បញ្ហា​ផ្លូវចិត្ដ​ក្រោយ​ពេល​សម្រាលកូន

ស្ដ្រី​គ្រប់រូប​គួរតែ​មាន​ការ​សប្បាយ​រីករាយ​នៅពេល​ដែលបាន​សម្រាល​បុត្រ​ហើយ។ ផ្ទុយ​មកវិញ​ ស្ដ្រីមួយ​ចំនួន​បែរ ជាមាន​បញ្ហា​ផ្លូវចិត្ដ​ទៅវិញ ក្រោយ​ពេល​សម្រាលកូន​រួច។ ដោយ​សារតែស្ដ្រី​ទាំងនោះ​ភាគច្រើន​ទទួល​បន្ទុក​គ្រួសារ​ច្រើនមុខ ដែលជា​ហេតុធ្វើ​ឱ្យស្ដ្រី​គិតច្រើន ខ្វល់ខ្វាយ ជាហេតុ​បង្កឱ្យ​មាន​អារម្មណ៍​វិលវល់ មាន​ចិត្ដ​មិនស្ងប់ ហើយ​បណ្ដាល​ឱ្យទៅ​ជាទាស់ និង មាន​បញ្ហា​ផ្លូវចិត្ដ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ចក ធីតា ឯកទេស​វិកលវិទ្យា និង​ជា អនុប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ​នៃក្រសួង​សុខាភិបាល​ធ្វើការ​បកស្រាយ​ជូន​ប្រិយមិត្ដ អំពី​បញ្ហា​ផ្លូវចិត្ដ​ដែល​កើតមាន​ ក្រោយ​ពេល​សម្រាល​កូន​របស់​ស្ដ្រីជា​ម្ដ្កាយ។

ហេតុ​អ្វីបាន​ជាសុខ​ភាពផ្លូវចិត្ដ​មាតា​សំខាន់?

ជា​ធម្មតា​រវាង​ម្ដាយ និងកូន​គឺមាន​សម្ព័ន្ធ​នឹងគ្នា។ ហេតុ​នេះ​ប្រសិន​បើម្ដាយ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ដ នោះនាំ​ឱ្យ​ទារក ដែលនៅ​ក្នុងផ្ទៃ​ក៏មាន​សុខភាព​មិនល្អ​ដែរ។ ម្ដាយ​មាន​អារម្មណ៍​បែប​ណា កូនដែល​នៅក្នុង​ផ្ទៃក៏​មាន​អារម្មណ៍​បែប​នោះដែរ ព្រោះ អារម្មណ៍​របស់​ម្ដាយ គឺ​ជាអារម្មណ៍​របស់​កូន។ បើ​ម្ដាយ​មានភាព​ទុកសោក​សង្រេង ស្មុគ​ស្មាញ គិត​ច្រើន ទាំង​នេះគឺជា​ការប៉ះ​ទង្គិច ទៅ​ដល់​កូន​នៅក្នុង​ផ្ទៃ​ផង​ដែរ។ ដូចនេះ​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ដ​របស់​ម្ដាយ​សំខាន់​ណាស់ ដែលអ្នក​ជាទី​ស្រឡាញ់ ជាស្វាមី និង​ក្រុមគ្រួសារ​យកចិត្ដ​ទុក​ដាក់​ថែទាំ។

លក្ខណៈទូទៅរបស់ស្ដ្រីក្រោយពេលសម្រាលកូន

ស្ដ្រី​ទូទៅ​តែងតែ​មាន​អារម្មណ៍​មិនខុសគ្នា​ប៉ុន្មានទេ ក្រោយ​ពេល​សម្រាល​បុត្រ​ហើយ។ លក្ខណៈ​អារម្មណ៍​ទាំង​នោះ បានបង្ហាញ​ឱ្យដឹង​ជាអាការ​ដូចតទៅ ៖

1. លក្ខណៈ​ទី១ ៖ ក្រោយពេល​សម្រាល​បុត្រ​បាន​១សប្ដាហ៍ ស្ដ្រីមាន​ភាព​ស្រងូត​ស្រងាត់ មាន​អារម្មណ៍​ចង់យំ។ នេះជា​ រឿង​ធម្មតា​របស់ស្ដ្រី​ទូទៅ​ដែល​កើតមាន​អារម្មណ៍​បែបនេះ​ ក្នុងរយៈ​ពេល២​ឬ៣ថ្ងៃ​តែប៉ុណ្ណោះ ហើយ​លក្ខណៈ​នេះមិន​បង្ក​ឱ្យ​មាន គ្រោះថ្នាក់​អ្វីឡើយ។
2. លក្ខណៈទី២ ៖ ក្រោយពេល​ទារក​កើត​បាន១​ខែ ម្ដាយ​មាន​អារម្មណ៍​សោះ​អង្គើយ​ចង់តែ​យំ មាន​បញ្ហា​ទទួល​ទាន អាហារ​មិន​សូវ​បាន ដេក​មិនសូវ​លក់ ឬអស់​កម្លាំង​ល្ហិតល្ហៃ​ជាដើម។ នៅពេល​នេះ ម្ដាយពុំ​បានយក​ចិត្ដទុក​ដាក់ថែ​ទាំទារក​ទេ ពី​ព្រោះ ខ្លួន​ឯងមាន​បញ្ហា​ធ្លាក់​ទឹកចិត្ដ។
3. លក្ខណៈទី៣ ៖ ភាគតិច​ណាស់​ដែលស្ដ្រី​មានការ​វង្វេងវ​ង្វាន់ មាន​អារម្មណ៍​តប់ប្រមល់ និយាយ​មិនដឹង​ខុសត្រូវ គ្មាន​អនាម័យ ស្លៀក​ពាក់​មិន​ដឹង​ស្លៀក​ពាក់ ព្រោះមាន​ការធ្លាក់​ទឹកចិត្ដ​ធ្ងន់ធ្ងរ។ លក្ខណៈ​នេះជា​បញ្ហា​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​បង្កឱ្យ​មាន​គ្រោះថ្នាក់។

មូលហេតុស្ដ្រីមានបញ្ហាផ្លូវចិត្ដក្រោយពេលសម្រាលកូន

ម្ដាយមាន​កិច្ចការ​ត្រូវមើល​ថែទាំ​កូន ពិត​ជា​ធ្វើ​ឱ្យ​ហត់នឿយ​ច្រើន ទាំង​កម្លាំងចិត្ដ និង​កម្លាំង​កាយ។ ដូចនេះ​ម្ដាយ​តែងតែ ​គិតច្រើន​ពីរឿង​នេះ​ពីរឿង​នោះ​មិន​ឈប់​ឈរ។ ឧទា​ហរណ៍ ស្ដ្រីម្នាក់​មិន​ដែល​មាន​កូនទេ នៅ​ពេល​ដែលមាន​កូន​ជា​លើកទី១ ស្ដ្រី​ម្នាក់ នោះ​ចាប់ផ្ដើម​គិតច្រើន ថាត្រូវ​ចិញ្ចឹម​កូនយ៉ាង​ម៉េច តើខ្លួន​ឯង​ត្រូវទៅ​ធ្វើការ​បាន​ដែរឬទេ បើសិន​អាចទៅ​ធ្វើការ​បាន តើមាន​ពេល រៀប​ចំបាយ​ទឹកឱ្យប្ដី​ឬអត់ តើមាន​អ្នកណា​ជួយ​មើល​កូន។ ការគិត​នេះ ​គឺស្ដ្រី​ចាប់​ផ្ដើម​គិត​តាំងពី​មាន​ផ្ទៃពោះ​មកម្ល៉េះ។ មិនថា​តែស្ដ្រី ទើប​តែមាន​កូនជា​លើក​ដំបូង​ទេ ស្ដ្រី​ដែលធ្លាប់​មានកូន​ច្រើន​ហើយ​ក៏គិត​ដូច្នេះ​ដែរ ព្រោះ​ត្រូវ​បន្ថែម​បន្ទុក​មួយ​ទៀត ហើយ​ចំណាយ ក៏កាន់​តែច្រើន​ជាង​មុន។ បន្ទាប់​ពីសម្រាល​កូន​បាន​២ឬ៣ខែ ស្ដ្រីមាន​ការព្រួយ​ខ្លាចតែ​មាន​ផ្ទៃពោះ​ទៀត ជាហេតុ​ធ្វើឱ្យ​ស្ដ្រី​មាន អារម្មណ៍​ខ្វល់​ខ្វាយ គិត​ច្រើន។ ម្យ៉ាង​ទៀត ចំណែក​ឯស្ដ្រី​ដែល​មាន​ប្ដី​ចូលចិត្ដ​ទៅមាន​ស្រី​នៅ​ខាង​ក្រៅ ក៏ជា​បញ្ហា​ដែល​ធ្វើឱ្យ​ស្ដ្រី​ដេក មិន​លក់ ព្រួយ​បារម្ភ​នៅពេល​ដែល​ខ្លួន​ឯង​សម្រាល​កូន ព្រោះខ្លាច​តែប្ដី​មិន​យក​ចិត្ដ​ទុកដាក់​ថែទាំ​ខ្លួន។ ការគិត​ទាំងនេះ​កើតមាន​ជា​ប្រចាំ ​បណ្ដាល​ឱ្យស្ដ្រី​ឈាន​ទៅមាន​បញ្ហាផ្លូវ​ចិត្ដ​ក្រោយ​ពេល​សម្រាល​កូន។

រោគសញ្ញា​បញ្ហា​ផ្លូវចិត្ដ​ក្រោយ​ពេល​សម្រាល​កូន

ក្រោយពេល​សម្រាល​កូន​បាន​២សប្ដាហ៍ បញ្ហាផ្លូវ​ចិត្ដ​របស់​មាតា​បាន​បង្ហាញ​អាការ​យ៉ាងច្បាស់ ដូចជា​មាន​អាកប្ប​កិរិយា ប្លែកៗ ​ខុសពី​ធម្មតា ចេះតែ​ភ្លឹក មាន​ភាព​ស្រងូត​ស្រងាត់ អារម្មណ៍​រវើ​រវាយ​ដូចជា​មិននៅ​ក្នុងខ្លួន វង្វេង​វង្វាន់ ភ្លេច​ច្រើន និយាយ​ស្ដី មិនដឹង​ខុសត្រូវ ចង់តែ​ស្រែកយំ ដើរមិន​ដឹងដើរ​ជាដើម។ ជួនកាល​បើមាន​បញ្ហា​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ អាច​ស្រែក និយាយ​តែម្នាក់​ឯង ដោយ​ចេះតែ​ឮសម្លេង​គេមក​ហៅ ដែល​ជារោគ​សញ្ញា​វិកលចរិត។

វិធីព្យាបាល​បញ្ហាផ្លូវចិត្ដ​ក្រោយពេល​សម្រាលកូន

បញ្ហាផ្លូវចិត្ដ​នេះ បើកើត​ឡើងនៅ​ដំណាក់​កាលដំបូង​ ហើយ​ស្ថិតនៅ​កម្រិត​ស្រាល គ្រូពេទ្យ​ឯកទេស​អាចធ្វើ​ការ​ព្យាបាល តាមបែប​ប្រឹក្សា​យោបល់ ប្រយោជន៍​ជួយគាត់​ឱ្យស្វែង​យល់ពី​បញ្ហា និង​រកវិធី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។ ការធ្វើ​បែប​នេះ ជា​មធ្យោបាយ​ជួយឱ្យ​ឆាប់​ជាសះ​ស្បើយ និង​ត្រឡប់​ទៅរក​ភាព​ប្រក្រ​តីវិញ។ ប្រសិន​បើ​ផ្លូវចិត្ដ​នេះទុក​យូរមិន​ឆាប់​ប្រញាប់​មក កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ទេ ផ្លូវចិត្ដ​នេះកាន់តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ ដូចជា​ចង់​សម្លាប់​ខ្លួនជាដើម។

វិធី​បង្ការ​បញ្ហា​ផ្លូវចិត្ដ​ក្រោយ​ពេល​សម្រាល​កូន

មុនពេល​ចាប់ផ្ដើម​មានកូន ស្ដ្រី​ដែល​ទើប​តែ​មានកូន​ជាលើក​ដំបូង​ត្រូវស្វែង​យល់ថា បើខ្លួន​ឯងមាន​កូន តើត្រូវ​ថែទាំ​កូន​បែបណា​ ហើយ​អាចទៅ​ធ្វើការ​បានដែរ​ឬទេជា​ដើម។ នេះជា​វិធីមួយ​ដែលជួយ​ស្ដ្រីជាអ្នក​ដែលទើប​តែសម្រាល​បុត្រអាច​ទទួលបាន​នូវការ យល់​ពីបញ្ហា និង​មាន​អារម្មណ៍​នឹង​នរជាង​មុនបាន។ ម្យ៉ាងទៀត​បន្ទាប់​ពីសម្រាល​កូន ក្រុម​គ្រួសារ ប្ដី ឬអ្នក​ដែលជិត​ដិតអា​ចជួយ ផ្នែកផ្លូវ​កាយ និង​គាំទ្រផ្លូវ​ចិត្ដ និង​មិន​ត្រូវបណ្ដោយ​ឱ្យគាត់​នៅឯកោ​ទេ។

ដំបូន្មានអ្នកឯកទេស

សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ​របស់​ស្ដ្រីជា​មាតា​សំខាន់​ណាស់ ដែល​ស្វាមី និង​បងប្អូន​ញាតិមិត្ដ​គួរយក​ចិត្ដ​ទុក​ដាក់។ បុរស​ជាប្ដី​មិនត្រូវ​ធ្វើបាប​ផ្លូវចិត្ដ​ភរិយា​ឱ្យគ្រាំ​គ្រាឡើយ។ បន្ទាប់​ពី​ត្រឡប់​មកពី​ធ្វើការ​វិញ កិច្ចការ​អ្វីដែល​មាន​នៅ​ក្នុងផ្ទះ អាច​ធ្វើ​បាន ប្ដីគួរ​តែ​ចែក​រំលែក​សម្រាល​ការងារ​ភរិយាឱ្យ​បាន​ច្រើន​បំផុត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative