សម្ពោធគំរោង « Vital​ goGreen»​ ចូលរួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទីក

នៅសណ្ឋាគារអាំងទ័រកុង​ទីណុង​តាល់ កាល​ពីថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥ ក្រុម​ហ៊ុន​ NVC​ corporation Vital​ បាន​ប្រារព្វ​ពិធី​បើក​សម្ពោធ​គំរោង​ថ្មី មួយ​ទៀត​គឺ « Vital ​goGreen» ក្នុង​គោល​បំណងចូលរួម​កែ​លម្អ​បរិស្ថាន​ អោយ​កាន់​តែ​ប្រសើរ តាម​រយ:​ការ​កាត់​​បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទីក ។    ពិធី​សម្ពោធ​គំរោង​នេះ​ បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតី​ភាព​លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន NVC ​corporation ​Vital និង​លោកស្រី ជឹង សុគន្ធាវី នាយិកា​ប្រតិ​បតិ្ត ក្រុមហ៊ុន​ NVC corporation​ Vital ព្រមទាំង​បុគ្គលិក​ក្រុម​ហ៊ុន​ជាច្រើន​ទៀត។

2លោកស្រី ជឹង សុគន្ធាវី មាន​មាន​ប្រសាសន៍​ថា​ «ថ្ងៃនេះ​ ក្រុមហ៊ុន​ NVC​ corporation​ Vital​ មានកិត្តិ​យស​ធ្វើការ​រៀបចំ​កម្មវិធី​មួយដែល​មាន​ឈ្មោះ​ថា​​ “Vital ​go Green” ​ក្នុងគោល​បំណង​ចូលរួម​កែលម្អ​បរិស្ថាន អោយកាន់​តែ​ប្រសើរ​ តាម​រយ:​​ការ​កាត់​បន្ថយ​​ការ​ប្រើប្រាស់​​ប្លា​ស្ទីក» ។

លោកស្រីបាន​បន្តថា​ «បើ​យើង​ស្តាប់មួយ​ភ្លែត ​និង​យោងទៅ​លើផលិត​ផល​របស់​យើង​បច្ចុប្បន្ន ​យើង​ប្រហែល​ជាគិត​ថា មិនអាច​ធ្វើទៅ​បានទេ។​  ប៉ុន្តែ​គ្រប់​យ៉ាង​គ្រប់​រឿងរ៉ាវ​ទាំងអស់ បើយើង​តាំងចិត្ត​ថានឹងធ្វើ​ហើយយើង​រួមគ្នា​គិត រួមគ្នា​ធ្វើ​ នឹង​តែង តែទទួល​បានផល​នោះជានិច្ច ទោះតិច​ឬច្រើនក្តី» ។

លោកស្រីបានបន្ថែម​ថាគំរោង​ “Vital go Green”  គឺមាន​គោល​បំណង​ចម្បងតែ​មួយគត់​គឺ ការកាត់​បន្ថយ​ការប្រើ​ប្រាស់ ប្លាស្ទីក​ ដើម្បី​បរិស្ថាន​កាន់តែ​ប្រសើរ  ព្រោះ​យើងបាន​ដឹងហើយ​ថាកាក​សំណល់​ប្លាស្ទីកត្រូវការ​រយ:​ពេលរាប់​រយច្រើន​ឆ្នាំ​ដើម្បី​រលាយ​​​ ​ដូច្នេះ​កាក​សំណល់​ប្លាស្ទីក ដែលឋិត​នៅក្នុង​បរិយា​កាសជុំវិញ​ខ្លួនយើង​សព្វថ្ងៃ​នេះ គឺផ្តល់​នូវគុណ​វិបត្ត​យ៉ាងច្រើន​ដល់​ការ​រស់​ នៅរបស់​ប្រជាជន និង​សង្គម​ទាំងមូល ។​  ដូច្នេះ ជំហ៊ាន​ដំបូង​របស់​វីតាល់ គឺឈប់​ប្រើប្រាស់​ប្លាស្ទីក ដែល​ស្រោប​ពីលើ​គម្រប​ដប ចាប់​ពីពេល​នេះតទៅ ។ ហើយ​យើងនឹង​បន្តស្វែង​រកការ​កាត់បន្ថយ​នេះបន្ត​ទៅទៀត​អោយ​​បាន​​ច្រើន​តាម​​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ។

យ៉ាងណាក៏​ដោយលោក​ស្រីនាយិកា​ប្រតិ​បតិ្ត ក្រុមហ៊ុន បាន​បញ្ជាក់​ថា «ទង្វើនេះ​គឺមិន​ប៉ះ​ពាល់​ដល់​​គុណ​​ភាព​របស់ទឹក​ពិសា​វីតាល់​ទេ ផ្ទុយមក​វិញ គឺបានឆ្លុះ​បញ្ចាំង​អោយឃើញ​ថា វីតាល់​ជា​ក្រុម​ហ៊ុន​​ទី​មួយ ដែល​បាន​យកចិត្ត​ទុកដាក់​លើបរិស្ថាន​។នាង​ខ្ញុំក៏សង្ឃឹម​ដែរថា យើងគ្រប់​គ្នា រួមទាំង​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ​នឹងរួមគ្នា​ធ្វើអោយ​បរិស្ថាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​កាន់​តែល្អ​ប្រសើរ ជាពិសេស​គឺតាមរយ:​ការកាត់​បន្ថយការ​ប្រើប្រាស់​ប្លាស្ទីកនេះ »។

លោកស្រីបានរំលឹកថា​ទឹកពិសា វីតាល់ បានចាប់​ផ្តើម​បដិសន្ធិ​ជាផ្លូវ​ការ នៅថ្ងៃទី ៧ ខែ​មករា ឆ្នាំ​២០១០​ បាន​ប្រសូត្រ​ឡើង​ពី​ស្នាដៃ​កូនខ្មែរ​ពិតៗ​១០០% ហើយរហូត​មកដល់​ពេលនេះ​វីតាល់​មាន​អាយុ​កាលទើប​តែជិត៦​ឆ្នាំប៉ុណ្ណោះ ។  ដោយ​ពេលនោះ​មានបុគ្គិលិក​សរុប​ប្រហាក់​ប្រហែល ១០០​នាក់​​ប៉ុណ្ណោះ​ហើយ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​យើងមាន បុគ្គលិក​សរុប​ចំនួន​ជាង ៥០០​​នាក់​ហើយ ។  លើសពីនេះ​ទៅទៀត វីតាល់​ក៏បាន​ទទួល​វិញ្ញាបន​ប័ត្រ​ ISO ចំនួន៤ ចាប់តាំង​ពីឆ្នាំ​២០១១​ មករួម​មាន​វិញ្ញា​បនបត្រ​បញ្ញាក់​ពីប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ ប្រព័ន្ធ​អនុវត្ត​ផលិត​ក​ម្ម​ល្អ ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ​ ព្រមទាំង​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ផង​ដែរ។  លោកបាន​ថ្ងែងអំណរ​គុណ​ចំពោះ​ថ្នាក់ដឹក​នាំ និងបុគ្គលិក ក្រុមហ៊ុន​ទាំងអស់ ដែលបាន​ខិតខំ​ប្រឹង​ប្រែង​ រហូត​ទទួល​បាន​លទ្ធផល​មួយគួរ​ជាទីមោទនៈ។

វីតាល់ មិនត្រឹមតែជារោងចក្រផលិត និងចែក​ចាយ​ផលិត​ផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែវីតាល់​ ក៏បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការងារ​សង្គមផងដែរ។  ដោយយោង​លើវប្បធ៌ម​នៃការចែ​រំលែក វីតាល់ បានបង្កើត​មូលនិធិ​របស់ខ្លួន​ចាប់តាំង​ពីថ្ងៃកកើត​ដំបូង​ដែល​មាន​ឈ្មោះថា  “មូលនិធិ​២៥៛ របស់​វីតាល់”។   មូលនិធិ​នេះគឺបាន​មកដោយសារ​ការចែក​រំលែ​កថវិកា​២៥៛ ក្នុង​ ១ដប​ដែល​យើង​លក់បាន ដើម្បី​បរិច្ចាក​ទៅកាន់​ការងារ​សង្គម​ និងការងារ​មនុស្សធ៌ម​ផ្សេងៗ ។ និយាយ​រូម មូល​និធិ២៥៛​នេះ​ គឺជា​មូល​និធិ​របស់​អតិថិជន​វីតាល់ទាំង​អស់គ្នា ។

លោកស្រីបានបន្ថែមឲ្យដឹង​ទៀតថា ក្រៅពីការ​ចូលរួម​នៅក្នុង​សកម្ម​ភាព​សប្បុរស​ធ៌ម​ដូចបាន​រៀបរាប់​ខាងលើ​ វីតាល់​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួនត្រឹម​ហ្នឹងទេ យើងតែងតែរិះ​រកគិតគូរ​ធ្វើអ្វី​ផ្សេងៗទៀត ដើម្បី​ជាប្រយោជន៏​ដល់សង្គម។ ជា​ពិសេស​​ សំរាប់​ថ្ងៃ​នេះយើង បានចាប់​ផ្តើមយុទ្ធនា​ការ​មួយដែល​មានឈ្មោះ​ថា “Vital go Green”។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោត​សរសើរ និង​សូមគាំទ្រ ដល់​ក្រុមហ៊ុន​ទឹកពិសារ​វីតាល់​ ដែលបាន​មាន​គំនិត​ផ្តួចផ្តើម​ឲ្យមាន​គំរោង​នេះឡើង ហើយក៏ជា​ក្រុមហ៊ុន​ដំបូង​គេនៅក្នុង​ប្រទេស​កម្ពុជា​ ដែលមាន​គំនិត​ផ្តួច​ផ្តើម​នៃ​ការ​កាត់​បន្ថយ​ប្រើប្រាស់​ប្លាស្ទិក​នេះ។  លោករដ្ឋ​មន្ត្រីបាន​បន្តថា «ខ្ញុំចង់ឃើញ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​ដ៏ទៃទៀត​ យកក្រុម​ហ៊ុន​វីតាល់​ ធ្វើជាគំរូ ដើម្បី​ចូលរួម​កសាង​សង្គម​យើងថ្មីមួយ »។

លោក សាយ សំអាល់ បានលើ​កឡើងទៀត​ថា​ក្នុងការ​លើកទឹក​ចិត្ត និងចូលរួម​ ឲ្យមាន​សកម្មភាព​នេះ​កាន់តែ​ខ្លាំងក្លា​ទៀត​នោះ​ទៅថ្ងៃ​ខាងមុខ ក្រសួង​មានគំរោង នឹងរៀបចំ​ឲ្យមានជា​អនុក្រិត្រ​មួយ ដាក់ជួន​ទៅរាជ​រដ្ឋា​ភិបាល​ ដោយ​ស្នើសុំ​កាត់​បន្ថយ​ពន្ធអាករ​ចំពោះ​ក្រុមហ៊ុន​ណា ដែលបាន​ជួយក្នុង​ការងារ​សង្គម និង​បរិស្ថាន ដូចជា​ក្រុមហ៊ុន​វីតាល់​ជាដើម​ និង​ជួយ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាពល​រដ្ឋ ជួយទិញ​នូវផលិត​ផល​ក្រុមហ៊ុន​នោះទៀត​ផង។

លោករដ្ឋមន្ត្រី បានអំពាវនាវ​ដល់បណ្តា​​ក្រុមហ៊ុន​ផ្សេងៗទៀត យកតំរាម​តាមក្រុម​ហ៊ុនវីតាល់​ ដើម្បី​ចូលរួម​កសាង​សង្គមជាតិ​យើងតាមរយៈ​ការកាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទីក​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative