ការ​គ្រប់គ្រង​សំណល់​រឹង(ភាគ០៤)

តាមរយៈទស្សនាវដ្ដី សុខភាពយើង កាលពីលេខមុន លោកអ្នកពិតជាបានជ្រាបច្បាស់រួចមកហើយអំពីផលប៉ះពាល់ ដែលបណ្ដាលមកពីកាកសំណល់រឹង។ ប៉ុន្ដែអ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់ការចេញផ្សាយនាខែថ្មីនេះ លោកអ្នកនឹង បានជ្រាបច្បាស់ និងទទួលបាននូវចំណេះដឹងបន្ថែមទៀតអំពីមូលហេតុនៃការកកើតសំណល់ ការទុកដាក់សំណល់រឹង និងការបែងចែក ឱ្យដាច់ពីគ្នារវាងសំណល់ធម្មតា និងសំណល់ដែលប្រកបទៅដោយគ្រោះថ្នាក់ដោយមានសុវត្ថិភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាការពិតណាស់ ជាទូទៅសំណល់រឹងត្រូវបានគេចាត់ទុកថា គឺសំណល់ចុងក្រោយដែលគ្មានតម្លៃពីការប្រើប្រាស់។ ប៉ុន្ដែ លោកអ្នកត្រូវយល់ថា នៅក្នុងនោះសំណល់អាចត្រូវបានកែច្នៃ និងមានប្រយោជន៍ជាលើកចុងក្រោយ ដោយយោងទៅលើប្រភព បង្កើតសំណល់ ការចេះទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ ជាពិសេសការចេះបែងចែកសំណល់។

ការបង្កើតសំណល់

ការបង្កើតសំណល់គឺជាសកម្មភាពនៃការសេសសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះគ្មានតម្លៃតទៅទៀតដែលត្រូវគេ បោះបង់ចោល។ ការបង្កើតសំណល់រឹងដោយមនុស្សម្នាក់មានប្រមាណពី០,៥ដល់១,៥គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ បរិមាណនេះខុសពីប្រទេសអភិវឌ្ឍន៍ ដែលបរិមាណសំណល់របស់គេអាចមកដល់ទៅ៤គីឡូក្រាមក្នុង មនុស្សម្នាក់ក្នុងមួយថ្ងៃ។

សកម្មភាពចល័តសំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក

ជាសកម្មភាពមួយដែលជួយដល់ការស្ដុក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដែលចំណុចនេះអាចបង្កើត សំណល់រឹងទាំងអស់ ត្រូវតែយកចិត្ដទុកដាក់បំផុតដើម្បីចៀសវាងរាល់បញ្ហាដែលកើតមានឡើងដោយសំណល់រឹង យើងគួរធ្វើការ ពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖

  • តើសំណល់របស់យើងជាប្រភេទសំណល់អ្វី?
  • តើត្រូវធ្វើការវេចខ្ចប់តាមរបៀបណា?
  • តើប្រភេទសំណល់របស់យើងត្រូវយកទៅទុកដាក់ ឬស្ដុកទុកបណ្ដោះអាសន្នមុនធ្វើការប្រមូលនៅកន្លែងណា?

ការញែកសំណល់

ការញែកសំណល់នៅតាមលំនៅដ្ឋានគឺ ដើម្បីកាត់បន្ថយនូវបរិមាណសំណល់ដែលត្រូវយកទៅចាក់ចោលនៅទីតាំងចាក់សំណល់រឹង។ វិធីសាស្ដ្រមួយចំនួនដែលអាចយកទៅអនុវត្ដ ឬគួរគិតពិចារណាមានដូចតទៅ ៖

1 . ការញែកសំណល់ដែលប្រកបដោយគ្រោះថ្នាក់ចេញពីសំណល់ដែលមិនគ្រោះថ្នាក់ ៖ ទោះបីជានៅតាមលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ មិនមែនជាប្រភពចម្បងដែលបង្កើតឡើងនូវសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្ដែវាក៏មានប្រភេទសំណល់មួយចំនួន ដូចជា ថ្មពិល អាគុយ សំណល់ថ្នាំពេទ្យដែលសេសសល់ពីការប្រើប្រាស់ ឬផុតកាលកំណត់នៃការប្រើប្រាស់ សំណល់ថ្នាំសម្លាប់សត្វ និងកំប៉ុង ដែលមានដាក់សារធាតុគីមីមួយចំនួនទៀតដែលមានផ្ទុកនូវសារធាតុពុល។ ដូច្នេះសំណល់វត្ថុទាំងនោះគួរតែញែកចេញឱ្យដាច់ពីគ្នារវាង សំណល់ធម្មតា។ លើសពីនេះទៅទៀតសំណល់ធម្មតាដែលអាចយកទៅប្រើក្នុងគោលបំណងផ្សេងទៀតបាន គួរតែញែកចេញពី សំណល់ដែលត្រូវបោះចោល។ ឧទាហរណ៍ ដូចជាថង់ប្លាស្ទិក និងកញ្ចប់មួយចំនួន យើងអាចយកទៅលាងសម្អាតដើម្បីទុកប្រើប្រាស់ ឡើងវិញ ចៀសវាងការទិញស្បោង ឬប្រអប់មកទុកប្រើប្រាស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . ការញែកសំណល់សម្រាប់កែច្នៃ ៖ គឺជាការញែកសំណល់រឹង ដូចជាក្រដាស កំប៉ុងអាលុយមីញ៉ូម អំបែងដប ឬកែវ និង សារធាតុប្លាស្ទិកចេញពីគ្នា។ រីឯប្រភពបង្កើតសំណល់រឹងដើម្បីយកទៅកែច្នៃ គឺជាមធ្យោបាយល្អ ប្រសើរមួយដើម្បីសន្សំសំចៃវត្ថុធាតុ ដើម មានន័យថាយើងអាចកាត់បន្ថយការទាញយកធនធានធម្មជាតិយកមកប្រើប្រាស់។ ទន្ទឹមនឹងការញែកសំណល់ទាំងនេះ បញ្ហា ដែលយើងត្រូវគិតគូរគឺថា តើយើងត្រូវទុកដាក់វាបែបណា មុនពេលដែលសេវាកម្មនៃការប្រមូលសំណល់ ឬសម្រាមបានមកដល់។ នៅបណ្ដាប្រទេសមួយចំនួនដែលមានប្រព័ន្ធកែច្នៃល្អប្រសើរ រួមផ្សំនឹងមានគោលការណ៍ណែនាំ និងការអប់រំស្ដីពីការទុកដាក់ ឬបោះ ចោលសំណល់រឹង ប្រជាពលរដ្ឋបានយកសំណល់ដែល គេញែកទៅទុកដាក់តាមគោលការណ៍ដែលរដ្ឋាភិបាលបានណែនាំ។

3 . ការញែកសំណល់ដែលនៅតាមទីសាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម ៖ ការញែកសំណល់រឹងនៅតាម សាធារណៈ រោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្ម មានភាពលំបាក និងស្មុគស្មាញជាងតាមលំនៅដ្ឋាន ដោយទីនោះជាកន្លែង ដែលមមាញឹក និងមានទំនាក់ទំនងទៅនឹងប្រជាជនទូទៅ។ ដូច្នេះការញែកសំណល់នេះវាទាក់ទងទៅនឹងឥរិយាបថ ការយល់ដឹងរបស់ ប្រជាពលរដ្ឋ និងស្មារតីចូលរួមក្នុងសកម្មភាពនៃការញែកសំណល់នេះ។ នៅបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ប្រទេស ស៊ុតអែតជាដើម រដ្ឋាភិបាលរបស់គេបានប្រើប្រាស់ធុងមួយណាសម្រាប់ដាក់សំណល់លោហៈធាតុ ធុងមួយណាសម្រាប់ដាក់ថង់ប្លាស្ទិក និងធុងមួយណាសម្រាប់ដាក់សំណល់អាហារ(ឬសំណល់ដែលអាចបំបែកបានដោយពពួកមីក្រូសារពាង្គកាយ)។

ការស្ដុក និងទុកដាក់បណ្ដោះសំណល់

ការស្ដុកទុកបណ្ដោះអាសន្ន គឺសំដៅទៅលើការស្ដុកទុកក្នុងរយៈពេលខ្លីមួយ ដើម្បីរង់ចាំសេវានៃការប្រមូលយកទៅចាក់ ចោលនៅទីតាំងចាក់សំណល់។ ចំណុចផ្សេងៗដែលយើងគួរតែយកមកគិតគូរពិចារណាក្នុងការស្ដុកទុកសំណល់រឹងមាន ៖

  • ទីតាំងដាក់ធុង(ដើម្បីសោភ័ណភាព និងសុខុមាលភាព)
  • ប្រភេទ និងចំណុះរបស់ធុងសម្រាប់រក្សាទុក។

ការស្ដុកទុកគួរតែរក្សាទុកក្នុងធុងដែលមានគម្របត្រឹមត្រូវ និងទំហំល្មម(ងាយស្រួលដល់ការលើកដាក់ចំពោះអ្នកប្រមូល សំណល់) និងអាចដាក់សំណល់គ្រប់គ្រាន់ទៅតាមរយៈពេលនៃការស្ដុកទុករង់ចាំសេវាកម្មប្រមូលមកដល់ ហើយរយៈពេលនៃការស្ដុក ទុកអាស្រ័យទៅលើប្រភេទសំណល់នោះ។ បើជាប្រភេទសំណល់ចំណីអាហារគឺគួរកុំស្ដុកទុកឱ្យលើសពី រយៈពេល៤ថ្ងៃ បើមិនដូច្នេះទេ សំណល់ទាំងនោះនឹងរលួយដែលបណ្ដាលឱ្យជះក្លិនស្អុយ និងបង្កឱ្យមានការរីករាលដាលនូវមេរោគឆ្លងផ្សេងៗ។ ចំណែកឯប្រភេទធុង គួរតែជ្រើសរើសធុងដែលមាំប្រើជាប់បានយូរតែមានទម្ងន់ស្រាល ដើម្បីងាយស្រួលដល់ការផ្ទេរសំណល់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬទៅធុងផ្សេងទៀត។

នៅទីតាំងផ្សេងដូចជាតាមផ្សារក៏ដូចជាតាមទីសាធារណៈដែរ ការរក្សាទុកគួរតែរៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ចៀសវាងការគរជាគំនរចោលនៅលើដី ពីព្រោះការគរចោលបែបនេះនឹងត្រូវធ្វើឱ្យរាយប៉ាយដោយសព្វពាហនៈ ដែលទៅកកូរកកាយ រកចំណី និងមនុស្សមួយចំនួនទៅកកាយ ដើម្បីរកវត្ថុដែលអាចយកទៅកែច្នៃបាន។ លើសពីនេះទៅទៀតសំណល់ដែលមិនបានទុកដាក់ ត្រឹមត្រូវអាចប៉ើងតាមខ្យល់ និងជះក្លិនមិនល្អដល់បរិស្ថាន។ ការដាក់ធុងនៅតាមដងផ្លូវសាធារណៈ ឬសួនច្បារត្រូវដាក់ឱ្យបានគ្រប់ គ្រាន់ ហើយដាក់នៅកន្លែងដែលសមរម្យមិនបង្កឱ្យប៉ះពាល់ដល់សុវត្ថិភាពសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ចរាចរ។

បណ្ដាំផ្ញើ

ដើម្បីធ្វើឱ្យបរិយាកាសរស់នៅជុំវិញប្រកបទៅដោយភាពបរិសុទ្ធ រក្សាសោភ័ណភាពទីក្រុង ជាពិសេសសុខភាព និងបង្កើន សុភមង្គលនៅក្នុងគ្រួសារ លោកអ្នកគួរតែត្រូវចេះបែងចែកនូវប្រភេទសំណល់មួយចំនួន និងការស្ដុកទុករង់ចាំភ្នាក់ងារប្រមូលឱ្យបានត្រឹមត្រូវ។
(សូមរង់ចាំអានបន្ដនៅលេខក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *