ជម្ងឺរបេងស្រោមខួរ

របេង​ជាជម្ងឺ​ឆ្លងមួយ​ដែល​នៅ​តែបង្ក​បញ្ហា និង​គំរាមកំហែង​ដល់សុខភាព​សាធារណៈ​នៅ​កម្ពុជា។ កម្ពុជា​ត្រូវ​បាន​ចាត់​ចូលជា ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​បន្ទុក​ជម្ងឺរបេង​ខ្ពស់ទាំង​២២នៅ​លើពិភព​លោក។ ជម្ងឺរ​បេង​មាន​ពីរប្រភេទ គឺ​របេងសួត និងរបេង​ក្រៅសួត។ របេង​ស្រោម​ខួរ ឬ​របេង​ខួរ​ឆ្អឹងខ្នង​ជា​ប្រភេទ​ជម្ងឺ​មួយ​នៃ​ជម្ងឺ​របេង​ក្រៅសួត ជម្ងឺនេះ​បង្កផលវិបាក​យ៉ាងធ្ងន់​ធ្ងរ ដល់​អ្នកជម្ងឺ​ ប្រសិន​បើមាន​ការព្យាបាល​ពុំបាន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្វីទៅ​ជាជម្ងឺ​របេង​ស្រោមខួរ?

ជម្ងឺ​របេងស្រោមខួរ​ជាប្រភេទ​ជម្ងឺ​របេង​ក្រៅសួត​មួយ ដែល​កើត​នៅលើ​ស្រោមខួរ​ក្បាល ឬ​ស្រោម​ខួរឆ្អឹង​ខ្នង​របស់​មនុស្ស។ ក្រោយ​ពីបាន​ឆ្លងចូល​ក្នុងខ្លួន​មនុស្ស​តាមផ្លូវ​ដង្ហើម​ហើយ មេរោគ​របេង​អាចសាយ​ភាយ​តាម​ចរន្ដ​ទឹករងៃ និង​ចរន្ដ​ឈាមទៅ​ទំនៅ កន្លែង​ណាមួយ​នៃ​រាងកាយ ហើយ​អាចបង្ក​រោគនៅ​កន្លែងនោះ​បាន។ អាស្រ័យលើស​រីរាង្គ​ដែល​មេរោគ​របេង​បង្កជា​ជម្ងឺ គេចែក​ជម្ងឺនេះ ជាពីរ​ប្រភេទ​គឺ​ របេងសួត​ដែល​បង្ក​ឱ្យមាន​ដំបៅ​សាច់សួត និង​របេង​ក្រៅសួត​ដែល​អាច​កើតមាន​លើសរីរាង្គ​ណាមួយ​ក្រៅ​ពីសួត។ រោគ​សញ្ញា​របស់​វាមាន​លក្ខណៈ​ខុសប្លែក​គ្នាទៅតាម​សរីរាង្គ​ផ្សេងៗ​ដែល​ទទួលរង​នូវការ​ឈ្លានពាន​ពី​មេរោគ។

មូលហេតុ​បណ្ដាល​ឱ្យកើត​ជម្ងឺរបេង​ស្រោមខួរ

មិនខុស​ពីជម្ងឺ​របេង​ប្រភេទផ្សេងៗ​ទៀតនោះទេ​ របេង​ស្រោមខួរ​ក៏បណ្ដាល​មកពី​មេរោគ​របេងឈ្មោះ“មីកូបាក់​តេរីយ៉ូម ទុយ​ប៊ែ គុយ​ឡូស៊ីស” ឬ​“បាក់ស៊ីដឺកុក”។ ជម្ងឺ​របេង​ស្រោមខួរ​មិនអាច​ឆ្លងទៅ​អ្នកផ្សេង​បានទេ លុះត្រាតែ​អ្នក​ជម្ងឺ​មាន​ជម្ងឺរបេង​សួតរួម​ផ្សំជាមួយ​ផង​ ទើបអាច​ចម្លង​រោគទៅ​គេបាន។ កាលណា​មេរោគ​របេង​ឆ្លង​ចូលក្នុង​ខ្លួនមនុស្ស​តាមផ្លូវ​ដង្ហើម វាអាច​បង្ករោគ​នៅនឹង​សួត​ ឬក៏​សាយភាយ​តាមចរន្ដ​ឈាម​ទៅបង្ក​រោគ​នៅកន្លែង​ណាមួយ​នៃរាង​កាយ នៅ​ពេលដែល​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះខ្សោយ។ បើទោះ​ជា មាន​ការឆ្លង​មេរោគ​របេងចូល​ក្នុងខ្លួន​ក៏ដោយ មេរោគ​នេះមិន​ធ្វើឱ្យយើង​ឈឺ​បានទេ ប្រសិន​បើ​ប្រព័ន្ធ​ការពារ​ខ្លួន​របស់យើង​មាន​ភាព រឹងមាំ។ ការបង្ក​រោគ​អាចមាន​សភាព​ស្រាល ឬធ្ងន់​ធ្ងរ អាស្រ័យ​លើ​បរិមាណ​នៃមេរោគ​ដែលបាន​ឆ្លងចូល​ក្នុងខ្លួន និងស្ថាន​ភាពនៃ​សុខភាព​របស់​បុគ្គល​ម្នាក់ៗ។ ជាទូទៅ​ជម្ងឺ​របេង​ស្រោមខួរ​ភាគច្រើន​កើតលើ​កុមារ ជា​ពិសេស​កុមារ​តូចៗ​ដែល​សមត្ថភាព​នៃប្រព័ន្ធ ការពារ​រាងកាយ​របស់ពួក​គេ​នៅមិន​ទាន់​មាន​ភាពរឹងមាំ​នៅឡើយ។ មាន​កត្ដាមួយ​ចំនួន​ដែល​ធ្វើឱ្យ​រាងកាយ​មនុស្ស​ចុះខ្សោយ ហើយ ងាយ​នឹង​ទទួលរង​នូវការ​បង្ករោគ​ជាជម្ងឺ​របេង​ស្រោមខួរ ដូចជា​អ្នក​ដែលមាន​ជម្ងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ អ្នកផ្ទុក​មេរោគ​អេដស៍ ឬ​អ្នកមាន​ កង្វះ​អាហារ​រូបត្ថម្ភ។ល។

រោគសញ្ញា​ជម្ងឺ​របេង​ស្រោមខួរ

រោគសញ្ញា​ទូទៅ​នៃជម្ងឺ​របេង ដូច​ជា​ក្ដៅខ្លួន​ស្រៀវស្រាញ​នៅ​ពេលល្ងាច បែកញើស​នៅពេល​យប់ អស់​កម្លាំង មិនឃ្លាន​អាហារ ស្រក​ទម្ងន់​ជាដើម អាច​កើត​មាន​មុនពេល​ពេលដឹងថា​មានជម្ងឺ​របេង​ស្រោមខួរ។ ក្នុង​ករណីខ្លះ​ជម្ងឺនេះ​អាចចាប់​ផ្ដើម​ដំបូង​ដោយ​កើត នៅ​លើសួត ដែល​រោគសញ្ញា​របស់វា​អាចមាន​ក្អក ហត់ ឈឺទ្រូង ឬក្អកធ្លាក់​ឈាមផង បន្ថែម​ពីលើរោគ​សញ្ញាទូទៅ​ដែលបាន​លើក​ឡើង ខាង​លើ។ ជម្ងឺ​របេង​ស្រោមខួរ​ស្ដែងឡើង​ដោយលេច​ចេញជា​រោគសញ្ញា​សំខាន់ៗ ដូចជា​ក្ដៅខ្លួន ឈឺក្បាល រឹងក រឹងឆ្អឹងខ្នង ក្អួតចង្អោរ កន្ដ្រាក់ ឬប្រកាច់ ជួនកាល​រហូតដល់​សន្លប់ទៀត​ផង​ក៏មាន។

របៀប​ធ្វើរោគ​វិនិច្ឆ័យ​ជម្ងឺ​របេង​ស្រោមខួរ

មាន​វិធីចម្បង​ពីរយ៉ាង​ដើម្បី​ធ្វើរោគ​វិនិច្ឆ័យ​ជម្ងឺរបេង​ស្រោមខួរ។ វិធីទីមួយ​មានលក្ខណៈ​ងាយស្រួល និង​ចំណាយ​តិច ដែល​គេ តែងតែ​អនុវត្ដ​ជាប្រចាំ​នៅក្នុង​វេជ្ជសាស្ដ្រ គឺការ​បូមយក​ទឹកខួរឆ្អឹង​ខ្នង​ទៅ​ពិនិត្យ។ ចំណែក​ឯ​វិធីទី​ពីរ​មានការ​លំបាក​បន្ដិច ដោយ​ត្រូវ ការ​បច្ចេកវិជ្ជា​ខ្ពស់ និង​ចំណាយ​ធនធាន​ច្រើន​ទៀតផង គឺការ​ពិនិត្យ​រូបភាព​កាយ​វិភាគ​វិទ្យាលើ​ជាលិកា​ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ។ រូបភាព​វិទ្យុសាស្ដ្រ​ធម្មតា​ដោយ​ប្រើ​កាំរស្មី​អ៊ិច មិនអាច​យកមក​ធ្វើរោគ​វិនិច្ឆ័យ​ជម្ងឺរបេង​ស្រោមខួរ​បានឡើយ។ ចំពោះ​ការធ្វើ​តេស្ដ សើស្បែក​ដោយប្រើ​សារជាតិ​ភីភីឌី គ្រាន់​តែបញ្ជាក់​ពីការផ្ទុក​មេរោគ​របេង​ប៉ុណ្ណោះ ពោល​គឺគេ​មិនអាច​សន្និដ្ឋាន​ថាបុគ្គល​ណាម្នាក់​មាន ​ឬគ្មាន​ជម្ងឺ​របេង ដោយ​ផ្អែក​លើលិទ្ធ​ផល​នៃតេស្ដ​សើស្បែក​នេះទេ។

វិធី​ព្យាបាល​ជម្ងឺ​របេង​ស្រោមខួរ

ជាទូទៅ​ការ​ព្យាបាល​ជម្ងឺ​របេង​ដែល​មិនមាន​ភាពស៊ាំ​នឹងថ្នាំ ត្រូវ​ការ​រយៈពេល​ពី៦ទៅ​៨ខែ ហើយ​ប្រើឱសថ​ពី៤​ទៅ៥មុខ​លាយ បញ្ចូលគ្នា អាស្រ័យ​លើស្ថាន​ភាព​ជម្ងឺ​ដែលមាន​លក្ខណៈ​ខុសគ្នា​ដែរ។ ការព្យាបាល​ជម្ងឺ​របេង​ចាំបាច់​តម្រូវ​ឱ្យ​ធ្វើដូតស៍ ពោលគឺ​អ្នកជម្ងឺ ត្រូវ​លេបថ្នាំ​ក្រោមការ​ត្រួតពិនិត្យ​មើល​ផ្ទាល់​ដោយ​នរណា​ម្នាក់​ដែលបាន​ទទួលការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ។ ចំពោះ​ជម្ងឺ​របេង​ស្រោម ខួរវិញ​ក៏​ត្រូវ​ព្យាបាល​ដោយវិធី​សាស្ដ្រ​ដូតស៍​ដូច​ជម្ងឺរបេង​ផ្សេងទៀត​ដែរ។ ដោយសារ​តែជម្ងឺ​របេងស្រោម​ខួរ​ជាជម្ងឺ​មួយ​ដែលមាន លក្ខណៈ​ធ្ងន់ធ្ងរ​នោះ ការ​ព្យាបាល​ត្រូវប្រើ​ថ្នាំ​ដល់​ទៅ៥មុខ​នៅក្នុង​វគ្គដំបូង ពោល​គឺត្រូវ​ប្រើថ្នាំ​ចាក់​ប្រភេទ​ស្ដ្រិបតូមីស៊ីន​ផង។
ប្រការ​គួរប្រតិបត្ដិ​ពេលកំពុង​ព្យាបាល​ជម្ងឺរបេង​ស្រោមខួរ
ដោយការ​ព្យាបាល​ជម្ងឺ​នេះមានរយៈ​ពេលយូរ និង​ប្រើថ្នាំ​ច្រើន​មុខ​ទៀតដែល​អាចមាន​ការធ្វើទុក្ខ​ខ្លះដោយ​សារ​ផលរំខាន​នៃថ្នាំ។ ដូច្នេះ​ការតាមដាន​ និង​លើកទឹកចិត្ដ​ជាកត្ដា​សំខាន់​បំផុត​ដើម្បី​ជួយឱ្យអ្នក​ជម្ងឺ​ទទួល​ការព្យាបាល​រហូតដល់​ចប់ចុង​ចប់ដើម។ ការ​ព្យាបាល​ត្រូវតែ​មាន​លក្ខណៈ​ទៀងទាត់​ ដោយ​ឱ្យអ្នក​ជម្ងឺ​លេបថ្នាំ​រៀងរាល់​ថ្ងៃ​មិនឱ្យ​អាក់ខាន ឬ​បោះបង់​ការព្យាបាល​​កណ្ដាល​ទីនោះ ទេ ព្រោះ​ការព្យាបាល​មិនត្រឹម​ត្រូវ​ជាមូល​ហេតុ​នាំឱ្យ​មេរោគ​របេង​ស៊ាំនឹងថ្នាំ។ បើកាល​ណា​មេរោគ​របេង​ស៊ាំនឹង​ថ្នាំ​ហើយ គឺមាន​ការលំបាក​ខ្លាំងណាស់​ ទាំងអ្នក​ជម្ងឺ​ និង​សង្គម​ជាតិ។ បើកើត​ជម្ងឺ​របេងស៊ាំ​នឹងថ្នាំ​ត្រូវព្យាបាល​រហូតដល់​២ទៅ៣ឆ្នាំ ហើយ​អត្រា​ជាសះស្បើយ​ទាប​ណាស់។

វិធី​បង្ការ​ជម្ងឺរបេង​ស្រោមខួរ

វិធីការពារ​ដែលល្អ​បំផុត​គឺធ្វើយ៉ាង​ណាកុំឱ្យ​មេរោគ​របេងឆ្លង​ចូលក្នុង​ខ្លួន។ ធ្វើយ៉ាង​ដូច្នេះបាន​លុះត្រា​តែយើង​លុប​បំបាត់​ប្រភព ចម្លង​រោគ ពោល​គឺស្រាវជ្រាវ​រកអ្នក​ជម្ងឺរបេង និង​ព្យាបាល​ឱ្យជា​សះស្បើយ។ តែពេល​ខ្លះយើង​មិនបាន​ដឹងទេ​ថា អ្នកណា​មាន ជម្ងឺ​របេង​ឬក៏អត់។ ការ​ចម្លងរោគ​នេះធ្វើ​ទៅបាន​លុះត្រា​តែអ្នកជម្ងឺ​មានដំបៅ​របេង​ក្នុងសួត និង​ក្អក​កណ្ដាស់​ទៀតផង។ ដើម្បី​ការពារ កុំឱ្យ​ឆ្លង​មេរោគ​របេង គេត្រូវ​ឱ្យអ្នក​ជម្ងឺ​របេង​សួតពាក់​ម៉ាស ឬយក​កន្សែង​ឬក្រមា​ខ្ទប់មាត់​នៅពេល​និយាយស្ដី ឬក្អក​កណ្ដាស់។ ក្នុងករណី​ដែលអ្នក​ណាម្នាក់​មានជម្ងឺ​របេង​ស្រោមខួរ​តែមួយ​មុខ អ្នកនោះ​ឯងមិន​ចម្លង​មេរោគ​របេង​ទៅអ្នក​ផ្សេង​បាន​ឡើយ។ ត្រូវដាក់​កុមារ​តូចៗ​ឱ្យនៅឆ្ងាយ​ពីអ្នក​ជម្ងឺ​របេង ដើម្បី​ការពារ​ការចម្លង​ដល់កុមារ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ។

ផល​វិបាក​របស់ជម្ងឺ​របេង​ស្រោមខួរ

មិនខុស​ពីជម្ងឺ​រ៉ាំរ៉ៃ​ដទៃ​ទៀត​ឡើយ ជម្ងឺ​របេង​ស្រោមខួរ​អាច​បង្ក​ការ​លំបាក​ចំពោះ​អ្នក​ជម្ងឺខ្លួនឯង ចំពោះ​គ្រួសារ និង​សង្គម​ជាតិ ផង​ដែរ។ ជម្ងឺរបេង​ស្រោមខួរ​អាចជា​សះស្បើយ​ដោយមិន​មានកាក​សំណល់ បើសិន​ជាទទួល​ការព្យា​បាល​ត្រឹមត្រូវ​ទាន់​ពេលវេលា។ ទន្ទឹម​នឹងនោះ​ជម្ងឺនេះ​ក៏អាច​បន្សល់​ទុក​នូវផលវិបាក​មួយចំនួន​ក្នុងរយៈពេល​វែង​រហូត​ដល់មួយ​ជីវិត​ផង។ បញ្ហា​ដែលគួរ​ឱ្យបារម្ភ​ខ្លាំង ជាងគេ​គឺជាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ដែលអាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មាន​វិបត្ដិ សតិបញ្ញា និង​វិបត្ដិ​ប្រព័ន្ធ​ចលនា។ បញ្ហា​ទាំងនេះ​ច្រើន តែ​បន្សល់​ទុក ជា​ពិសេស​ចំពោះ​កុមារ​ដែលធ្វើ​ឱ្យកុមារ​បាត់បង់​ភាព​ឆ្លាតវៃ មិន​គ្រប់​លក្ខណៈ និង​មានការ​កន្ដ្រាក់​ប្រកាច់​ជាដើម។
ដំបូន្មាន​អ្នកប្រឹក្សា
សេវា​ពិនិត្យ​ស្រាវជ្រាវ និង​ព្យាបាល​ជម្ងឺ​របេង​គឺមិន​បង់​ប្រាក់ទេ ហើយ​សេវា​នេះមាន​នៅគ្រប់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទាំងអស់​នៅទូទាំង​ប្រទេស​កម្ពុជា។ ប្រសិន​បើលោក​អ្នក ឬកូន​ចៅ​លោកអ្នក​មាន​រោគសញ្ញា​សង្ស័យ​​ត្រូវ​ប្រញាប់​រួសរាន់​ទៅពិគ្រោះ ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ទាន់ពេល​វេលា។ សូមមេត្ដា​ពិនិត្យ​តាមដាន​សុខភាព​កូនចៅ​តូចៗ​របស់​លោក​អ្នក​ផង បើពួក​គេមាន​ក្ដៅខ្លួន រឹងក រឹងឆ្អឹងខ្នង ក្អួតចង្អោរ ឬប្រកាច់ ត្រូវប្រញាប់​យកកូន​ចៅទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​កុំឱ្យ​យឺតពេល ព្រោះ​ពួក គេអាច​មាន​ជម្ងឺ​របេង​ស្រោមខួរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative