ភាពអត់​ការងារ​ធ្វើនៅ​កម្ពុជា​កំពុង​កើនឡើង

ក្នុងមួយ​ឆ្នាំៗមាន​និស្សិត​រាប់ពាន់​នាក់​បាន​បញ្ចប់​ការសិក្សា ហើយអ្នក​ទាំងនោះ​ត្រូវការ​ជា​ចាំបាច់​នូវការ​បំពេញ​ការងារ ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​របស់​ពួកគេ និងក្រុម​គ្រួសារ។ មិនមែន​តែនិស្សិត​ទេដែល​មានការ​លំបាក សូម្បីតែ​អ្នកដែល​មាន ចំណេះ​ដឹង​បន្ដិចបន្ដួច​ដែលមាន​លទ្ធភាព​ត្រឹមតែ​បំពេញ​ការងារ​ជា​កម្មករ​ក៏​ពិបាក​ក្នុងការ​ស្វះស្វែង​រក​ការងារ​ធ្វើដែរ នៅពេល​បច្ចុប្បន្ន នេះ។ ដោយ​ផ្អែកលើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​ដែល​កំពុងមាន​វិបត្ដិផង​នោះ បានធ្វើ​ឱ្យភាព​អត់​ការងារ​ធ្វើនៅ​កម្ពុជា​កាន់តែ​កើនឡើង​ជា​លំដាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ចូលរួម​ចំណែក​ក្នុង​ទិវា​ពលកម្ម​អន្ដរជាតិ​នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង សូម​បង្ហាញ​ជូន​អំពី​ស្ថានភាព​ដែល ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​នៅក្នុង​ពិភពលោក​កំពុង​ជួបប្រទះ​គឺ​ភាពអត់​ការងារ​ធ្វើ ដែល​កត្ដានេះ​មាន​ឥទ្ធិពល​យ៉ាងណា​ខ្លះ​នៅក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ សូម​ស្វែងយល់​ពី​បញ្ហានេះ​តាមរយៈ​ការ​បកស្រាយ​របស់​លោក សោម ចំណាន នាយក​ប្រតិបត្ដិ​នៃសហព័ន្ធ និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា។

ភាពអត់​ការងារ​ធ្វើ​កើនឡើង​នៅ​កម្ពុជា

កម្ពុជាជា​ប្រទេស​ដែលមាន​កំណើន​យុវជន​ច្រើន​ជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែលនេះ​ជាបន្ទុក​ដ៏ធ្ងន់​របស់ រដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត សំដៅ​ធ្វើ​យ៉ាងណា​បង្កើត​ឱ្យមាន​ស្ថាប័ន​ការងារ​ឱ្យបាន​ច្រើន ដើម្បី​ទប់ទល់​នឹង​កំណើន នេះ។ បើតាម​ស្ថានភាព​នៅកម្ពុជា​នៅពេល​បច្ចុប្បន្ន​នេះ ដោយ​សារតែ​ជួប​ប្រទះ​នូវ​ឥទ្ធិពល​របស់​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក បានធ្វើ​ឱ្យ អត្រា​អត់​ការងារ​ធ្វើនៅ​កម្ពុជា​បាន​កើនឡើង​យ៉ាង​គំហុក។

មូលហេតុ​នៃ​កំណើន​ភាព​អត់​ការងារ​ធ្វើ

នៅកម្ពុជា​ភាពអត់​ការងារ​ធ្វើកើត​មានឡើង​ដោយសារ​កត្ដា​មួយចំនួន ដែលជា​ចន្លោះ​ប្រហោង​របស់​ស្ថាប័ន​ពាក់ព័ន្ធ ជា ពិសេស​បុគ្គល​ខ្លួនឯង​ផ្ទាល់តែ​ម្ដង។ សូម​ស្វែងយល់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​បណ្ដាលឱ្យ​មាន​កំណើន​ភាព​អត់​ការងារ​ធ្វើនៅ​កម្ពុជា ដែលមាន​ដូចជា ៖

1 . ឥទ្ធិពល​នៃវិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក ៖ នៅពេល​មិនទាន់​មាន​វិបត្ដិ​សេដ្ឋកិច្ច​ពិភព​លោក​នោះ កម្ពុជា​បាន​ប្រឈមមុខ​រួចទៅ​ហើយ នូវភាព​អត់​ការងារ​ធ្វើ​ដែលមាន​ចំនួន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ។ រយៈពេល​ដែល​កម្ពុជា​ទទួល​រង​ឥទ្ធិពល​នៃ​វិបត្ដិ​នេះ រោងចក្រ​កាត់ដេរ​ដែលជា​ក្ដី​រំពឹង​ដល់ការ​ស្រូប​ទាញ​កម្លាំង​កម្មករ​នេះបាន​បិទទ្វារ​៨០​ភាគរយ​ទៅហើយ។ នេះ​​​​​​​​​​​ជា​មូលហេតុ​មួយដែល​នាំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាត់បង់​ការងារ​មានមិន​តិចជាង​ពី៦​ទៅ៧​ម៉ឺននាក់​នោះទេ។ ម្យ៉ាង​វិញទៀត​ការ​ធ្លាក់ចុះ​នៃ​វិស័យ​សំ​ណង់​ក៏បាន​ធ្វើឱ្យ​បុគ្គលិក​កម្មករ​បាត់បង់​ការងារ​មិនតិច​ជាង២ម៉ឺន​នាក់នោះ​ទេ។ ជាមួយ​គ្នានេះ​ក៏មាន​គ្រឹះស្ថាន និង​ស្ថាប័ន​មួយ​ចំនួនបាន​នឹងកំពុង​កាត់បន្ថយ​ការ​ជ្រើសរើស ហេតុនេះ​ហើយ​ធ្វើឱ្យ​ចំនួន​នៃការ​បញ្ចប់​ការសិក្សា​របស់​និស្សិត​មាន​ចំនួន​មិន​សមាមាត្រ​នឹង​ទីផ្សារ​ការងារ។

2 . ធនធាន​មនុស្ស​នៅមាន​កម្រិត ៖ ថ្វី​ត្បិតតែ​ការ​បណ្ដុះ​បណ្ដាល​និស្សិត​មាន​កំណើន​កើនឡើង​ជារៀង​រាល់ឆ្នាំ​ក៏ពិត​មែន តែចំនួន​និស្សិត​ដែលបាន​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ស្ថាប័ន​នានា​នោះ នៅមាន​កម្រិត​នៅឡើយ។ ទាំងនេះ​អាច​បណ្ដាល​មកពី​និស្សិត មិនមាន​ការយក​ចិត្ដទុក​ដាក់​ក្នុងការ​រៀនសូត្រ មានតែ​បរិញ្ញា​តែគ្មាន​ចំណេះដឹង។ ម្យ៉ាងអាច​បណ្ដាល​មកពី​កម្មវិធី​សិក្សា​របស់គ្រឹះ ស្ថាន​នានា​មិនទាន់​មាន​ស្ដង់ដារ​គ្រប់គ្រាន់ ឬក៏​អាចមក​ពីការ​ជ្រើសរើស​យកមុខ​វិជ្ជា​សម្រាប់​សិក្សា​ជំនាញ​មិន​ឆ្លើយតប​តាម​តម្រូវ​ការ ការងារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃភាព​អត់​ការងារ​ធ្វើនៅ​កម្ពុជា

មិនជា​បញ្ហា​តូចតាច​នោះទេ នៅពេល​ដែល​ប្រទេស​មួយ​ពោរពេញ​ទៅដោយ​មនុស្ស​ទំនេរនោះ ព្រោះ​មនុស្ស​ដែល​ទំនេរ​នេះ ហើយ​ដែលជា​មេបង្ក​បញ្ហា។ មានពេល​ទំនេរ​អាចនាំ​ឱ្យ​លោកអ្នក​មួយ​ចំនួន​មាន​គំនិត​ផ្ដេសផ្ដាស ហើយអាច​បង្កនូវ​ការពិបាក​ដល់សង្គម ជាតិ​ទៀតផង។

1 . ការ​ប៉ះពាល់​ចំពោះ​បុគ្គល​ផ្ទាល់ ៖ អ្នកដែល​មិនមាន​ការងារ​ធ្វើគឺ​មានភាព​ទំនេរ​ច្រើន ជា​ហេតុធ្វើ​ឱ្យគេ​អាច​ប្រឈម​មុខជម្ងឺ​ផ្លូវចិត្ដ ដែលមាន​ដូចជា​ថប់​អារម្មណ៍​ជាដើម ហើយ​នាំឱ្យ​គេ​ផ្លាស់ប្ដូរ​ចរិត​លក្ខណៈ​ផ្ទាល់ខ្លួន ប្រែក្លាយ​ទៅជា​មនុស្ស​ឆេវឆាវ ឆាប់ខឹង និង​ងាយបង្ក​ទំនាស់​ជាមួយ​អ្នកដទៃ។ អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះ​នោះ គេអាច​ប្រព្រឹត្ដ​អ្វីដែល​ជា​អំពើ​មិន​ត្រឹមត្រូវ ដូចជា​ការសេពគប់​មិត្ដភក្ដិ​មិនល្អ ប្រើប្រាស់​គ្រឿង​ញៀន ឬក៏​អាច​ប្រព្រឹត្ដ​អំពើ​ឧបាយមុខ​គ្រប់​ប្រភេទ​បាន។ ការ​ប្រព្រឹត្ដ​អំពើ​ទាំងនេះ​លទ្ធផល​ចុង ក្រោយ​មិនមែន​ជារឿង​ដែល​ប្រសើរ​នោះទេ។

2 . ផល​ប៉ះពាល់​ចំពោះ​គ្រួសារ ៖ ប្រសិន​បើ​គ្រួសារ​ទាំង​មូលមាន​សមាជិក​ច្រើន​ដែល​គ្មាន​ការងារ​ធ្វើនោះ នាំឱ្យ​សេដ្ឋកិច្ច គ្រួសារ​ត្រូវ​ធ្លាក់ចុះ គ្រួសារ​ជួប​ប្រទះ​នូវភាព​ខ្វះខាត ជួនកាល​អាច​នាំឱ្យ​មាន​ជម្លោះ ឬអំពើ​ហិង្សា​នៅក្នុង​គ្រួសារ​ទៀតផង។

3 . ផល​ប៉ះពាល់​ចំពោះ​សង្គម ៖ នេះជា​អំរែក​ដ៏ធ្ងន់ធ្ងរ​មួយដែល​សង្គម​ត្រូវ​ប្រឈម​មុខ។ តើ​ប្រទេស​ជាតិ​អាចរីក​ចម្រើនទៅរួច​ដែរឬ​ទេ ខណៈពេល​ដែល​ចំនួននៃ​អ្នកគ្មាន​ការងារ​ធ្វើបាន​កើនឡើង​នោះ។ សង្គម​ជាតិ​ទាំងមូល​នឹងជួប​ប្រទះ​នូវ​វិបត្ដិ​គ្មានការងារធ្វើ ហើយជា​ហេតុផល​មួយដែល​នាំឱ្យ​ប្រទេសជាតិ​ធ្លាក់ចុះ​ក្នុង​ហានិភ័យ។

ដំណោះ​ស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ

មាន​វិធី​មួយ​ចំនួន​ដែលអាច​ដោះស្រាយ​បញ្ហា​នេះបាន ដែល​ត្រូវការ​ជាចាំបាច់​នូវការ​ចូលរួម​ពីគ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា ៖

  • គ្រឹះស្ថាន​អប់រំ​ត្រូវបង្កើន​គុណភាព​នៃការ​អប់រំ ដើម្បីឱ្យ​សិស្សនិស្សិត​ដែលបាន​បញ្ចប់​ការសិក្សា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​បំពេញ​ការងារ។
  • សិស្ស​និស្សិត​ទាំងអស់​ត្រូវយល់​ឱ្យច្បាស់​ពីទីផ្សារ​ការងារ​របស់​ប្រទេសជាតិ ដើម្បី​ជ្រើសរើស​ជំនាញ​ឱ្យបាន​សមស្រប និង​តម្រូវ​ទៅតាម​នោះដែរ។ ម្យ៉ាងទៀត​ការយក​ចិត្ដទុក​ដាក់ក្នុង​ការសិក្សា​ជារឿង​ដែល​ចាំបាច់​បំផុត។ ការធ្វើ​កម្មសិក្សា ការ​បំពេញ ការងារ​ដោយ​ស្ម័គ្រចិត្ដ​អាចជា​បទពិសោធន៍​មួយ​យ៉ាងល្អ​សម្រាប់​បំពេញ​ការងារ។ ការចេះ​សរសេរ​ប្រវត្ដិរូប​ផ្ទាល់ខ្លួន ប្រវត្ដិ​ការងារ លិខិត​សុំ​បំពេញ​ការងារ​ជារឿង​ដែល​ត្រូវតែ​ចេះគ្រប់​គ្នា។
  • ចំពោះ​រដ្ឋាភិបាល​មាន​ភារកិច្ច​ជំរុញ​ការ​វិនិយោគ ដើម្បី​ផ្ដល់​លទ្ធភាព​ការងារ​ដល់​យុវជន​យើង ជាពិសេស​នោះត្រូវ​យកចិត្ដ​ទុកដាក់​ទៅលើ​គុណភាព​នៃការ​អប់រំ ដើម្បី​បង្កើតបាន​ជា​ធនធាន​មនុស្ស​ដែល​បំពេញ​តម្រូវ​ការទីផ្សារ​ការងារ​បាន។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិន​បើចង់​បាន​ការងារ​ធ្វើ លោកអ្នក​គប្បី​ស្គាល់ពី​សមត្ថភាព​ខ្លួនឯង​ឱ្យបាន​ច្បាស់ ដើម្បី​ជ្រើសរើស​តួនាទី​ឱ្យ​សមស្រប។ ការរក​ការងារ​ធ្វើមិន​ពិបាក​ណាស់​ណាទេ ប្រសិនបើ​យុវជន​មាន​សមត្ថភាព​គ្រប់គ្រាន់។ សូម​ព្យាយាម​កសាងខ្លួន​ឱ្យក្លាយ​ទៅជា​ធនធន មនុស្សម្នាក់​សម្រាប់​សង្គមជាតិ នោះជាការ​ជួយ​ខ្លួនឯង ជួយ​គ្រួសារ និងជួយ​សង្គមជាតិ​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative