ការត្រៀមទប់ស្កាត់ជម្ងឺគ្រុនឈាម

ជម្ងឺ​គ្រុនឈាម​ជាជម្ងឺ​ដែល​សាហាវ ហើយ​អាចសម្លាប់​ជីវិតកុមារ​បាន ប្រសិន​បើមិន​មាន​ការ​ជួយ​សង្គ្រោះ​ទាន់ពេល​វេលា។ ដោយ​ឈរ​លើហេតុផល​នេះ​ហើយ ទើប​ទាមទារ​ឱ្យលោក​អ្នក​ជា​ឪពុកម្ដាយ ឬ​អាណា​ព្យាបាល​យក​ចិត្ដ​ទុកដាក់​ក្នុងការ​មើល​ថែទាំ​កុមារ ជា​ពិសេស​នៅរដូវ​វស្សា​ដែល​មានភ្លៀង​ធ្លាក់​ជោកជាំ ជាហេតុ​ធ្វើឱ្យ​មានការ​កកើត​មូសខ្លា​ដែលជា​ភ្នាក់ងារ​ចម្លង​ជម្ងឺ។ ជារៀង​រាល់ឆ្នាំ​ក្រសួង​សុខាភិបាល​ក៏ដូចជា​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​គ្រុនឈាម​ក៏ដូចជា​មន្ទីរពេទ្យ​នានា បាន​យកចិត្ដ​ទុកដាក់​យ៉ាងខ្លាំង ទៅលើ​ការ​ទប់ស្កាត់​ដោយ​សំដៅ​កាត់បន្ថយ​មរណៈភាព​កុមារ​ដោយសារ​ជម្ងឺ​គ្រុនឈាម។

រូបភាពទស្សនាវដ្ដីសុខភាពកម្ពុជា

លោក ង៉ាន់ ចាន់ថា ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹ​ងជម្ងឺ​គ្រុន​ឈាម​មាន​ប្រសាសន៍​ឱ្យដឹងថា នៅក្នុង​រដូវវស្សា​ខាងមុខ​នេះ​មជ្ឈមណ្ឌល​បានត្រៀម​រួចជា​ស្រេច ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង​នូវជម្ងឺនេះ នៅតាម​បណ្ដា​ខេត្ដក្រុង​ទាំងអស់។ ការ​ត្រៀមទាំង​អស់នេះ​មានដូចជា ៖

  • រៀប​ចំវគ្គ​បណ្ដុះបណ្ដាល​ដល់ក្រុម​គ្រូពេទ្យ​ព្យាបាល​ជម្ងឺគ្រុន​ឈាម​ទាំងអស់ ដើម្បី​បង្កើត​ការឃ្លាំ​មើល​កើត​មាន​ករណី​ជម្ងឺ
  • រៀបចំ​ផែនការ​ដាក់អា​បេត​នៅតាម​លំនៅដ្ឋាន​ប្រជា​ពលរដ្ឋ ដោយ​ត្រៀមប្រើ​ប្រាស់​អាបេត​ប្រមាណ​ជាជិត​១០០តោន
  • រៀបចំការ​បណ្ដុះ​បណ្ដាល​លោក​គ្រូអ្នក​គ្រូនៅ​តាមសាលា​រៀន​ឱ្យ​មានការ​យល់ដឹង​ពីការ​លុបបំបាត់​ជម្រក​មូសខ្លា ការពារ ជម្ងឺគ្រុន​ឈាមនៅ​តាមសាលារៀន។
  • ជាមួយ​និងយុទ្ធ​សាស្ដ្រ​ខាង​លើនេះ ក្រសួង​សុខាភិបាល​ក៏ដូច​ជាមជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជម្ងឺគ្រុន​ឈាម​ក៏ត្រៀមនូវការ សង្គ្រោះ​បន្ទាន់​នៅពេទ្យ ដែលមាន​ករណីផ្ទុះ​ឡើងនូវ​ជម្ងឺនេះ។ នៅ​ពេលនេះ​ក៏មាន​ករណីជម្ងឺ​គ្រុនឈាម​នៅតាម​បណ្ដា​ខេត្ដមួយ ចំនួនដែរ តែ​មិនទាន់​មានករណី​គ្រោះថ្នាក់​ដល់អាយុជីវិត​កុមារនៅ​ឡើយទេ។ តាមការ​សិក្សាជាក់​ស្ដែង ជម្ងឺគ្រុន​ឈាម​ច្រើន​កើតមាន ច្រើន​ករណី​នៅក្នុង​រដូវវស្សា ​តែ​មិន​មែន​មានន័យ​ថាក្នុង​រដូវប្រាំង​គ្មាននោះ​ទេ គឺមាន គ្រាន់តែ​មានអត្រា​ទាបតែ​ប៉ុណ្ណោះ។ ជាទូទៅ​ជម្ងឺគ្រុនឈាម​ច្រើន​កើតមាន​នៅក្នុង​តំបន់​ដែលមាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ ដូចជា​នៅរាជធានី​ភ្នំពេញ ខេត្ដ​កំពង់ចាម ខេត្ដ​បន្ទាយមាន ជ័យ ខេត្ដ​កណ្ដាលជាដើម។
    លោក ង៉ាន់ ចាន់ថា មាន​ប្រសាសន៍បន្ដ​ទៀតថា ដើម្បី​ការពារ​ក៏ដូចជា​ទប់ស្កាត់​ជម្ងឺគ្រុន​ឈាមនេះ គឺត្រូវ​តែមានការ សហការណ៍​គ្នា មិនមែន​មជ្ឈមណ្ឌ​លជាតិប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុនឈាម ឬ​ក្រសួង​សុខាភិបាល​ធ្វើតែ​ឯងបាន​សម្រេច​នោះទេ ទាល់​តែមាន ការចូល​រួមពី​ប្រជាពលរដ្ឋ ជា​ពិសេស​មាតាបិតា​កុមារ​តែម្ដង គឺ​រួមគ្នា​បំបាត់​ជម្រក​មូសខ្លា​ដែលជា​ភ្នាក់ចម្លង​រោគ។ អ្វី​ដែល​ត្រូវ​យក ចិត្ដ​ទុកដាក់​ដល់គឺ​ការយក​កូនលោក​អ្នក​ទៅកាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដល់កុមារ ព្រោះថា​ការ ស្លាប់​របស់កុមារ​ដោយសារ​ជម្ងឺគ្រុនឈាម​ក្នុងពេល​កន្លងមក ភាគ​ច្រើន​កើតមាន​ដោយការ​យកកុមារ​មកកាន់​មន្ទីរពេទ្យ​មិនទាន់​ពេលវេលា។ ជាមួយគ្នា​នេះ​ផងដែរ លោក​ក៏បាន​សំណូមពរ​ដល់មាតា​បិតាទាំង​អស់ត្រូវ​យកចិត្ដ​ទុកដាក់​តាមដាន​សុខភាព​កុមារឱ្យ​បាន ត្រឹមត្រូវ បើកុមារ​កម្ដៅខ្លួន​ខុសប្រក្រតី ត្រូវ​នាំកូនមក​កាន់មន្ទីរ​ពេទ្យជា​បន្ទាន់ ហើយ​មិនត្រូវ​ប្រើប្រាស់​ប្រភេទ​ថ្នាំអាស្ពឺរីន​ឱ្យសោះ ព្រោះ​នាំឱ្យ​គេមាន​គ្រោះ​ថ្នាក់បាន។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

    Google Analytics Alternative