ល្បុក្កតោ​ជាយុទ្ធ​គុនខ្មែរ

ការរៀន​ក្បាច់គុន និង​អក្សរ​សាស្ដ្រ​គឺជា​វត្ថុ​ចម្បង​សម្រាប់​កូន​ប្រុស​ពីបុរាណ​កាល ក្នុងការ​យកមក​បម្រើ​ប្រទេស​ជាតិ។ ក្បាច់គុន​ក៏ជា​មែក​ធាងនៃ​វប្បធម៌​សម្រាប់​សម្គាល់​អត្ដ​សញ្ញាណ​របស់​ជាតិ​សាសន៍​នីមួយៗ​ផងដែរ។ ដូនតា​ខ្មែរយើង​មិន​ត្រឹមតែ​ជា បុព្វជនដ៏​ឆ្នើម​ក្នុងការ​កសាង​ប្រទេស​នោះទេ ថែមទាំង​ជាមនុស្ស​មានគំនិត​ច្នៃប្រឌិត​ក្នុងការ​រិះរក​ចងក្រង​វត្ថុដ៏​មាន​តម្លៃ​ទុកជា​កេរដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្នុងនោះ​ក៏បាន​បន្សល់​នូវយុទ្ធគុន​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ឱ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​គ្រប់រូប​បង្ហាញ​មោទនៈភាព​របស់​ខ្មែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹង​បង្ហាញពី​មរតក​ក្បាច់គុន​ខ្មែរ​ល្បុក្កតោ តាមរយៈ​បទ​សម្ភាសន៍​របស់ លោកគ្រូ មាស សុខ អ្នក​ជំនាញ​ក្បាច់គុន និងជា​អ្នក​រៀបរៀង​សៀវភៅ“ក្បាច់​ល្បុក្កតោ​ខ្មែរ”។

ល្បុក្កតោ ជាអ្វី?

ល្បុក្កតោ​គឺជា​យុទ្ធគុន​ការពារ​ខ្លួន​របស់ខ្មែរ​ដែលមាន​តាំងពី​មុន​ជំនាន់​សម័យ​មហានគរ​មកម្ល៉េះ។ ល្បុក្កតោ​ត្រូវបាន​ប្រើប្រាស់ ក្នុងការ​ថែរក្សា​បូរណភាព​ទឹកដី ដើម្បី​ប្រឆាំង​នឹងការ​ឈ្លានពាន​របស់​សត្រូវ​ដែល​តែងតែ​ទន្ទ្រាន​លើដែន​ដី​សុវណ្ណភូមិ​របស់​យើង។ ក្បាច់គុន​ទាំងនេះ​មាន​ក្បាច់ដៃ គុនដាវ គុន​ដំបង​ខ្លី វែង គុន​កន្សែង គុនក្រាប់ គុន​កូនតឹង គុនខ្សែ​គាថា ចំបាប់។ល។ ដែល​ក្បាច់ទាំងនោះ បង្កប់​នូវភាព​ស្លូតបូត រហ័ស​រហួន មាំទាំទន់ភ្លន់ និងមាន​ក្បាច់​យ៉ាងជាក់​លាក់​ទៀតផង។

ប្រវត្ដិ​ក្បាច់​ល្បុក្កតោ

ក្បាច់គុន​ល្បុក្កតោ​មាន​ប្រវត្ដិ​តាំងពី​មុន​សម័យ​អង្គរ​មកម្ល៉េះ អ្នក​ដែលបាន​បង្កើត​ក្បាច់នេះ​មុនគេ គឺជា​សេនា​របស់​ស្ដេច​មួយ
អង្គ​ដែលគាត់​មានឈ្មោះ​ថា សតិកុរិ។ ក្នុងរាជ​ព្រះបាទ​ច័ន្ទរាជា​ទីមួយ ក្រោយពី​ព្រះអង្គ​បានសង្គ្រោះ​ប្រទេសជាតិ​ពីការ​ឈ្លានពាន របស់​ប្រទេសចាម សៀម និងបាន​ស្ដ្ការនូវ​ស្ថានភាព​នគរ​រួចរាល់​ហើយ​នោះ ទ្រង់បាន​ប្រមូល​អ្នក​ប្រាជ្ញ​ខាង​អក្សរសាស្ដ្រ មាន​បណ្ឌិត ម៉ុក បណ្ឌិត អ៊ូ អុំ និងបណ្ឌិត ល័ក្ខ មកចង​ក្រង​ជាសៀវភៅ​ក្បាច់គុន​ខ្មែរ​9ល្បុក្កតោប ក្នុង​គោល​បំណង​ថែរក្សា​ទុកជា​កេរ​ដំណែល សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ ជា​ប្រយោជន៍​ប្រទេសជាតិ។ ប៉ុន្ដែ​ក្រោយ​ពេល​ដែលបាន​ចងក្រងរួចហើយ​ក៏ដាក់​ចូល ក្នុង​ព្រះបណ្ណាល័យ​នោះ ឯកសារ​ទាំងនោះ​ត្រូវបាន​បាត់បង់​ចំនួន​៤ភាគ៧​នៃ​ឯកសារ​ចងក្រង ដោយសារ​អំពើ​ក្បត់​របស់​ព្រះបាទ ពញ្ញា អុង ដែលបាន​លួចយក​ឯកសារ​ទាំងនោះ​ទៅថ្វាយ​ព្រះចៅ​ក្រុមសៀម។ ដូច្នេះ​ហើយ​ទើបយើង​ឃើញថា ប្រទេសថៃ​មានក្បាច់​ល្បុក្កតោនេះដែរ ព្រោះថា​បានចម្លង និង​ហាត់រៀន​តាម​ឯកសារ​គុនខ្មែរ។ ការ​បាត់បង់​របស់​ក្បាច់នេះ​បាន​បន្ដ​រហូត​ដល់​រាជព្រះបាទ​អង្គឌួង និងក្នុង​សម័យ​អាណានិគម​បារាំង។ ដោយឃើញ​ពី​ឥទ្ធិពល និងភាព​ខ្លាំងក្លា​របស់​ក្បាច់នេះ អាជ្ញាធរ​បារាំង​បាន​បំបិទការ​ហាត់ក្បាច់​នេះ ហើយប្ដូរ​ទៅជា​ក្បាច់​ប្រដាល់​សេរីវិញ។ ក្បាច់​ប្រដាល់​សេរី​គឺជា​ផ្នែកតូច​មួយនៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរយើង។

មូលដ្ឋាន​គ្រឹះនៃ​ក្បាច់គុន​ល្បុក្កតោ

ដោយ​ក្បាច់​ល្បុក្កតោ​គឺជា​យុទ្ធគុន​មាន​ភាព​អាថ៌​កំបាំង ការ​ផ្សំថ្នាំ​គង់​សម្រាប់​ធ្វើឱ្យ​ស្បែកស្វិត​លាយឡំ​ជាមួយ​មន្ដអាគម​ផង
នោះ។ ហេតុនេះ​រាល់ការ​ហាត់រៀន​នូវ​យុទ្ធគុន​នេះ ត្រូវធ្វើ​ឡើងតាម​លំដាប់ និងមាន​ត្រណម បូករួម​ជាមួយ​ការរៀប​គ្រឿង​រណ្ដាប់ តាម​ក្បួនខ្នាត​ត្រឹមត្រូវ។ ខាងក្រោម​នេះគឺ​ជាវិធី និង​ត្រណម​ដែល​សិស្ស​ហាត់គុន​ត្រូវគោរព និង​ធ្វើតាម ៖

1 . របៀប​រៀប​គ្រឿង​រណ្ដាប់

  • ក្នុង​រោងហាត់​គុនល្បុក្កតោ​ខ្មែរមាន ៖ នៅ​ប្របជញ្ជាំង​ខាងលិច មានតុដាក់​គ្រឿង​ព្លីសម្រាប់​ឱ្យសិស្ស​យកទៀន​ធូបទៅ​អុជបូជា​ព្រះពិស្ណុការ​រាល់​ថ្ងៃ មុនពេល​ចាប់ផ្ដើម​ហាត់។
  • នៅ​ខាងកើត​មិនឆ្ងាយ​ពីរោង​ប៉ុន្មាន​មានធ្វើ​រាន​សម្រាប់​សែន​ព្រេន​៣ថ្នាក់ តម្កល់​បាយសី ទឹកអប់ លាជ ផ្កា ដែលជា គ្រឿង​បូជា​ចំពោះ​គ្រូ។ ក្នុង​នោះមាន ស្លាជម ដោត​គ្រប់​ទិសទាំង​ប្រាំបី។
  • ដំបូង​សិស្ស​ជុំគ្នា​នៅក្នុង​រោងធ្វើ​ពិធី​សែនព្រេន​ប្រោះព្រំ​សិស្ស​ទាំងអស់ គ្រូយក​អំបោះ​ជ័យទៅ​ចងគ្រប់​ដៃរបស់សិស្ស។ រួច​សិស្ស​នាំគ្នា​អុជ​ទៀនធូប ដោតនៅ​រានម៉ា ដោយ​អធិដ្ឋាន​សុំឱ្យ​គ្រូចូល​មក​សណ្ឋិត ឱ្យរៀន​ឆាប់​ចេះចាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . ត្រណម

  • ត្រណម​ទី១ ៖ សិស្ស​ទាំងអស់​ត្រូវ​តម​ប្រកួត​គ្នាលេង
  • ត្រណម​ទី២ ៖ ដាច់ខាត​មិនឱ្យ​នាំមនុស្ស​ស្រីចូល​រោង​ហាត់រៀន
  • ត្រណម​ទី៣ ៖ សិស្ស​មិនត្រូវ​ប៉ះពាល់​តង្វាយ​ព្រះពិស្ណុការ​ឡើយ។

អ្នកហាត់​ក្បាច់​ល្បុក្កតោ

ដោយសារ​ក្បាច់គុន​ខ្មែរ​ជាសិល្បៈ​តស៊ូ​ដែលមាន​ចរិត​លក្ខណៈ​ទន់ភ្លន់​បង្កប់​ភាព​រឹងមាំ។ ដូចនេះ​សម្រាប់​ការហាត់​ក្បាច់គុន ល្បុក្កតោ​ពុំ​​ទាមទារ​លក្ខណៈ​សម្បត្ដិ​កាយ​សម្បទា​ខ្លាំង​នោះទេ សំខាន់​បំផុត​ភាព​រឹងមាំ​នៃឆ្អឹង​របស់​អ្នកហាត់​តែ​ប៉ុណ្ណោះ។ ក្បាច់នេះ​ត្រូវបាន​បង្កើត​ឡើង​តាម​លក្ខណៈ​ចង្វាក់​រាំ​ទន់ភ្លន់ ដែល​មើល​ហាក់​ដូចជា​កាយ​វិការ​របស់​ហនុមាន​កំពុងតែ​បញ្ចេញ​ប្រកប​ដោយ​ភាពសាំ ញ៉ាំ។ ហេតុផល​បាន​បង្កើន​ការ​ទាមទារ​ឱ្យមាន​ភាព​អំណត់ និង​តស៊ូ​ខ្លាំងក្នុង​ការហាត់ ត្រូវ​ចៀសឱ្យ​បាននូវ​ការ​ច្រឡោត​ទាំងឡាយ។

សារៈ​ប្រយោជន៍​នៃក្បាច់​ល្បុក្កតោ

ការហាត់​ក្បាច់​ល្បុក្កតោ​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​រាងកាយ និង​ស្មារតី ហើយក៏​ជាសិល្បៈ​តស៊ូ​មួយ​ដែល​អាចយក មក​ប្រើប្រាស់​ការពារ​ខ្លួន។ អ្នកហាត់​ក្បាច់​ល្បុក្កតោ​នឹង​ទទួល​បានភាព​រហ័ស​រហួន​គ្រប់​សារពាង្គ​កាយ មិនថា​ដៃ ជើង ភ្នែក និងចិត្ដ គំនិត​នោះទេ។ ព្រោះថា​គ្រប់​ចលនា​នៃក្បាច់​នេះ​សុទ្ធសឹង​បង្ហាញ​នៃភាព​រឹងប៉ឹង និង​ទន់ភ្លន់ ដែល​តម្រូវ​ឱ្យ​រាងកាយ​ធ្វើ​ចលនា​គ្រប់ កន្លែង។

ចំណាត់​ថ្នាក់​ក្បាច់​ល្បុក្កតោ

នៅក្នុង​គុន​ល្បុក្កតោ​ខ្មែរ​ត្រូវបាន​បែងចែក​ជា១៣​ទ្វារ និង​មេធំៗ​សំខាន់​៣៧៩មេ ដែលក្នុង​មួយ​មេមាន​ពី២០​ទៅ៣០ ស្នៀត។ បើសិន​ជាយើង​បូក​សរុប​ស្នៀត​ទាំងអស់ គឺមាន​៩០៤៩ស្នៀត​ទៅ​ប្រភេទ​នៃ​អវយវៈ​រាងកាយ​យើង ដូចជា​របៀប​វ៉ៃកែង ជង្គង់ ដៃ និងជើង។ ប៉ុន្ដែ​មេគុន​ដែល​សំខាន់​ទាំងនោះ មាន​ដូចជា​មេខ្លា​ក្រាប ស្រងែពែន បាតជើង អារក្ស ចង្វាផ្ដៅ ក្រពើហា នាងហ៊ីង បាំងមុខ បាតដៃ​ព្រះនររាណ៍ ថ្វាយភួង​ព្រះរាម ឥន្ទ្រី​កងស្បង់ ឥន្ទ្រី​បិទមុខ​ជាដើម។ ទាំងនេះ​ជា​ក្បាច់គុន​ខ្មែរ​ដែលមាន​វិសាលភាព ធំធេង​មិនអាច​គណនា​បាន ដែល​កូនខ្មែរ​គ្រប់រូប​គួរតែ​យល់ដឹង ស្វែងយល់​ឱ្យស៊ីជម្រៅ និង​គួរតែ​លើក​តម្កើង។

ដំបូន្មាន​អ្នក​ឯកទេស

ក្បាច់គុន​ល្បុក្កតោ​ជាសិល្បៈ​តស៊ូ​របស់ខ្មែរ​យ៉ាង​ពិតប្រាកដ ពុំមែន​ជា​វប្បធម៌​ចម្លង​ពី​បរទេស​នោះទេ។ ដូចនេះ​យើងជា​កុលបុត្រ​ខ្មែរ​គ្រប់គួរ​តែស្វែង​យល់ និងលើក​តម្កើង​មរតក​ដូនតា​មួយនេះ​ឱ្យបាន​គង់វង្ស​តទៅ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ស្វែងយល់ និង​សិក្សា​បន្ដក្នុង​ន័យ​ថែរក្សា​វប្បធម៌ ទំនៀម​ទម្លាប់​ខ្មែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative