យុវជន និងសង្គម

នាពេល​បច្ចុប្បន្ន ភាព​ជឿនលឿន​របស់​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​គឺយុវវ័យ​បាន​វិវឌ្ឍន៍​ទៅរក​វប្បធម៌​បរទេស ដោយសារ​តែ ការហូរ​ចូលមក​ក្នុង​សង្គម​ដែល​ជឿនលឿន។ ការ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស​នេះបាន​ធ្វើឱ្យ​យុវជន​មួយ​ចំនួន​ភ្លេចភ្លាំង​ស្មារតី ពុំដឹង ថាខ្លួន​កំពុង​ធ្វើអ្វី ហើយ​មិនដឹង​ថាខ្លួន​ជាបុគ្គល​មួយ​ដែលសង្គម​កំពុងតែ​ត្រូវការ​ប៉ុណ្ណា​នោះទេ។ យុវជន​ជាកម្លាំង​ចលករ​ដែល​អាចធ្វើ ឱ្យមាន​ការ​ផ្លាស់ប្ដូរ​ជាវិជ្ជមាន​នៅក្នុង​សង្គម​នាពេល​អនាគត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ចូលរួម​ធ្វើការ​បកស្រាយ​ឱ្យ​កាន់តែ​ច្បាស់​អំពីកាតព្វកិច្ច​របស់​យុវជន​ចំពោះ​សង្គម​ជាតិ ទស្សនាវដ្ដី សុខភាពយើង បាន ជួប​ជាមួយ​នឹងកញ្ញា ម៉ៅ ពុទ្ធីរ័ត្ន មន្ដ្រី​សម្រប​សម្រួល​នៃក្រុម​ប្រឹក្សា​យុវជន​កម្ពុជា។

តើ​យុវជន​គួរមាន​ភារៈកិច្ច​អ្វីខ្លះ​ចំពោះ​សង្គម?

នៅកម្ពុជា​យុវជន​មាន​អត្រា​ដល់ទៅ​៧០ភាគរយ​នៃ​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ។ យុវជន​គឺជា​សសរទ្រូង​នៃ​ប្រទេសជាតិ និង​សង្គមជាតិ។ សង្គម​មួយអាច​រីកចម្រើន​បានក៏​ដោយសារ​មានការ​ចូលរួម​ពីយុវជន​ដែល​ត្រូវមាន​ភារៈកិច្ច​ចំពោះ​សង្គមជាតិ។

1 . ការ​ថែរក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ ៖ បញ្ហា​នៅក្នុង​សង្គម​ដែល​កើតមាន​ឡើង​ភាគច្រើន​ដោយ​សារតែ​វប្បធម៌ និង ប្រពៃណី។ វប្បធម៌​ប្រពៃណី​ដែលមាន​លក្ខណៈ​ល្អ​ផូរផង់ តែ​បើសិន​ជាយើង​មិនអាច​ការពារ​ថែរក្សា​បាន គឺងាយ​នឹងធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ពីវប្បធម៌​ផ្សេងៗ​ដែល​ខុសឆ្គង​បំផុត។ នៅពេល​ដែលមាន​ការ​ហូរចូល​នៃវប្បធម៌​ទាំងនោះ គឺនឹង​ធ្វើឱ្យ​សង្គម​មានភាព​ចលាចល និងមាន​បញ្ហា​ជាច្រើន រួមមាន​អំពើ​អបាយ​មុខ ល្បែង​ស៊ីសង និង​អំពើ​ហិង្សា​ជាដើម។ ទាំងអស់​នេះធ្វើ​ឱ្យ​យុវជន មានការ​ភ្លើតភ្លើន និង​បណ្ដាលឱ្យ​បាត់បង់​នូវ​វប្បធម៌​របស់ខ្លួន។ ដូចនេះ​ចាំបាច់​យុវជន​ត្រូវតែ​ចូលរួម​ចំណែក​ថែរក្សា​វប្បធម៌​ប្រពៃណី។

2 . ការ​ចូលរួម​កសាង​ក្នុង​ប្រទេសជាតិ ៖ នេះជា​កាតព្វកិច្ច​មួយដ៏​ចម្បង​របស់​ប្រជាពលរដ្ឋ ពិសេស​គឺយុវជន ព្រោះយុវជន ជា​អនាគត​នៃអ្នក​បន្ដវេន​ក្នុងការ​ដឹកនាំ​ប្រទេសជាតិ។ ប្រទេស​មានការ​រីកចម្រើន​បាន មិន​ត្រឹមតែ​មានការ​ចូលរួម​ដឹកនាំ​តែមនុស្ស ចាស់​ប៉ុណ្ណោះ​ទេ គឺ​យុវជន​ក៏មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​គ្រប់​រូបភាព​ទាំងអស់ ដូចជាការចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ការងារ​ស្ម័គ្រចិត្ដ​ក្នុង​សហគមន៍ ការ​បង្កើត​ឡើង​គម្រោង​តូចៗ ដើម្បី​ឆ្លើយតប​ចំពោះ​សហគមន៍ និងការ​ចូលរួម​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ។ ទាំងអស់​នេះហើយ ដែល​សុទ្ធសឹង​តែជា​ភារកិច្ច​ក្នុងការ​ចូលរួម​ចំណែក​កសាង​សង្គម ជាតិ។

3 . ការសិក្សា និងការ​ប្រកប​ការងារ ៖ យុវជន​ដែលមាន​អាយុ​ក្រោម​៣០ឆ្នាំ​មួយ​ចំនួន​កំពុងតែ​សិក្សា ធ្វើ​ការងារ ឬអាច​ធ្វើ​ការងារ​ផង​សិក្សា​ផង។ ចំពោះ​យុវជន​ដែលធ្វើ​ការងារ គឺត្រូវ​បំពេញ​ការងារ​ដែល​សុចរិត​ត្រឹមត្រូវ និងសង្គម​កំពុងតែត្រូវការ​ក៏ដូច​ជាខ្លួន​ឯងផ្ទាល់។ ចំណែក​យុវជន​ដែល​កំពុង​តែសិក្សា ភារកិច្ចដ៏​សំខាន់​គឺការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ សង្គម​នឹងអាចមានភាព​អន្ដរាយ បើសិន​ជាមិន​មាន​ធនធាន​ដើម្បី​ទៅថ្ងៃ​អនាគត​នោះទេ។ ដូចនេះ​នេះជា​ភារកិច្ច​ដ៏ចម្បង​ដែល​យុវជន​ត្រូវយក​ចិត្ដទុកដាក់​ក្នុងការ​សិក្សា​អប់រំ​សម្រាប់​ខ្លួនឯង​ផ្ទាល់ ក៏​ដូចជា​សង្គមជាតិ​ផងដែរ។ សង្គម​មួយ​ដែល​ពោរពេញ​ទៅដោយ​អ្នក​ចេះដឹង ប្រទេស រីកចម្រើន។

ហេតុអ្វី​បានជា​យុវជន​ចាំបាច់​ចូលរួម​ក្នុង​សង្គម​ជាតិ?

កុមារ​ជាទំញំង​ស្នង​ឫស្សី ឯយុវជន​គឺជា​អនាគត​នៃអ្នក​ដឹកនាំ។ ការ​អភិវឌ្ឍន៍​ក្នុង​សង្គម​មួយ​មិនមែន​មានតែ​ការ​ដឹកនាំរបស់ អ្នក​ដឹកនាំ​តែម្នាក់​នោះទេ គឺ​ចាំបាច់​មានការ​ចូលរួម​ចំណែក​គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​ប្រុសស្រី ក្មេងចាស់ និងយុវជន។ ចំណុច​សំខាន់​នៃការ​ចូលរួម​ចំណែក​ក្នុងសង្គម​គឺជា​ប្រយោជន៍​មួយ​សម្រាប់​អនាគត​របស់​ប្រទេសជាតិ។ បើសិនជា​យុវជន​មិនបាន​គិតគូរ និង​យកចិត្ដ​ទុកដាក់​ក្នុងការ​ជួយ​សង្គម និង​អភិវឌ្ឍន៍​ទេ ប្រទេសជាតិ​នឹងគ្មាន​សសរទ្រូង​ដ៏រឹងមាំ​សម្រាប់​កសាង​ប្រទេស​នោះទេ។ យុវជន​គឺជា​អនាគត​នៃអ្នក​ដឹកនាំ។ យុវជន​គឺមាន​អត្រា​ច្រើននៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ចាំបាច់​ត្រូវមាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ក្នុង សង្គម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​សាស្ដ្រ​ដើម្បីឱ្យ​យុវជន​ចូលរួម​ក្នុងសង្គម

1 . វិធី​សាស្ដ្រ​ពី​ខ្លួនឯង ៖ យុវជន​ត្រូវយល់​អំពី​សារៈសំខាន់​នៃការ​ចូលរួម​របស់ខ្លួន ព្រោះអាច​ត្រូវ និងមាន​ផលប្រយោជន៍ អ្វីខ្លះ​ចំពោះ​ខ្លួនឯង គ្រាន់​ទុកជា​បទពិសោធន៍។ យុវជន​ត្រូវចេះ​ប្រើ​វេលា​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​រឿង​ដែលខ្លួន​បានធ្វើ។ មិនត្រូវ​ចំណាយ ពេល​ទៅធ្វើ​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម ដូចជា​ការ​ប្រើប្រាស់​គ្រឿងញៀ​ន និងការ​ប្រ​ព្រឹត្ដ​អំពើ​ពាលា​អាវាសែ​ផ្សេងៗ។ យុវជន​ត្រូវដឹង ថា សង្គម​កំពុង​តែ​ជះឥទ្ធិពល​ទៅលើ​ខ្លួន ដូចនេះ​យុវជន​ផ្ទាល់​គប្បី​ត្រូវដឹង​ថាគួរ​ការពារ​ខ្លួនឯង​ដូចម្ដេច​ដើម្បី​កុំឱ្យ​រងការជះ​ឥទ្ធិពល ពី​សង្គម​នេះបាន។ យុវជន​ត្រូវ​ចៀសឱ្យ​ឆ្ងាយពី​បញ្ហា​ជាចំណុច​អវិជ្ជមាន​ទាំងឡាយ។ យើង​មិនត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យខ្លួន​ដើរតាម របត់នៃ​អំពើ​ដែល​ប្រាសចាក​សីលធម៌ទេ។

2 . វិធី​សាស្ដ្រពី​សហគមន៍​ដែលគេ​រស់នៅ ៖ ដើម្បី​ជា​វិធីសាស្ដ្រ​ដ៏ល្អ​សម្រាប់​ឱ្យ​យុវជន​ចូលរួម​ក្នុង​សង្គម គឺអ្នក​ដែលស្ថិតនៅ ជុំវិញ​យុវជន​ក៏ត្រូវ​ដឹងពី​សារៈ​ប្រយោជន៍​នៃការ​ចូលរួម​ក្នុង​សង្គម​នេះដែរ។ សហគមន៍​ត្រូវមាន​ការ​ជំរុញ​យុវជន​ចូលរួម​ចំណែក​ក្នុងការ ជួយ​សង្គមជាតិ ដូចជា​ការងារ​ស្ម័គ្រចិត្ដ​ជាដើម។ ពេលខ្លះ​យុវជន​ចាំបាច់​ត្រូវការ​លើក​ទឹកចិត្ដ ការ​គាំទ្រ ការផ្ដល់​ឱកាស និងការ ជំរុញ​ពីអ្នក​ដែលនៅ​ជុំវិញ​ខ្លួន។

3 . វិធី​សាស្ដ្រ​ពី​រាជរដ្ឋាភិបាល ៖ យុវជន​ត្រូវការ​ចូលរួម​ដោយ​សេរី និងការ​ផ្ដល់​ឱកាស​ពី​រាជរដ្ឋាភិបាល​ឱ្យ​ចូលរួម​ទាំងការ ប្រជុំ​លើក​ផែនការ​សម្រាប់​ការ​អភិវឌ្ឍន៍ និងការ​ចូលរួម​ក្នុងការ​សម្រេច​ចិត្ដ។ ទោះបីជា​យុវជន​មានឆន្ទៈ និងមាន​ការ​ជំរុញ​ពីអ្នកដែល នៅ​ជុំវិញ​ខ្លួន តែ​បើសិនជា​រាជរដ្ឋាភិបាល​មិនមាន​ការ​គាំទ្រ និង​បើក​ចំហ​ក្នុងការ​ផ្ដល់​ឱកាស​ឱ្យមាន​ការ​ចូលរួម​ធ្វើ​សេចក្ដីសម្រេច​ចិត្ដ នោះទេ យុវជន​ក៏មិន​អាចមាន​ឱកាស​ក្នុងការ​ចូលរួម​ជួយ​សង្គម​ជាតិដែរ។

4 . ការ​គាំទ្រ​នូវគំនិត​ផ្ដួចផ្ដើម​របស់​យុវជន ៖ នៅក្នុង​ការងារ​អភិវឌ្ឍន៍​មិន​សំដៅ​ទៅលើ​ការងារ​ធំៗ​នោះទេ ទោះបីជា ការងារ​តូចៗ​មួយចំនួន​ក៏​យុវជន​អាចធ្វើ​ទៅបាន​នៅក្នុង​សហគមន៍​របស់​ខ្លួន​ផងដែរ ដូចជា​ការរៃ​អង្គាស​មូល​និធិ​ដើម្បី​ជួយ​អភិវឌ្ឍន៍​នៅ ក្នុងឃុំ​សង្កាត់ ឬការ​ធ្វើ​គម្រោង​តូចៗ​ក្នុង​សហគមន៍។ ដូចនេះ​យុវជន​ចង់ឱ្យ​មានការ​សម្រប​សម្រួល និងការ​លើក​ទឹកចិត្ដ​ពីរាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​ភារកិច្ច​ដែលបាន​ធ្វើយ៉ាង​សកម្ម​ផងដែរ។ មួយ​វិញទៀត យុវជន​ត្រូវមាន​សិទ្ធិ​បញ្ចេញមតិ​យោបល់​ឱ្យបាន​ច្រើន និង​ការនិយាយ​ពី​តម្រូវការ និង​សំណើ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​កំពុង​ត្រូវការ។

បណ្ដាំ​ផ្ញើ

យុវជន​គប្បី​ចំណាយ​ពេលវេលា​ចូលរួម​ក្នុង​ការងារ​ជួយ​អភិវឌ្ឍន៍​សហគមន៍ ព្រោះនេះ​ក៏ជា​ផ្នែកមួយ​នៃការ​ទទួល​ខុសត្រូវ ចំពោះ​សង្គម។ ជា​មោទនៈភាព​មួយ​ដែល​យុវជន​ម្នាក់​អាច​បង្ហាញ​ឱ្យអ្នក​ដទៃ​ទៀតបាន​ដឹងថា យុវជន​មិនមែន​សុទ្ធតែ​ជាអ្នក​ដែល​បង្ក ឱ្យមាន​បញ្ហា​នៅក្នុង​សង្គម​នោះទេ។ ដូចនេះ​ដើម្បី​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​​​​ពី​តម្លៃ​នៃយុវជន គឺ​យុវជន​ខ្លួនឯង​ផ្ទាល់​ត្រូវ​ចូលរួម​ក្នុង សង្គម​គ្រប់​សកម្មភាព​ទាំងអស់ ដែលជា​ប្រយោជន៍​សម្រាប់​សង្គម និង​ប្រទេសជាតិ​របស់ខ្លួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative