«ជិះផង​ រើស​ផង» ចូល​រួម​សម្អាត​បរិស្ថាន​

ការ​ចូល​រួម​សម្អាត​បរិស្ថាន គឺ​ជា​ភារ​កិច្ច​របស់​មនុស្ស​គ្រប់​រូប​នៅ​លើ​សកល​លោក​ដែល​មិន​អាច​ខ្វះ​បាន ព្រោះ​ថា​ ប្រសិន​បើ​បរិស្ថាន​នៅ​កន្លែង​ដែល​មនុស្ស​គ្រប់​រូប​រស់​នៅ មាន​សភាព​មិន​ល្អ​ស្អាតហើយ​​នោះ សុខ​ភាព និង​អាយុ​ជីវិ​តរបស់​មនុស្ស​ ក៏​នឹង​ត្រូវ​ថម​ថយ​ពី​មួយ​ថ្ងៃ​បន្តិច​ម្តងៗ​ ដោយ​សារ​តែ​ជម្ងឺ​កាច​សាហាវ​ផ្សេងៗ​មក​បៀត​បៀន​ផង​ដែរ។ តើ​ប្រទេស​កម្ពុជា​ គួរ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ជួយ​សម្អាត​បរិស្ថាន​នៅ​ក្នុង​ប្រទេស​ឲ្យ​មាន​សភាព​ល្អ​ស្អាត​ ព្រម​ទាំង​ផ្តល់​សារ​អប់​រំ​ស្តី​អំពី​បរិស្ថាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព?​

រូបភាពគេហទំព័រសុខភាពកម្ពុជា

កាល​ពី​វេលា​ម៉ោង​៥និ​ង៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិ​ថុនា ឆ្នាំ​២០១២ កម្ម​វិធី ” ជិះ​ផង រើស​ផង ” ដែល​ជា​សកម្មភាព​ ចូល​រួម​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរ​ជាតិ (JCI) បាន​ដឹក​នាំ​ការ​ជិះ​កង់​ជា​ក្រុម​មួយ ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​តាកែវ​ កែប​ និង​អាច​បន្ត​ដំណើរ​រហូត​ដល់​ខេត្ត​កំពត ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២​ដល់ ថ្ងៃ​ទី ២៤​ខែ មិថុនា​ឆ្នាំ​២០១២​ ក្រោម​ពាក្យ​ស្លោក​ ” ជិះ​ផង ! រើស​ផង !” ជា​សកម្ម​ភាព​មួយ​នៃ​កម្ម​វិធី Let´s Do It 2012 ដែល​គ្រោង​នឹង​ប្រមូល​មនុស្ស​ឲ្យ​បាន​ ១​ម៉ឺន​នាក់​ ចូល​រួម​សម្អាត​ទីក្រុង។​
កម្ម​វិធី ” ជិះ​ផង រើស​ផង” មាន​ការ​ចូល​រួម​ពី​អ្នក​ស្ម័គ្រ​ចិត្ត មក​ពី​ក្រុម​ហ៊ុន អង្គ​ការ សកល​វិទ្យា​ល័យ និង​យុវជន​ទូទៅ ដែល​មាន​បំណង​ ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រលាញ់ និង​ថែរ​ក្សា​បរិស្ថាន តាម​រយៈ​ការ​មិន​ចោល​សម្រាម​ពាស​វាល​ពាស​កាល ។ លើស​ពី​នេះ កម្ម​វិ​ធី Let´s Do​ It 2012 ធ្វើ​ឡើង​ដើម្បី​បំផុ​សប្រជាជន​កម្ពុជា ឲ្យ​ចេះ​ស្រលាញ់​ និងចេះ​ការពារ​បរិស្ថាន យល់​ដឹង​ពី​ការ​ ចោល​សម្រាម​ ដោយ​ការ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់ ទើប​គេ​អាច​ឈាន​ទៅ​រក​បរិស្ថាន​មួយដែល​គ្មាន​សំរាម​រប៉ាត់​រប៉ាយ។​

លោក ជី សិលា អគ្គ​នាយកក្រុម​ហ៊ុន CBM ដែល​បាន​ចូល​រួម​ក្នុ្ងង​សកម្ម​ភាព​ជិះ​កង់​រើស​សំរាម​តាម​ដង​ផ្លូវ​នេះ​ បាន​ថ្លែង​ប្រាប់​ឲ្យ​បានដឹង​ថា” កម្មវិធី ជិះ​ផង​រើស​ផង​ បាន​ន័យ​ថាពេ​ល​យើង​ជិះ​កង់ ទៅ​ដល់​កន្លែង​ណាមាន​សម្រាម​ច្រើន​ ដូច​ជា​នៅ​ទី​ប្រជុំ​ជន ទីក្រុង ឬ​ផ្សារ​ជា​ដើម គឺ​យើង​ចុះ​រើស​សម្រាម​នោះ​តែ​ម្តង ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​ទទួល​ខុស​ត្រូវ​នៃ​សម្រាម​ខ្លួន​ឯង​ និង​នៅ​ជុំវិញ​ខ្លួន កុំ​ឲ្យ​មាន​ភាព​រប៉ាត់​រប៉ាយ ប៉ះ​ពាល់​បរិស្ថាន។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​គំនិត​មួយ ទី​មួយ​ ពួក​គាត់​អាច​ខ្មាស​ពួក​យើង​ ទី​២​ពួក​គាត់​អាច​គិត​ថា ពួក​គេ​កំពុង​ធ្វើ​អី (អ្នក​ជិះ​កង់)។ ដូច្នេះ​ទើប​មាន​ពាក្យ​ថា “ជិះ​ផង រើស​ផង”​ ដើម្បី​ឲ្យ​ពួក​គាត់​ចាប់​ផ្តើម​ពី​ខ្លួន​ឯង ហើយ​ថ្ងៃ​នេះ ជា​កម្ម​វិធី​ធំ​ជាង​គេ​បំផុត ដែល​យើង​រៀប​ចំ​ឡើង​មាន​មនុស្ស​ ចូល​រួម​ប្រមាណ​២០​ទៅ​៣០​នាក់​ ហើយ​យើង​ជិះ​កង់​ឆ្ងាយ​មែន​ទែន ដោយ​មាន​ប្រវែង​ផ្លូវ ១៨០​គីឡូ​ម៉ែត្រ»។​ លោក ជី សិលា បាន​បន្ត​ថា យើង​សង្ឃឹម​ថា ពួក​យើង​អាច​អប់រំ​មនុស្ស នៅ​តាម​ដង​ផ្លូវ ឲ្យ​ពួក​គេ​ដឹង​ថា គួរ​ចូល​រួម​ក្នុង​កម្ម​វីធី​នេះ​ ហើយ​នៅ​ខែ​សីហា​ខាង​មុខ​នេះ យើង​ក៏​មាន​កម្ម​វិធី​មួយ​ទៀត គឺ​កម្ម​វិធី «រត់​ផង រើស​ផង» ដែល​ជា​សកម្ម​ភាព​កីឡា​ តែ​បាន​ជួយ​សម្អាត​ទី​ក្រុង​” ។

ដោយ​ឡែកលោ​ក ធុល រិទ្ធី ជា​អ្នកទំ​នាក់ទំនង​សម្រប​សម្រួល​ ក្នុង​ព្រឹត្តការណ៍ “ជិះ​ផង​រើស​ផង” នេះ​បាន​បញ្ជាក់​ថា​ កម្ម​វិធី​នេះ​ចង់​យក​ឱកាស ដើម្បី​ពន្យល់​ណែ​នាំ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ ឲ្យ​យល់​ពី​បញ្ហា​សម្រាម​ ដែលយើ​ង​ធ្វើ​ដំណើរ​ទៅ​កាន់​បី​ខេត្ត​ មាន​ តាកែ​វ កែប និង​កំពត។ ដែល​នេះជា​ជំហាន​ដំបូង​ដែល​យើង​បាន​សាក​ល្បង ហើយស​ង្ឃឹម​ថានឹ​ង​ទទួល​បាន​ជោគ​ជ័យ​ព្រោះ​ជន​បរទេស​ ក៏​អញ្ជើញ​ចូលរួម​ផង​ដែរ ។​

​គួរ​បញ្ជាក់ថា កម្ម​វិធី Let´s Do It មាន​ដើម​កំណើត​នៅ​ប្រទេស​អេស្តូ​នា ក្នុង​ឆ្នាំ២០០៨ ហើយ​បច្ចុប្បន្ន​មាន​ប្រទេសចំនួន​​៩១ កំពុងចូ​លរួ​ម ដើម្បី​ធ្វើ​សកម្ម​ភាព​នេះ​ពាស​ពេញ​ពិភព​លោក។ កម្ម​វីធី​រើស​សម្រាម​ អប់រំ​ពី​ការ​ចោល​សម្រាម​ និង​បណ្តុះ​ផ្នត់​គំនិត​កូន​ខ្មែរ​ឲ្យ​ចេះ​ស្រលាញ់​បរិស្ថាន​នេះ JCI ធ្លាប់​បាន​ធ្វើ​សកម្ម​ភាពជា​ច្រើន​លើក​មក​ហើយ​ ដោយ​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១១ ដែល JCI បាន​រៀប​ចំ​សហការ​ជាមួយ​ AIESEC ហើយ​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ជា ​៣​ពាន់​នាក់៕​

អត្ថបទដោយ ៖ សេង វីរះ

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative