរាង្គ​ដែលមាន​តែមួយ​គត់​សម្រាប់​មនុស្ស​ម្នាក់ៗ​ដែលស្ថិត​នៅក្នុង​ពោះផ្នែក​ខាងក្រោយ​ជាប់នឹង​ឆ្អឹងខ្នង។ ចំណែក​មហារីក​លំពែង​គឺជា​ដុំសាច់​កាចដែល​ដុះ​នៅលើ​លំពែង​ដែលអាច​មាន​លទ្ធភាព​អណ្ដែត​តាមទឹក​រងៃ​ឱ្យមាន​កូនកណ្ដុរ ឬ​សាយភាយ​ទៅតាម​ឈាមឱ្យ​មានកន្លែង​ទីពីរ ដូចជា​ក្នុងសួត ឆ្អឹង ថ្លើម ជាពិសេស​ស្រោម​ពោះ។ តាមរយៈ​ការ សិក្សា​ពីជម្ងឺ​មហារីក​នៅ ឆ្នាំ២០០០ គេសង្កេត​ឃើញ​ជម្ងឺ​មហារីក​លំពែង​ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់ទី​៨ក្នុង​ចំណោម​ជម្ងឺ​មហារីក​ទាំងអស់​ដែលអាច​សម្លាប់​ជីវិត មនុស្ស​នៅ​ទូទាំង​ពិភពលោក។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​យើង​មិនទាន់​មានការ​សិក្សា​ណាមួយ​ដែល​បញ្ជាក់ពី​ចំណាត់​ថ្នាក់នៅ ឡើយទេ ប៉ុន្ដែ​បើតាម​របាយការណ៍​របស់ផ្នែក​ជម្ងឺ​មហារីក​នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ សូវៀត​បានឱ្យ​ដឹងថា ចាប់ពី​ពេល​ដំណើរ​ការផ្នែក មហារីក​នេះចាប់​ពីឆ្នាំ​២០០៣មក អ្នកជម្ងឺ​មហារីក​លំពែង​មាន​ប្រហែលពី​៥ទៅ១០នាក់​ក្នុងមួយ​ឆ្នាំ។

មូល​ហេតុ​បង្ក​ជម្ងឺ​មហារីក​លំពែង

រហូត​មកដល់​ពេលនេះ គេ​មិនទាន់​មានការ​សិក្សា​ណាមួយ​ដែល​បង្ហាញ​ពី​មូលហេតុ​បង្ក​ជម្ងឺ​មហារីក​នៅឡើយ​ទេ។ ប៉ុន្ដែ មាន​ការសង្កេត​ជា​ទូទៅ​មួយទៅ​លើ ៖

  • អ្នក​ដែលជក់​បារី​គឺ​ប្រឈម​មុខនឹង​ជម្ងឺ​មហារីក​លំពែង​ចំនួន​៥ដង លើសអ្នក​ដែលមិន​ជក់បារី
  • អ្នក​ដែលមាន​ជម្ងឺ​រលាក​លំពែង​រ៉ាំរ៉ៃ ងាយ​ប្រឈម​មុខនឹង​ជម្ងឺ​មហារីក​លំពែង​២០ច្រើន​ជាងអ្នក​ដែលមិន​ឈឺ
  • លើសពី​នេះទៅ​ទៀត​អ្នក​ដែលមាន​ទម្លាប់​មិន​ទទួល​ទានបន្លែ ផ្លែឈើ ចូលចិត្ដ​ទទួលទាន​សាច់ច្រើន​ក៏ងាយ​ប្រឈម​មុខ នឹង​ជម្ងឺ​នេះដែរ
  • ក្រៅពី​នេះបើ​ឪពុកម្ដាយ​មាន​ជម្ងឺ​មហារីក​លំពែង កូនៗ​អាចមាន​ការ​ប្រឈមមុខ​នឹងជម្ងឺ​នេះ​ប្រមាណ​ជា៧​ទៅ១០​ភាគ រយ។

រោគ​សញ្ញា​ជម្ងឺ​មហារីក​លំពែង

ជា​ទូទៅ​ចំពោះ​រោគសញ្ញា​ជម្ងឺ​មហារីក​លំពែង​នេះ​នៅពេល​ដែលវា​លេចចេញ​ច្រើនតែ​យឺតយ៉ាវ​ទៅហើយ ព្រោះ​សរីរាង្គ លំពែង​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​នៃពោះ ដូចនេះ​ទម្រាំ​តែស្ដែង​ចេញជា​រោគសញ្ញា វា​ត្រូវការ​ពេល​វេលា​យូរគួរ​សមដែរ។ ដោយហេតុនេះ​ហើយ ទើបមាន​ការ​សិក្សា​មួយ​បង្ហាញ​ថា អ្នកជម្ងឺ​មហារីក​លំពែង​ដែលគេ​រកឃើញ​នៅ​ដំណាក់​កាល់​ដំបូង ដែលអាច​ព្យាបាល មាន​ចំនួនតែ​១០ទៅ​១៥ភាគរយ​ប៉ុណ្ណោះ។ ដោយឡែក​ចំពាះ​អ្នកជម្ងឺ​ដែល​ត្រូវបាន​រកឃើញ​នៅ​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​ដុំសាច់​នោះ ធំហើយ​រាលដាល​ជុំវិញ​លំពែង ប៉ះពាល់​ទៅដល់​សរីរាង្គ​ផ្សេងៗ​ដែល​មិនអាច​ធ្វើការ​វះកាត់ មាន​រហូត​ដល់៥០​ភាគរយ​ឯណោះ។ ដូចគ្នា នេះដែរ​ក្នុង​ដំណាក់​កាលដែល​ដុំសាច់​នេះមាន​នៅកន្លែង​ផ្សេងទៀត​ហើយនោះ មាន​ចំនួន​៣៥​ភាគរយ។ ចំពោះ​រោគ​សញ្ញា​ដែល​បង្កឱ្យមាន​ការ​សង្ស័យ​ថាអ្នក​ជម្ងឺ​ណាម្នាក់​មានជម្ងឺ​មហារីក​លំពែង​នោះ គឺអ្នក​ជម្ងឺមាន​ការឈឺ​ពោះស្ទំៗ​ផ្នែក​ខាងក្រោយ​នៃចុង​ដង្ហើម ពី៧០​ ទៅ៧៥​ភាគរយ។ ម្យ៉ាងទៀត​នៅពេល​ដែល​យើង​សង្កត់​ទៅលើ​ទីតាំង​ដុំដែល​វាកើត ដោយសារ​តែដុំ​នេះសង្កត់​ទៅលើ​ផ្លូវទឹក​ប្រមាត់ ដែលធ្វើ​ឱ្យភ្នែក​អ្នកជម្ងឺ​ប្រែទៅ​ជាមាន​ពណ៌​លឿង ហើយ បើ​វាសង្កត់​ទៅលើ​សរសៃ​វ៉ែន​នាំឱ្យ​រលាក​សរសៃ​វ៉ែន។ ម្យ៉ាងវិញ​ទៀតអ្នក ជម្ងឺ​មហារីក​លំពែង​ភាគច្រើន​ទទួល​ទាន​បាយ​មិនបាន គេង​មិនលក់ រាងកាយ​ស្គមស្គាំង ក្រៅពី​នេះក៏​មានការ​ចុកចា​ប់​ដែល​បណ្ដាល​មកពី​ការ​រលាក​លំពែង​ដែរ។

ការធ្វើ​រោគ​វិនិច្ឆ័យ​ជម្ងឺ​មហារីក​លំពែង

ដើម្បី​បញ្ជាក់ថា​នរណា​ម្នាក់មាន​ជម្ងឺ​មហារីក​លំពែង​នេះ គ្រូពេទ្យ​ជំនាញ​ទាមទារ​ការ​ពិនិត្យ​ដោយ​អេកូសាស្ដ្រ ព្រោះ​អេកូ នេះ​មាន​លទ្ធភាព​បង្ហាញពី​សរីរាង្គ​ណាមួយ​នៅក្នុង​ខ្លួនមនុស្ស ដែលមាន​លក្ខណៈ​ជាដុំ មិនមែន​ជាខ្យល់​ឡើយ។ ដោយឡែក​ចំពោះការពិនិត្យ​ឈាម​ដើម្បី​បញ្ជាក់ពី​ជម្ងឺ​មហារីក​នោះគឺ​មិនមាន​ទេ ពោលគឺ​មិនមាន​ការ​ពិនិត្យ​ឈាម​ណាមួយ​ដែលអាច​រកឃើញ​ពីជម្ងឺ​មហារីក បាននោះ​ទេ។

ការ​ព្យាបាល​ជម្ងឺ​មហារីក​លំពែង

ជម្ងឺ​មហារីក​លំពែង​ត្រូវបាន​គេធ្វើ​ការ​ព្យាករណ៍​សម្រាប់​អ្នកជម្ងឺ​ក្នុង​ស្ថានភាព​មិនល្អ​ទេ ព្រោះមាន​វិធី​តែមួយ​គត់​ដែលអាច សង្គ្រោះ​អ្នក​ជម្ងឺ​ប្រភេទ​នេះបាន គឺការ​វះកាត់​ក្នុងពេល​ដែល​ដុំសាច់​មហារីក​នៅតូច​នៅឡើយ។ ករណី​ដែលដុំ​សាច់​មហារីក​ឡើង​ធំទៅ ហើយ​នោះ មិនមាន​វិធី​ព្យាបាល​ដោយ​កាំរស្មី ឬ​ចាក់ថ្នាំ​គីមី​សម្លាប់​មេរោគ​នោះបាន​ទេ។ ចំពោះ​ជម្ងឺ​មហារីក​ទាំងអស់ ការ​ព្យាបាល មួយ​ដែលអាច​សន្មត​ថាជា​បាន​ដរាប​ណាក្រោយ​ការ​ព្យាបាល​រយៈពេល​៥ឆ្នាំ ហើយ​ជម្ងឺ​មហារីក​​នោះ​មិនរើ​ឡើង​វិញ។ ដោយ​ឡែក ចំពោះ​ជម្ងឺ​មហារីក​លំពែង​ថ្វីត្បិត​តែ​ឱកាស​នៃការ​សះស្បើយ​មានតិច​ក៏ពិត​មែន តែ​បើអ្នក​ពន្យារ​មក​ទទួល​ការ​ព្យាបាល​ពី​សំណាក់ គ្រូពេទ្យ​ជំនាញ​នោះ អ្នកជម្ងឺ​អាចកាត់​បន្ថយ​បានយ៉ាង​ច្រើនពី​ការ​ឈឺចាប់ មាន​អារម្មណ៍​ធម្មតា ហើយអាច​បន្ដការ​រស់បាន​រយៈពេល យូរ។ ប៉ុន្ដែ​ក្នុងករណី​ដែល​ដុំសាច់​ជម្ងឺ​មហារីក​ធំ ហើយអ្នក​ជម្ងឺ​ធ្វេស​ប្រហែស​មិនមក​ទទួល​ការ​ព្យាបាល​នោះ ក៏​ធ្វើឱ្យ​រយៈពេល​នៅការពន្យារ​ជីវិត​កាន់តែ​ឆាប់ទៅ​ទៀត។

វិធី​​ការពារ​​ជម្ងឺ​​មហារីក​​លំពែង

ទាក់ទង​នឹង​វិធី​ការពា​នេះ មិនមាន​អ្វីដែល​មានផល​លំបាក​ទេ ព្រោះ​លោកអ្នក​បានជ្រាប​អំពី​មូលហេតុ​បង្ក។ ដូចនេះ​លោកអ្នក​ការពារ​ខ្លួនកុំ​ឱ្យ​ប្រឈម​មុខទៅ​នឹងកត្ដា​ទាំងនេះ​ទៅ ជាការ​ស្រេច​បាត់ទៅ​ហីយ។ កត្ដា​ប្រឈម​មុខ​ទាំងនោះ​រួមមាន ៖

  • បើ​លោកអ្នក​ជក់​បារី​នោះ លោកអ្នក​ត្រូវឈប់
  • លោកអ្នក​ត្រូវ​ព្យាបាល​ជម្ងឺ​រលាក​លំពែង​ឱ្យជា
  • លោកអ្នក​ត្រូវ​ទទួល​ទាន​បន្លែ និងផ្លែ​ឈើឱ្យ​បានច្រើន​ជាង​សាច់
  • បើ​លោកអ្នក​មាន​ឪពុក​ម្ដាយ​មានជម្ងឺ​នេះ លោកអ្នក​ត្រូវ​ឧស្សាហ៍​ពិនិត្យ​សុខភាព​ជាប្រចាំ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គប្បី​ត្រូវ​ពិនិត្យ​សុខភាព​ជាប្រចាំ ដើម្បី​តាមដាន​ឱ្យបាន​ជាប់លាប់ ព្រោះថា​មិន​ចំពោះតែ​ជម្ងឺ​មហារីក​លំពែង នោះទេ មាន​ជម្ងឺ​ផ្សេង​ទៀត​ជាច្រើន​ដែលជា​ជម្ងឺ​លាក់មុខ ទម្រាំតែ​ដឹងគឺ​ហួសពេល​ទៅហើយ។ មួយ​វិញទៀត​លោកអ្នក​ត្រូវតែ​ទៅ រក​គ្រូពេទ្យ​ជំនាញ ដើម្បី​បាញ់ឱ្យ​ចំគោល​ដៅ មិនមែន​ចេះតែ​ទៅ​ផ្សំថ្នាំ​តាមចិត្ដ​នោះទេ ជាការ​ពិត​លោកអ្នក​ធ្វើបែប​នេះអាច​សន្សំ ប្រាក់​បាន តែ​លោកអ្នក​មិនអាច​សន្សំ​សុខភាព​បានទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative